Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះធម្មជាតិវាយប្រហារខ្លាំងនៅអាស៊ី ផ្តាច់ជីវិតមនុស្សខ្ទង់ពាន់នាក់ ត្រឹមមួយខែ

បានផុស

នៅ

ក្នុងរយៈពេលត្រឹមមួយខែប៉ុណ្ណោះ ទ្វីបអាស៊ីត្រូវធម្មជាតិវាយប្រហារយ៉ាងចាស់ដៃ ដោយបង្កឲ្យមានគ្រោះមហន្តរាយដូចជារញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និងបាក់ដីជាដើម ដែលជាលទ្ធផលបណ្តាលឲ្យមនុស្សស្លាប់ខ្ទង់ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

គ្រោះធម្មជាតិដែលកាចសាហាវនិងផ្តាច់ជីវិតមនុស្សច្រើនបំផុតគឺរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន ដែលវាយប្រហារកាលពីថ្ងៃទី៣១ខែសីហា ដោយសម្លាប់មនុស្សជាង ១ ៤០០នាក់ និងរបួសជាង ៣ ០០០នាក់ទៀត។

ចំណែកនៅប្រទេសប៉ាគីស្ថានឯណោះ គ្រោះទឹកជំនន់ដែលចាប់ផ្តើមខ្លាំងនៅពាក់កណ្តាលខែសីហាក្នុងខេត្ត Khyber Pakhtunkhwa បានឆក់យកជីវិតមនុស្សជាង ៣២០នាក់ និងរាប់រយនាក់ទៀតបាត់ខ្លួន។

(រូបថត៖ Reuters)

រីឯនៅប្រទេសឥណ្ឌា គ្រោះទឹកជំនន់ដ៏សាហាវ បានបង្កទុក្ខវេទនាក្នុងរដ្ឋ Punjab, Uttarakhand និងទីក្រុង Kishtwar ដោយនៅរដ្ឋ Punjab ទឹកបានជន់លិចភូមិជាង ១ ៤០០ សម្លាប់មនុស្ស ជាង ៣០នាក់ ខណៈនៅ Uttarakhand មានមនុស្ស៥នាក់ស្លាប់និងជាង៥០នាក់បាត់ខ្លួន រីឯនៅក្រុង Kishtwar មានមនុស្សស្លាប់៦៧នាក់ ជាង៣០០នាក់របួសនិងប្រហែល២០០នាក់បាត់ខ្លួន។

ងាកមកមើលនៅអាស៊ីអាគ្នេយ៍វិញ, ប្រទេសថៃនិងវៀតណាមសុទ្ធតែរងគ្រោះខ្លាំងដោយសារព្យុះកាជិគីនិងណងហ្វា ជាពិសេសថៃ ដែលត្រូវវាយប្រហារយ៉ាងដំណំ។

(រូបថត៖ Reuters)

នៅថៃ ឥទ្ធិពលនៃព្យុះទាំងពីរ បានបង្កវិនាសកម្មដូចជាបំណាក់ដីនិងទឹកជំនន់ ដែលតួលេខគិតត្រឹមថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៥ មានមនុស្សស្លាប់ចំនួន៧នាក់។ 

ចំណែកនៅវៀតណាម ព្យុះទាំងពីរក៏វាយប្រហារខ្លាំងដែរ ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងជំនន់ធ្ងន់ធ្ងរ ប៉ុន្តែស្រាលជាងថៃ។

(រូបថត៖ Khaosod)

ចុងក្រោយ គឺឥណ្ឌូណេស៊ី, គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ បានវាយប្រហារកោះ Sulawesi បណ្តាលឲ្យមនសុ្ស២នាក់បាត់ជីវិត និង៤៤នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះសម្បែងនិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

សរុបសេចក្តីមក ត្រឹមមួយខែប៉ុណ្ណោះ ទ្វីបអាស៊ីមានមនុស្សស្លាប់រហូតដល់ទៅជិត ២ ០០០នាក់ ដោយសារគ្រោះធម្មជាតិ ដែលនេះគូសបញ្ជាក់ពីបញ្ហាប្រឈមបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ហើយក្រុមអ្នកជំនាញព្រមានថា ធម្មជាតិនឹងកាន់តែសាហាវ នាពេលអនាគត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទូទាំងប្រទេសថៃ ត្រូវរងទុក្ខដោយគ្រោះធម្មជាតិដល់សប្តាហ៍ក្រោយ ឯបាងកក ក៏ជន់លិចនិងបាក់ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម