ព័ត៌មានអន្ដរជាតិ
[វិភាគ] លោក ថាក់ស៊ីន រួចទោសពេលនេះ មានន័យថា ស្ថាប័នរាជបល្ល័ង្កថៃ «ត្រូវកែទម្រង់»
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌចំនួន២ករណី ទើបរួចផុតពីការចោទប្រកាន់១ករណី ហើយក៏ជាការរួចទោសដ៏កម្របំផុតពីការចោទប្រកាន់ក្នុងសំណុំរឿងនយោបាយថៃ ដែលត្រូវបានគេមើលឃើញថា មាននិន្នាការបំបាក់អ្នកងើបឡើងក្នុងទម្រង់ប្រជាធិបតេយ្យ ដែលស្ថាប័នរាជបល្ល័ង្កថៃមិនដែលស្វាគមន៍ម្តងណាឡើយ។

ការរួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រមាថព្រះចេស្តារព្រះមហាក្សត្រនេះ កើតឡើងចំពេលដែល នយោបាយរបស់ប្រទេសថៃឡើងកម្តៅខ្លាំងបំផុត និង បានជះចំហាយនៃកម្តៅនយោបាយនោះមកដល់ព្រដែនកម្ពុជារហូតដល់បង្កហេតុនាំឲ្យមានការផ្ទុះអាវុធ សម្លាប់ទាហានរាប់សិបនាក់ទាំងសងខាង និង បណ្តាលឲ្យមានជនភៀសខ្លួនជាង៣០ម៉ឺននាក់សរុបទាំងសងខាង។
ការផ្ទុះអាវុធដ៏ខ្លាំងក្លាបំផុតរយៈពេល៥ថ្ងៃ៥យប់នៅព្រំដែនកម្ពុជា ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការសម្រេចចិត្តរបស់ស្ថាប័នរាជបល្ល័ង្កថៃ ដោយបញ្ជាមេបញ្ជាការ និងក្រុមយោធាដែលស្និទ្ធនឹងរាជបល្ល័ង្ក សម្រាប់ធ្វើសកម្មភាពនយោបាយនិងការប្រយុទ្ធ ដោយច្រានចោលដំណោះស្រាយរបស់រដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយគណបក្សភឿថៃ មានកូនស្រីលោកថាស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជានាយករដ្ឋមន្ត្រី។
ការសម្រេចរបស់តុលាការព្រហ្មទណ្ឌទីក្រុងបាងកក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ក្នងការទម្លាក់ចោលសំណុំរឿងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ដោយសំអាងថា មិនមានភស្តុតាងគ្រប់គ្រាន់នោះ គឺជាសញ្ញាយ៉ាងច្បាស់ថា នយោបាយរបស់ប្រទេសស្ថិតនៅផ្លូវការកែទម្រង់ ជាពិសេស គឺការទម្រង់ស្ថាប័នព្រះមហាក្សត្រតែម្តង។
អស់រយៈពេលជាយូរមកហើយ ស្ថាប័នរបស់ព្រះមហាក្សត្រត្រូវបានគេមើលឃើញថា ពង្រឹងអំណាចរបស់ខ្លួនតាមរយៈការប្រមូលផ្តុំអំណាចយោធានៅពីក្រោយ និង ការរក្សាភាពជិតស្និទ្ធជាមួយអតីតមេបញ្ជាការយោធាចូលនិវត្តន៍ឲ្យកាន់តួនាទីសំខាន់ៗ នៅក្នុងក្រុមប្រឹក្សាព្រះមហាក្សត្រ (Privy Council) ដោយការធ្វើទុកបុកម្នេញលើរដ្ឋាភិបាលស៊ីវិល ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ប៉ុន្តែការថ្លៃអំណាចចុងក្រោយរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅស្របពេលដែលរដ្ឋាភិបាលស៊ីវិល ដឹកនាំដោយកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានទទួលរងសម្ពាធដូចគ្នា ពីក្រុមអ្នកនយោបាយថៃដែលនិយមយោធា ក្នុងនោះ មានស្ថាប័នព្រឹទ្ធសភា ស្ថាប័នប្រឆាំងអំពើពុករលួយ ស្ថាប័នព្រះមហាក្សត្រថៃ ជាដើម នៅក្នុងពេលដែលរដ្ឋាភិបាលស៊ីវិលដឹកនាំគណបក្សភឿថៃចុះខ្សោយកាន់តែខ្លាំង និងរងភាពរង្គោះរង្គើស្ទើរតែដួលរលំទៅហើយ។
ស្ថាប័នរាជបល្ល័ង្កថៃតែងតែធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលស៊ីវិល តាមរយៈការចាត់វិធានការផ្លូវច្បាប់ ដោយការប្តឹងចោទប្រកាន់នានា ដើម្បីធ្វើយ៉ាងណាចាប់កំហុស មេដឹកនាំគណបក្ស ឬរដ្ឋាភិបាលស៊ីវិលទាំងឡាយណាដែលមានទំនោរទៅរកលទិ្ធប្រជាធិបតេយ្យ។ ជាក់ស្តែងណាស់ ក្នុងហេតុការណ៍នយោបាយចុងក្រោយនេះ ស្ថាប័នទាំងឡាយដែលមានទំនោរទៅរករាជបល្ល័ង្កថៃ បានចេញធ្វើសកម្មភាពប៉ុនប៉ងដកហូតអ្នកនយោបាយទាំងឡាយដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន និងធ្វើសកម្មភាពដើម្បីការរស់រាននិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
តុលាការធម្មនុញ្ញថៃជាស្ថាប័នមួយបានទម្លាយចោលនៅគណបក្សជាច្រើនរហូតដល់ទៅ៣៤ ចាប់តាំងពីឆ្នាំ២០០៦ ជាឆ្នោតដែលរដ្ឋាភិបាលស៊ីវិលដឹកនាំ ដោយលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានបណ្តេញចេញពីអំណាចតាមរយៈរដ្ឋប្រហារកាលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៦។ ការរំលាយចោលគណបក្សទាំង៣៤នោះ គឺសុទ្ធតែគណបក្សដែលមានគោលនយោបាយ លើកស្ទួយប្រជាធិបតេយ្យ និងមានគោលនយោបាយប៉ុនប៉ងបន្ថយអំណាចព្រះមហាក្សត្រ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១១២ ដែលចែងអំពីការប្រមាថព្រះមហាក្សត្រ។ ត្រង់ចំណុចនេះហើយ ដែលអ្នកនយោបាយថៃតែងតែរងគ្រោះដោយសារតែច្បាប់ប្រមាថព្រះមហាក្សត្រដែលបានដាក់ចេញឲ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ១៩៥៧ ក្នុងរាជស្តេច ភូមិវិបុល អាឌុលយ៉ាដេត រាមាទី៩។
តុលាការធម្មនុញ្ញថៃដែលមានចៅក្រម៩រូប ដែលមានប្រវត្តិកើតចេញពី អ្នកកាន់ស្ថាប័នយុត្តិធម៌ ដូចជា ចៅក្រមតុលាការកំពូល តុលាការព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ និងអ្នកច្បាប់មកពីស្ថាប័នអប់រំផង កាលពីខែសីហាឆ្នាំ២០២៤ បានរំលាយគណបក្សឆ្ពោះទៅមុខ (Move Forward) និងហាមឃាត់លោក ភីថា លឹមចារើនរ៉ាត ពីការធ្វើនយោបាយរហូតដល់១០ឆ្នាំ ដោយសារតែគោលនយោបាយគណបក្សនេះប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា១១២ ដើម្បីបន្ថយអំណាចរាជវាំង។
ក្នុងសំណុំរឿងនយោបាយសំខាន់បំផុតប្រឆាំងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រនេះ ក៏ក្រុមនិយមយោធាថៃ ឬហៅថា ក្រុមអភិរក្ស ប៉ុនប៉ងដើម្បីផ្តាច់ខ្សែជីវិតនយោបាយរបស់ក្រុមគ្រួសារលោកថាក់ស៊ីន ដែលមានប្រជាប្រិយភាពក្នុងសង្គមថៃ។
សំណុំរឿងចោទប្រកាន់ប្រឆាំងលោកថាក់ស៊ីននេះ កើតចេញពីការនិយាយដែលលោកថាក់ស៊ីនបានធ្វើនៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាត់បានរិះគន់រដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់ប្អូនស្រីរបស់គាត់ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ដោយការភ្ជាប់ស្ថាប័នមហាក្សត្រនៅពីក្រោយការធ្វើរដ្ឋប្រហារនោះ។
លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានអាយុ ៧៦ ឆ្នាំ បានស្វាគមន៍ចំពោះការសម្រេចនេះ ដោយប្រាប់អ្នកសារព័ត៌មានថា៖ «ករណីនេះត្រូវ បានច្រានចោល»។ Al Jazeera ផ្សាយនៅថ្ងៃទី២២ខែសីហានេះ ឲ្យដឹងថា មេធាវីរបស់លោកថាក់ស៊ីន គឺលោក Winyat Chatmontree បានបញ្ជាក់ថា តុលាការរកមិនឃើញហេតុផលសម្រាប់ការកាត់ទោសឡើយ ។
ការទាត់ចោលការដាក់ទោសប្រឆាំងលោកថាក់ស៊ីនចុងក្រោយនេះ គឺជារបត់នយោបាយថ្មីមួយរបស់ប្រទេសថៃ ជាពិសេសនឹងងាកទៅរកការកែទម្រង់ស្ថាប័នព្រះមហាក្សត្រក្នុងពេលខាងមុខនេះ ដោយសារតែលោកថាក់ស៊ីន គឺជាអ្នកនយោបាយល្បីល្បាញបំផុត និងជាអ្នកតស៊ូអំណាចចុងក្រោយសម្រាប់ត្រកូលថាក់ស៊ីន ដែលរងការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ និង ការធ្វើទុកបុកម្នេញផ្នែកនយោបាយពីក្រុមកាន់អំណាចក្រោមរាជបល្ល័ង្ក។
ការទាត់ចោលបណ្តឹងប្រឆាំង លោកថាក់ស៊ីននាពេលនេះ ដែលជាសំណុំរឿងនយោបាយធំបំផុតក្នុងស្ថានភាពប្រទេសថៃធ្លាក់ចូលវិបត្តិនយោបាយជ្រៅបំផុត គឺបានសេចក្តីថា សំណុំរឿងដែលនៅសេសសល់មាន ការចោទប្រកាន់ដែលថា លោកថាក់ស៊ីនកុហកតុលាការថាមានជំងឺ និងទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសជាដើម និងសូម្បីការចោទប្រកាន់ប្រឆាំងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងក្លាយជាសំណុំរឿងដែលតូចតាចប៉ុណ្ណោះ។
ការទម្លាក់ការចោទប្រកាន់នេះមិនមែនបានសេចក្តីថៃ លោកថាក់ស៊ីន នឹងបញ្ចប់បេសកកម្មនយោបាយត្រឹមប៉ុណ្ណឹងដែរ គឺច្បាស់ណាស់ ក្រុមអ្នកនយោបាយថៃ នឹងរៀបចំឲ្យមានការកែទម្រង់នយោបាយថៃដ៏ធំមួយ ដើម្បីបន្ថយអំណាចក្សត្រ ដើម្បីភាពសុខុមរបស់អ្នកនយោបាយថៃ និងស្ថិរភាពនយោបាយថៃទៅថ្ងៃអនាគត៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


