Connect with us

កីឡា

គ្រូ​ខ្មែរ ៣ រូប ប្រជែង​គ្រូ​បរទេស ៨ រូប ក្នុង​លីគ​កម្ពុជា ចាប់ផ្តើមចុងសប្តាហ៍នេះ

បានផុស

នៅ

លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦ នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​នៅ​ថ្ងៃ​សៅរ៍ ទី៩ ខែ​សីហា ឆ្នាំ ២០២៥ ដោយ​មាន​ក្លិប​ចំនួន ១១ ត្រូវ​ប្រកួត​ប្រជែង​។

រដូវ​កាល​ថ្មី​នេះត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រកួត​ដែល​មាន​ការ​ប្រកួត​ប្រជែង​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន បន្ទាប់​ពី​ក្លិប​ជា​ច្រើន​បាន​​រៀបចំ​ក្រុម​​​យ៉ាង​ខ្លាំង​បំផុត​គឺ​ការ​បញ្ចេញ​កីឡាករ និង​នាំ​ចូល​កីឡាករ​ថ្មី។ ក្នុង​នោះ​ក្រុម​ការងារ​គ្រូ​បង្វឹក​ក៏​កាន់​តែ​ឈាន​ដល់​កម្រិតស្តង់ដា។

ក្លិប​ទាំង ១១ នាក់​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ជន​ជាតិ​ខ្មែរ ៣ រូប និង​ជន​ជាតិ​បរទេស ៨ រូប​ដែល​ត្រូវ​ប្រជែង​គ្នា។ លោក Mattew McConkey គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្មេង​ជាង​គេ និង លោក Satyasagara គ្រូ​បង្វឹក​គិរីវង់សុខសែន​ជ័យ​អាយុ​ច្រើន​ជាង។

  • លោក ទុំ សារ៉ាយ / អាយអេសអាយ ដង្កោសែន​ជ័យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុំ សារ៉ាយ ជន​ជាតិ​ខ្មែរ អាយុ ៣៣ ឆ្នាំ បាន​ដឹក​នាំ អាយអេសអាយ ដង្កោសែន​ជ័យ កាល​ពី​ពាក់​កណ្តាល​រដូវ​កាល​មុន (២០២៤-២៥)។ លោក​ធ្លាប់​ដឹក​នាំ​ក្រុមអគ្គិសនីកម្ពុជា និង​ក្រុម​យុវជន​អាយអេសអាយ ដង្កោសែន​ជ័យ ពី​ឆ្នាំ ២០២២ ដល់ ២០២៣។

  • លោក ឃីម បូរី / ណាហ្គាវើលដ៍

លោក ឃីម បូរី ជន​ជាតិ​ខ្មែរ​ អាយុ ៣៥ ឆ្នាំ បាន​ដឹក​នាំ​ណាហ្គាវើលដ៍ កាល​ពី​ឆ្នាំ ២០២២។ ណាហ្គាវើលដ៍​ជា​ក្លិប​ទី១​សម្រាប់​លោក​ក្នុង​នាម​ជា​គ្រូ​បង្វឹក បន្ទាប់​ពី​មាន​បទ​ពិសោធ​ច្រើន​ក្នុង​អាជីព​ជា​កីឡាករ។

  • លោក ភា សុភក្ត្រា / កង​យោធពល​ខេមរភូមិន្ទ

លោក ភា សុភក្ត្រា ជន​ជាតិ​ខ្មែរ អាយុ ៤៣ ឆ្នាំ ធ្លាប់​បាន​ដឹក​នាំ​ក្រុម កង​យោធពល​ខេមរភូមិន្ទ​ជា​ច្រើនលើក និង​ធ្លាប់​ដឹក​នាំ​ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ។

  • លោក Sotaro Yasunaga / អង្គរថាយហ្គឺរ

លោក Sotaro Yasunaga ជន​ជាតិ​ជប៉ុន អាយុ ៤៩ ឆ្នាំ ចូល​មក​ដឹក​នាំ អង្គរថាយហ្គឺរ នៅ​ឆ្នាំ ២០២៥ បន្ទាប់​ពី​លោក​ដឹក​នាំ​ក្រុម SC Sagamihara ក្នុង​លីគ​ជប៉ុន​លំដាប់​ទី​៣។

  • លោក Conor Nestor / បឹងកេត

លោក Conor Nestor ជន​ជាតិ​អៀរឡង់ អាយុ ៤១ ឆ្នាំ ចូល​ដឹក​នាំ​ បឹងកេត តាំង​ពី​ពាក់​កណ្តាល​រដូវ​កាល​មុន។ លោក​ធ្លាប់​ដឹក​នាំ ព្រះ​ខ័ន​រាជ​ស្វាយរៀងពី​ឆ្នាំ ២០១៨ ដល់ ២០២៣។

  • លោក Satyasagara / គិរីវង់សុខសែន​ជ័យ

លោក Satyasagara ជន​ជាតិ​សិង្ហបុរី អាយុ ៦១ ឆ្នាំ ​បាន​ចូល​មក​ដឹកនាំ គិរីវង់សុខសែន​ជ័យ នៅ​ឆ្នាំ ២០២៥​។ លោក​មាន​បទ​ពិសោធ​ច្រើន​ដឹក​នាំ​ក្រុម​ដូច​ជា Houngang United, Chennai City និង Young Elephants ព្រម​ទាំង​ក្រុម​នារី​សិង្ហបុរី ពី​ឆ្នាំ ២០១៥ ដល់ ២០២៣។

  • លោក Heo Jae-won / ឡាយហ្វ ខេត្ត​ព្រះ​សីហនុ

លោក Heo Jae-won ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ អាយុ ៤១ ឆ្នាំ ចូល​មក​ដឹក​នាំ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ នៅ​ឆ្នាំ ២០២៥។ លោកជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កូរ៉េកម្រិត​ U20 និង U23 ហើយក្លិប​នៅ​កម្ពុជា​គឺ​​ជា​លើក​ដំបូង​ដែល​បាន​ក្លាយ​ជា​គ្រូ​បង្វឹក។

  • លោកគ្រូ​ Alex​ Dorado / អឹមអូអាយ កំពង់ដេវ៉ា

លោកគ្រូ​ Alex​ Dorado សញ្ជាតិ​អេស្ប៉ាញ​ អាយុ ៤០ ឆ្នាំ​ បាន​ក្លាយ​ជា​គ្រូ​បង្វឹក អឹមអូអាយ​ កំពង់ដេវ៉ា នៅ​ឆ្នាំ ២០២៥។ លោក​ធ្លាប់​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ថ្នាល​យុវជន Real Madrid ពី​ឆ្នាំ ២០១២-១៨។

  • លោក Oleg Starynskyi / ភ្នំពេញ​ក្រោន

លោក Oleg Starynskyi ជន​ជាតិអ៊ុយក្រែន អាយុ ៣៩ ឆ្នាំ បាន​ដឹក​នាំ​ភ្នំពេញ​ក្រោន ទាំង​កម្រិត U19 នៅ​ឆ្នាំ ២០១៦ ដឹក​នាំ​ក្រុម​ធំ​​លើក​ទី​១ ចន្លោះ​ឆ្នាំ ២០១៦-១៧ និង​ដឹក​នាំ​លើក​ទី​២ តាំង​ពី​ឆ្នាំ ២០២០។ លោក​ជា​គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​លីគ​កំពូល​កម្ពុជា។

  • លោក Gerard Jones / វិសាខា

លោក Gerard Jones ជន​ជាតិ​អង់គ្លេស អាយុ ៣៦​ឆ្នាំ បាន​ចូល​មក​ដឹក​នាំ​​ វិសាខា នៅ​ឆ្នាំ ២០២៥។ លោក​​មាន​បទ​ពិសោធ​ច្រើន​ទាំង​គ្រូ​បង្វឹក និង​គ្រូ​បង្រៀន​ជំនាញ​គ្រូ​បង្វឹក​​បាល់ទាត់​​ពី​ឆ្នាំ ២០១០ រហូត​ដល់ ២០២៥។

  • លោក Mattew McConkey / ព្រះ​ខ័ន​រាជ​ស្វាយរៀង

លោក Mattew McConkey ជន​ជាតិ​អៀរឡង់ អាយុ ៣២ ឆ្នាំ បាន​ក្លាយ​ជា​គ្រូ​បង្គោលក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ ២០២៥ បន្ទាប់​ពី​ធ្វើ​ការ​នៅ​ក្លិប​ជើង​ឯក​លីគ​កម្ពុជា​មួយ​នេះ​ក្នុង​នាម​ជា​គ្រូ​ជំនួយ​អស់​រយៈ​ពេល​ ៤ រដូវ​កាល​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម