ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នឹងបញ្ចប់តាមផែនការគ្រោងទុក
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ កញ្ញា នេះថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលកំណែចំនួន ១០ បានប្រព្រឹត្តិទៅតាមប្រក្រតី តាមផែនការគ្រោងទុក ដោយគ្រោងបញ្ចប់នៅថ្ងៃនេះ។

លោកស្រី បានបន្តថា ក្រសួងបានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនចាប់ពីថ្ងៃទី ៣១ សីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅតាមមណ្ឌលកំណែចំនួន ១០ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះរួមមានទី ១.មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ , ទី ២.មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា , ទី ៣.មណ្ឌលកំណែ វិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស , ទី ៤.មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា , ទី ៥.មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជា គីមីវិទ្យា , ទី ៦.មណ្ឌលកំណែ វិទ្យាល័យទួលទំពូង សម្រាប់មុខវិជ្ជា ជីវវិទ្យា , ទី ៧.មណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង សម្រាប់មុខវិជ្ជា ភូមិវិទ្យា , ទី ៨.មណ្ឌលកំណែ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា , ទី៩.មណ្ឌលកំណែ វិទ្យាល័យជាស៊ីម សន្ធរមុខ សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា , ទី ១០.មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា និងមណ្ឌលកំណែបឋមសិក្សាភ្នំដូនពេញ ដែលជាសាខារបស់មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ។

លោកស្រី បានបន្តទៀតថា បន្ទាប់មកទៀត ក្រសួង នឹងចាប់ផ្ដើមដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ និងដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២០ កញ្ញា ខាងមុខនេះ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ នេះ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុប ១៤៦,៧២០ នាក់ ស្រី ៨១,៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨ នាក់ (ស្រី ២៤,៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ១០៦,០៤២ នាក់ (ស្រី ៥៦,៩២៣ នាក់)។ មណ្ឌលប្រឡងសរុប ២៤១ មណ្ឌល ត្រូវជា ៥,៩២៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ៧២ មណ្ឌល ត្រូវជា ១,៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩ បន្ទប់ និងគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរការសំណេរសរុប ៣១,២០៣ នាក់៕
អត្ថបទ ៖ សំអឿន


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


