Connect with us

ព័ត៌មានអន្ដរជាតិ

អនុ​ប្រធាន IAEA នឹងធ្វើទស្សនកិច្ចនៅទីក្រុង​តេហេរ៉ង់ ចំពេលកិច្ច​ចរចានុយក្លេអ៊ែរជាប់គាំង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសកាលពីថ្ងៃអាទិត្យ​ទី​១០​ខែ​សីហា​ឆ្នាំ​២០២៥​ថា អនុ​ប្រធាន​ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ក្នុងសប្តាហ៍នេះ ដែលជាការកត់សម្គាល់ពីការចូលរួមកម្រិតខ្ពស់លើកដំបូង ចាប់តាំងពីអ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរកាលពីខែមុន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង​ក្រោយ​ការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅពាក់កណ្តាលខែមិថុនា ដែលបានជំរុញ​ឲ្យ​ទីក្រុងតេហេរ៉ង់បញ្ឈប់ការត្រួតពិនិត្យរបស់ IAEA។ កងកម្លាំងអាមេរិក ក៏បានចូលរួមនៅក្នុងការវាយប្រហារលើទីតាំងនៅ Fordo, Isfahan និង Natanz ផងដែរ ដែលធ្វើឲ្យអរិភាពកាន់តែខ្លាំងឡើង។

លោក Araghchi បានសង្កត់ធ្ងន់ថា គ្មានការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរនឹងកើតឡើងក្នុងអំឡុងពេលទស្សនកិច្ចនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «កិច្ចពិភាក្សារបស់យើងជាមួយទីភ្នាក់ងារ នឹងផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយ។ ទាល់តែយើងឈានដល់កិច្ចព្រមព្រៀងមួយ ទើប​កិច្ចសហប្រតិបត្តិការនឹង​ចាប់ផ្តើម»។

សង្គ្រាមរយៈពេល ១២​ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានរារាំង​កិច្ច​ចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែល​ទើប​​ចាប់ផ្តើមឡើងវិញនៅក្នុងខែមេសា ហើយ​ជាកិច្ចចរចាកម្រិតខ្ពស់បំផុតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាល​ពី​ឆ្នាំ​២០១៨។ ឥឡូវនេះទីក្រុងតេហេរ៉ង់ទាមទារការធានាសន្តិសុខប្រឆាំងនឹងការវាយប្រហារដោយយោធា មុនពេលត្រឡប់ទៅតុចរចា​វិញ។

សូម​ជម្រាប​ថា កាលពីថ្ងៃទី​២៥​ខែកក្កដា អ៊ីរ៉ង់បានជួបជាមួយអាល្លឺម៉ង់ អង់គ្លេស និងបារាំង ដែលបានព្រមានពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញនៅចុងខែសីហា​នេះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានសម្រេច។ យ៉ាង​ណា​មិញ ទីក្រុងតេហេរ៉ង់បានប្តេជ្ញាសងសឹក​ បើ​ទណ្ឌកម្ម​ពិត​ជា​ត្រូវបានស្ដារ​​ឡើង​វិញ​ម្ដង​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម