Connect with us

ព័ត៌មានជាតិ

មុនកិច្ចប្រជុំ GBC នារសៀលនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ បានចូលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

បានផុស

នៅ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះ គណៈប្រតិភូយោធាជាន់ខ្ពស់នៃក្រសួង​ការពារ​ជាតិ​កម្ពុជា និងថៃ បានចូលជួបសម្តែងការគួរសមជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មុន​នឹងចូលរួម​​កិច្ចប្រជុំ GBC ដែលចាប់ផ្ដើមនា​រសៀល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា កិច្ចប្រជុំជាវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) នឹងប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍នេះ ដែលភាគីកម្ពុជា ដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា និងភាគីថៃ ដឹកនាំដោយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានិច ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

លោកស្រីអ្នកនាំពាក្យ បានប្រាប់ឱ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំជាវិសាមញ្ញ GBC នេះ ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន រួមទាំងមានតំណាងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ។

មុនឈានដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ដែលធ្វើឡើងនៅថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) បានជួបប្រជុំគ្នាតាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ដែលកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន រយៈពេល៣ថ្ងៃកន្លងមកនេះ បើតាមការគូសបញ្ជាក់ដោយលោកស្រី ម៉ាលី សុជាតា គឺភាគីទាំងពីរបានផ្លាស់ប្ដូរចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន និងយោគបល់គ្នាទៅវិញទៅមក។

លោកស្រី គូសបញ្ជាក់ថា ធាតុចូលជាច្រើនរបស់កម្ពុជា ត្រូវបានភាគីថៃយល់ស្រប និងទទួលយក ខណៈមានចំណុចល្អខ្លះរបស់ភាគីថៃក៏កម្ពុជាទទួលយកបានដូចគ្នា ដែលផ្អែកលើលទ្ធផលទាំងនេះត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរបន្ថែមទៀតពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសពីរ សំដៅឆ្ពោះទៅការស្តារត្រឡប់មកវិញនូវសុខសន្តិភាព៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម