Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រាប់ថៃឱ្យគោរពនូវសំដីរបស់ខ្លួនចំពោះបទឈប់បាញ់

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងការបរទេសលោក ជុំ សុន្ទរី បាន​ប្រាប់​ទៅ​ប្រទេស​ថៃ​ឱ្យ​គោរព​នូវការ​សន្យារបស់​ខ្លួន​ចំពោះបទ​ឈប់​បាញ់ ត្រូវ​បញ្ឈប់ការ​បង្ករឿង​ផ្នែក​យោធា និងសកម្មភាព​ឯកតោភាគី​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្ដិសុខធ្វើឱ្យស្ថានភាព​តានតឹង​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​សន្នីសិទសារព័ត៌មានព្រឹកថ្ងៃទី​៥ ខែ​សីហា ឆ្នាំ២០២៥​នេះ លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​គោរព​នូវ​ច្បាប់ និង​បទដ្ឋាន​ច្បាប់​អន្តរជាតិ និង​បំពេញ​បាន​យ៉ាង​ពេញ​លេញ​ចំពោះ​បទ​ឈប់​បាញ់ ដែល​ខុស​ពី​ថៃ​ដែល​បង្ក​រឿង​ផ្នែក​យោធា​ជា​បន្តបន្ទាប់មកលើកម្ពុជា​ក្រោយ​បទ​ឈប់​បាញ់​។

លោក​បន្ថែម​ថា៖ «សូម​ធ្វើ​ឱ្យ​មាន​ភាព​ស៊ីគ្នារវាង​ការ​ប្រកាស​ជា​សាធារណៈនៃ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ចំពោះ​សន្ដិភាពជាមួយ​នឹង​សកម្មភាព​ជាក់​ស្ដែង​តាមរយៈការ​អនុវត្តដោយ​សុទ្ធចិត្តនៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា។ សូម​ឱ្យ​ជៀសវាង​នូវ​ការ​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​ថែម​ទៀត​ ហើយ​នឹង​ការ​ផ្សាយព័ត៌មាន​មិន​ពិត​ដែល​គំរាម​កំហែង​ដល់​សន្ដិសុខដ៏ផុយស្រួល​ហើយ​នឹង​ស្ថេរភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ»។

ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​គឺ​បន្ទាប់ពី​ថៃ​បាន​ព្យាយាម​បង្ករឿង​ជា​បន្តបន្ទាប់​តាម​ខ្សែ​បន្ទាត់ព្រំដែនបន្ទាប់ពី​មាន​បទ​ឈប់​បាញ់​។ ព្រឹត្តិការណ៍​ចុង​ក្រោយ​គឺ​ការ​ចូល​មក​រាយ​បន្លាលួស​នៅច្រក​ព្រំដែន​អាន​សេះ​ ក្នុងខេត្តព្រះវិហារ ទឹក​ដី​កម្ពុជា​កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២៥ ដែល​ជា​សកម្មភាព​បំពាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ​។

នៅ​មិន​ទាន់​មាន​ព័ត៌មានបន្ថែម​យ៉ាង​ណា​ទេ​ចំពោះស្ថានភាព​ច្រក​អាន​សេះ ដោយ​អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​លោកស្រី ម៉ាលី សុជាតា ថា​នឹង​ធ្វើ​ការ​ផ្ដល់​ព័ត៌មាននៅក្នុង​សន្នីសិទសារព័ត៌មាន​ពេល​ក្រោយ​។

ជម្លោះប្រដាប់​អាយុរយៈពេល៥ថ្ងៃ​រវាង​កម្ពុជា​និង​ថៃ​បណ្ដាល​ឱ្យ​មាន​ទាហាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ដែល​ផ្ដើម​ចេញពី​ការ​ឈ្លានពាន​របស់​ថៃ​នៅ​ប្រាសាទតាមាន់​ធំដោយ​បានរាយបន្លាលួស និង​បាញ់​ប្រហារ​មក​លើ​ទាហាន​ខ្មែរមុន។ ជម្លោះ​នេះបាន​ឈាន​ដល់​បទ​ឈប់​បាញ់​មួយនៅ​ថ្ងៃទី​២៨ បន្ទាប់​ពី​មាន​ការ​ជួប​គ្នា​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា និង​នាយករដ្ឋមន្ត្រីស្ដីទី​ថៃ​ ក្រោម​​ការ​សម្របសម្រួលដោយ​​ម៉ាឡេស៊ី ដោយ​ផ្ដួច​ផ្ដើម​គំនិត​ដោយ​សហរដ្ឋ​អាមេរិក និងតាមដាន​ដោយ​ប្រទេស​ចិន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម