KPT+
បុគ្គលល្បីឈ្មោះ ៥រូប កំពុងធ្វើសកម្មភាពជួយជាតិយ៉ាងសស្រាក់សស្រាំ
ដើម្បីរួមចំណែកនឹងរាជរដ្ឋាភិបាលក្នុងកិច្ចការងារជាតិ ជាពិសេសលើផ្នែកដែលចាំបាច់បន្ទាន់នោះ សាធារណជនខ្មែរជាច្រើន បានបញ្ចេញសកម្មភាពរួមចំណែករៀងៗខ្លួន និងតាមលក្ខខណ្ឌផ្សេងគ្នាផងដែរ មិនថាសកម្មភាពមនុស្សធម៌តាមរយៈការរៃអង្គាសថវិកា ឬផ្នែកផ្សេងទៀតនោះឡើយ។
ជាក់ស្តែង បើគិតពីរយៈពេលថ្មីៗកន្លងទៅនេះ សាធារណជនខ្មែរ ពិសេសអ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម បានរួមចំណែកយ៉ាងផុសផុលលើសកម្មភាពមនុស្សធម៌បន្ទាន់ ដោយការកៀរគរសប្បុរសជនជួយដល់កងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ក៏នៅមានសកម្មភាពលើផ្នែកផ្សេងទៀត ដូចជា ការលើកស្ទូយវិស័យទេសចរណ៍ គាំទ្រដល់មន្ទីរពេទ្យ និងស្វែងរកការឧបត្ថម្ភដល់ជនមានពិការភាព រួមនឹងលក្ខខណ្ឌផ្សេងផងដែរ។

សកម្មភាពមនុស្សធម៌ដើម្បីកងទ័ព
១. លោក តាំង គីមឡេង ៖ គិតចាប់តាំងពី កម្ពុជា រងការឈ្លានពានពីសំណាក់កងទ័ពថៃ លោក តាំង គីមឡេង បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការកៀរគរសប្បុរសជន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពប្រចាំការសមរភូមិមុខ ប្រមាណជាជាង ១ខែមកហើយ។
ក្នុងបេសកកម្មនេះដែរ លោកក៏ទទួលបានការទុកចិត្តពីសប្បុរជនទូទៅ ដោយបាននាំយកស្បៀងអាហារ ក៏ដូចជាសម្ភារៈចាំបាច់នានា ទៅកាន់តំបន់ជួរមុខជាច្រើនលើកច្រើនសាមកហើយ។ ខណៈថ្មីៗនេះ លោកក៏កំពុងបន្តកៀរគរថវិកាទិញអាវការពារជូនកម្លាំងទ័ព និងទើបតែនាំយកម៉ាសការពារផ្សែងពុលទៅកាន់ទីតាំងដែលកំពុងរងការគំរាមកំហែងពីចោរសៀមឈ្លានពាន ក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ខេត្តបន្ទាយមានជ័យផងដែរ។


២. ឆោម ស្រីផាច ៖ មិនខុសគ្នាពីយុវជន តាំង គីមឡេង ឡើយ អ្នកផលិតមាតិកាអាហារដ៏មានប្រជាប្រិយរូបនេះ ក៏សកម្មក្នុងការកៀរគរសប្បុរជន ដើម្បីទិញជាសម្ភារៈចាំបាច់ជូនដល់កងទ័ពជួរមុខផងដេរ។ ទន្ទឹមនឹងសេចក្តីល្អនេះ ស្រីផាចថា “អ្វីដែលពួកខ្ញុំធ្វើពេលនេះ គឺមិនមែនជាកាតព្វកិច្ចបស់ពួកខ្ញុំទេ តែគឺជាការជួយបន្ថែមក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងប្រទេសតែមួយ ពូជពង្សតែមួយ ឈាមជ័រតែមួយៗ”។ ស្រីផាច សង្កត់ធ្ងន់ទៀតថា ខ្លួនអាចបាត់នៅថ្ងៃណាមួយ តែប្រទេសមិនអាចបាត់ទេ ហេតុនេះយុវនារីរូបនេះប្តេជ្ញាថា នឹងព្យាយាមឱ្យអស់លទ្ធភាពដើម្បីប្រទេសជាតិ ទន្ទឹមនឹងថ្លែងអំណរគុណម្ចាស់ជំនួយផងដែរ។


២. លោក ជី សុផាត
ដោយឡែក បើក្រឡេកមើលពីតម្រូវការចាំបាច់មួយទៀត ទាក់ទងផែនទីឌីជីថល លោក ជីសុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា បានបង្កើតព្រឹត្តិការណ៍កែផែនទីទូទាំងប្រទេសមួយ ក្នុងគោលបំណងចង់ធ្វើឱ្យមានភាពត្រឹមត្រូវចំពោះដែនអធិបតេយ្យឌីជីថលកម្ពុជា ខណៈបេសកកម្មកែតម្រូវផែនទីនេះ ដំណើរការជាង ១ខែហើយ ដែលប្រមូលផ្តុំដោយអ្នកជំនាញ និងធ្វើតាមនីតិវិធីត្រឹមត្រូវ។
ក្នុងសេចក្តីសង្ខេបប្រជុំថ្ងៃទី ៦ ខែកញ្ញា ២០២៥ ស្តីពីការចេញផ្សាយរបាយការណ៍ Reclaiming Our Digital Space គូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងសម្រាប់ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតអំពីការរំលោភលើទីតាំង Google Maps ដែលបង្កើតឡើងដោយសហគមន៍ Cambodia Local Guides Connect ក្នុងន័យ បង្ហាញភស្ដុតាងអំពីការបំពានប្រព័ន្ធរបស់ Google Maps ដែលមានគោលដៅលើប្រទេសកម្ពុជា បង្ហាញពីផលប៉ះពាល់ដល់អធិបតេយ្យភាពឌីជីថល និងពិភាក្សាអំពីជំហានបន្ទាប់សម្រាប់សហគមន៍ រដ្ឋាភិបាល និងក្រុមហ៊ុន Google។


២. កញ្ញា កុយ អេនណា (ដំណើរថ្មើរជើងមនុស្សធម៌)
គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញាមក ដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” របស់កញ្ញា កុយ អេនណា កំពុងបន្តដំណើរនៅឡើយ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋរស់នៅតាមភូមិស្រុកដែលបវរកញ្ញាកម្ពុជារូបនេះឆ្លងកាត់ផងដែរ។ ជាងនេះទៅទៀត គឺមានការចូលរួមបរិច្ចាគពីសប្បុរសជនទូទៅ និងបណ្តាក្រុមហ៊ុន សហគ្រាសជាបន្តបន្ទាប់ផងដែរ។
បើតាមការបញ្ជាក់ ដំណើរថ្មើរជើងលើកដំបូងទៅកាន់ខេត្តសៀមរាបនេះ ធ្វើឡើងក្នុងគោលដៅធំ២ គឺផ្សារភ្ជាប់នូវការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ដែលឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ រួមនឹងរៃអង្គាសថវិកាជួយកុមារ និងជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា។ កញ្ញាអះអាងថា សម្រាប់មូលនិធិ និងថវិកាដែលប្រមូលបានពីសប្បុរសជន ខ្លួននឹងយកទៅជួយឧបត្ថម្ភនៅតាមមណ្ឌលកុមារកំព្រា និងជនពិការដែលជួបការខ្វះខាត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

៣. លោក ទីវ តារារិទ្ធ (ជិះកង់មនុស្សធម៌)
នេះជាដំណើរបេសកកម្មជិះកង់សប្បុរធម៌ លើកទី២ របស់លោក ទីវ តារារិទ្ធ ខណៈកំពុងបន្តដំណើរក្នុងប្រទេសម៉ារ៉ុក។ បើគិតមកទល់ពេលនេះ ដំណើរជិះកង់រៃអង្គាសថវិកាក្នុងតំបន់អឺរ៉ុប ប្រើពេលជាង ១ឆ្នាំហើយ ជាមួយនឹងគម្រោងបន្តទៅកាន់ទ្វីបអាហ្វ្រិក។
គួរឱ្យដឹងដែរថា ដំណើរបេសកកម្មជិះកង់ដើម្បីកុមារនេះ លោកបានជួបឧបសគ្គជាច្រើន ដោយត្រូវប្រឈមនឹងអាកាសធាតុក្តៅត្រជាក់ ពិសេសតំបន់ខ្លះត្រជាក់ខ្លាំងដល់ -២០ ឬ -៣០អង្សា ហើយក៏ធ្លាប់ជួបឧបទវហេតុនៅឡាវ បណ្តាលឱ្យខូចកង់ផងដែរ ខណៈការចំណាយលើការធ្វើដំណើរ និងគ្រប់យ៉ាង លោកត្រូវរ៉ាប់រងដោយខ្លួនឯង។ ទឹកចិត្តដ៏សប្បុរសនេះ ក៏ត្រូវបានលោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ចេញលិខិតថ្លែងអំណរគុណកាលពីខែឧសភាកន្លងទៅ ដោយបានចាត់ទុកសកម្មភាពនេះ ជាគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលជំងឺ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


