Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងបង្ហាញពិភពលោកថា ជាប្រទេសគ្មានសុវត្ថិភាព សម្រាប់ទេសចរ

បានផុស

នៅ

ករណីប្រើអំពើហិង្សាលើទេសចរម្តងហើយម្តងទៀតនៅថៃ ជាពិសេសហេតុការណ៍យ៉ាងរន្ធត់ចុងក្រោយបំផុត ដែលជនជាតិម៉ាឡេស៊ី២នាក់ ត្រូវដុតទាំងរស់នៅកណ្តាលក្រុងបាងកក បានស្តែងឲ្យពិភពលោកឃើញយ៉ាងច្បាស់ថា ប្រទេសនេះគ្មានសុវត្ថិភាពឡើយចំពោះទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសចរម៉ាឡេស៊ី២នាក់ជាគូស្នេហ៍នឹងគ្នាឈ្មោះ Gan Xiao Zhen និង Ong Yik Leong ត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក កាលពីរាត្រីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក។

ករណីនេះធ្វើឲ្យទេសចរដទៃទៀតខ្លាចរអាក្នុងការទៅលេងថៃ និងជាសារដាស់តឿនដល់ទេសចរទាំង​ឡាយថា ប្រទេសនេះកាន់តែអសន្តិសុខ គ្មានសណ្តាប់ធ្នាប់ និងមិនធានាសុវត្ថិភាពពួកគេបានឡើយ។

ការវាយប្រហារនេះគឺជាបញ្ហាប្រឈមដ៏ធំ ចំពោះវិស័យទេសចរណ៍របស់ថៃ ខណៈប្រទេសនេះកំពុងខិតខំខ្លាំងណាស់ ដើម្បីស្តារឡើងវិញឲ្យដល់កម្រិតមុនវិបត្តិជំងឺកូវីដ១៩។

ជនជាតិ​ចិននិង​ម៉ាឡេស៊ី ជា​​ទេសចរ​បរទេស​ឈានមុខគេដែលទៅលេងប្រទេសថៃ ដូច្នេះហើយ ហេតុការណ៍ទេសចរទាំងពីរនាក់នេះ គឺជាក្តីបារម្ភកំពូលរបស់ថៃ ព្រោះថា ព័ត៌មាននេះបានផ្សព្វផ្សាយទូទាំងពិភពលោក មិនមែនតែនៅក្នុងប្រទេសម៉ាឡេស៊ីឬចិនប៉ុណ្ណោះទេ។

នៅឆ្នាំ ២០២៤ ប្រទេសថៃបានទទួលទេសចរម៉ាឡេស៊ីប្រមាណ ៤,៩៥ លាននាក់ខណៈ ទេសចរចិន មានប្រមាណ ៦,៧៣ លាននាក់។

ដ្បិតតែគ្មានរបាយការណ៍ផ្លូវការអំពីករណីប្រើអំពើហិង្សាលើទេសចរបរទេសនៅថៃក៏ដោយ ប៉ុន្តែគេដឹងថា មិនមែនតិចដងឡើយដែលទេសចរបរទេសត្រូវរងការវាយប្រហារ ពេលដែលពួកគេទៅលេងកម្សាន្តក្នុងប្រទេសនេះ។ 

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ចងក្រងក្នុងឆ្នាំ២០២៥, គិតត្រឹមខែកក្កដាឆ្នាំនេះប៉ុណ្ណោះ មានការប្រើអំពើហិង្សាលើទេសចរបរទេសចំនួន៥ករណីធំ កើតឡើងនៅក្នុងប្រទេសថៃ។

1. ថ្ងៃទី២៥ខែមីនា – ក្រុមជើងកាង វាយប្រហារទេសចរអាល្លឺម៉ង់នៅ ប៉ាតាយ៉ា

បុរសជនជាតិអាល្លឺម៉ង់អាយុ៤០ឆ្នាំម្នាក់ ត្រូវបានជើងកាងមួយក្រុម មានគ្នា១០នាក់ ព្រួតវាយដំយ៉ាងដំណំ នាវេលាម៉ោង ៤:០៦ នាទីទៀបភ្លឺ។ ប៉ូលិសចាប់បានជនសង្ស័យតែ៣នាក់ប៉ុណ្ណោះ។

2. ថ្ងៃទី២២ខែមេសា – ទេសចរតៃវ៉ាន់ម្នាក់ ត្រូវគេវាយនឹងដំបងនៅ ប៉ាតាយ៉ា

ទេសចរតៃវ៉ាន់អាយុ៤១ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ វាយមួយដំបងបណ្តាលឲ្យរបួសក្បាលទាំងមិនដឹងមូលហេតុ ពេលកំពុងអង្គុយនៅខាងក្រៅភោជនីយដ្ឋានមួយ នាវេលាប្រហែលម៉ោង១០យប់ នៅក្នុងសង្កាត់ Nong Prue។

3. ថ្ងៃទី១១ខែឧសភា – ទេសចរបារាំង ត្រូវគេចាក់ពេលប្រវាយប្រតប់គ្នា ក្នុងក្លឹបរាត្រីនៅ ភូកេត

ជនជាតិបារាំងម្នាក់ ត្រូវមនុស្សមួយក្រុមចាក់ជាច្រើនកាំបិតនៅក្នុងក្លឹប Nomad Beach នៃខេត្តភូកេត បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា។

4. ថ្ងៃទី៨ខែមិថុនា – ទេសចររុស្ស៊ីម្នាក់ ត្រូវចោរប្លន់នៅ ប៉ាតាយ៉ា

ជនជាតិរុស្ស៊ីអាយុ៥៤ឆ្នាំម្នាក់ ត្រូវចោរវាយឲ្យសន្លប់ រួចប្លន់យកចិញ្ចៀននិងកាបូប។ មិនយូរប៉ុន្មាន ប៉ូលិសក្រុងប៉ាតាយ៉ាបានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលសុទ្ធជាអ្នកញៀនថ្នាំ។

5. ថ្ងៃទី១២ខែកក្កដា – ភ្ញៀវទេសចរអាមេរិកម្នាក់ ត្រូវម្ចាស់បារនៅប៉ាតាយ៉ា វាយយ៉ាងដំណំ

ទេសចរអាមេរិកម្នាក់ ចាប់កាន់ទូរស័ព្ទថតនៅក្នុងបារមួយ ស្រាប់តែត្រូវម្ចាស់បារ វាយយ៉ាងដំណំ ក្នុងក្រុងប៉ាតាយ៉ា។ ជនរងគ្រោះ រងរបួសជាំនិងរលាត់ពេញខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ កំពុងក្រពុលមុខខ្លាំង ខ្លាចទេសចរបរទេសឈប់ទៅលេង ក្រោយហេតុការណ៍ ដុតជនជាតិម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម