Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ ប្រាប់​ថា​នឹង​បន្ត​កិច្ច​ចរចា​ជាមួយ​ហាម៉ាស តែ​ផែនការ​យោធាទ្រង់ទ្រាយ​ធំ​នៅ​តែ​ធ្វើ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលនឹងចូលរួមការចរចាឡើងវិញ ក្នុងគោលបំណងដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់​​ហ្គាហ្សា និងបញ្ចប់សង្រ្គាម។ នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ហាម៉ាស​បាន​ទទួល​យក​សំណើ​បទ​ឈប់​បាញ់​បណ្ដោះ​អាសន្ន​ពី​អ្នក​សម្រុះសម្រួល​អេហ្ស៊ីប និង​កាតា។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចសំខាន់នៃកិច្ចព្រមព្រៀង​​បទ​ឈប់បាញ់​ថ្មី​នេះ មាន​ដូចជា ការផ្អាក​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​៦០​ថ្ងៃ ការ​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​១០​នាក់​ដែល​នៅ​រស់ ​និង​សាកសព​១៨​នាក់​ដែល​ក្រុម​ហាម៉ាស​ចាប់​ខ្លួន ជាថ្នូរនឹង​​ការ​ដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២០០នាក់។

ប្រសិនបើបទឈប់បាញ់បណ្តោះអាសន្នចាប់ផ្តើម កិច្ចពិភាក្សាបន្ថែមទៀតអំពីការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់នឹងកើតឡើង។

ទោះបីជាមានការពិភាក្សាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ផែនការនៅតែឆ្ពោះទៅមុខសម្រាប់ប្រតិបត្តិការយោធាដ៏សំខាន់របស់អ៊ីស្រាអែល ដើម្បីដណ្តើម​គ្រប់គ្រង​ហ្គាហ្សា​ទាំង​មូល។ រដ្ឋាភិបាល​អ៊ីស្រាអែល បាន​កោះ​ហៅ​ទាហាន​បម្រុង​ចំនួន ៦០ ០០០​នាក់​ ដែល​ជា​សញ្ញា​មួយ​​បង្ហាញ​ថា ពួកគេ​កំពុង​រៀបចំ​សម្រាប់​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​​នេះ។

នៅពេលដែលការវាយលុកចាប់ផ្តើម ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់​នៅ​ហ្គាហ្សា ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជា​ឲ្យ​ជម្លៀសទៅកាន់ភាគខាងត្បូងនៃតំបន់។

ផែនការនេះបាន​រង​ការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។ សម្ព័ន្ធមិត្តដូចជា បារាំងបានព្រមានថា អ៊ីស្រាអែល​នឹងធ្វើ​ឲ្យ​តំបន់​ហ្គាហ្សា​ប្រឈម​នឹង​ហានិភ័យ​នៃ«វដ្តសង្រ្គាមអចិន្ត្រៃយ៍» ខណៈពេលដែលកាកបាទក្រហម បាន​សង្កត់​ធ្ងន់​ថា វានឹង«ធ្វើ​ឲ្យ​ស្ថានការណ៍ដ៏មហន្តរាយរួចទៅហើយ»កាន់តែយ៉ាប់យ៉ឺន​ខ្លាំង​សម្រាប់ជនស៊ីវិល។

សូម​ជម្រាប​ថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការនៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧​ខែតុលា​ឆ្នាំ​២០២៣ ដែលក្នុងនោះមនុស្សប្រហែល ១ ២០០​នាក់ត្រូវបានសម្លាប់ និង ២៥១​នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

យ៉ាងហោចណាស់មនុស្ស​ជាង ៦២ ០០០​​នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីពេលនោះមក។ នេះបើយោងតាមក្រសួងសុខាភិបាល​នៅ​ហ្គាហ្សា៕

ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​នៅ​ហ្គាហ្សា (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែលកោះហៅទ័ព​បម្រុង ៦០ ០០០​នាក់ ចាប់ផ្តើមដំណាក់កាល​ដំបូង​នៃ​ផែនការ​វាយដណ្ដើម​ហ្គាហ្សា​ទាំងមូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម