Connect with us

សេដ្ឋកិច្ច

ការនាំចេញ​នាំចូល​ទំនិញ​កម្ពុជា-ថៃ​ ធ្លាក់​ចុះ​ជិត ៥%

បានផុស

នៅ

នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ (មករា-សីហា) ការដោះដូរទំនិញរវាងកម្ពុជា-ថៃ សម្រេច​បាន​នូវ​​ទំហំ​ទឹកប្រាក់ជាង ២,៦៦ ពាន់លានដុល្លារ ​ធ្លាក់ចុះ ​៤,៦% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ទិន្នន័យ​របស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញថា ​គិតចាប់​ពីខែ​មក​រា ដល់ខែ សីហា ឆ្នាំ ២០២៥ ​ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ក្នុងនោះកម្ពុជា​នាំ​ចេញ​ទៅ​ថៃមានទឹកប្រាក់ប្រមាណ ៥៣៥ លានដុល្លារ ធ្លាក់ចុះ ៦,៤% ​ចំណែក​ឯ​ថៃនាំចូលមកវិញ មាន​ទឹក​ប្រាក់ ២,១២ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,១%។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់កម្ពុជាថ្មីថា​ បន្ទាប់​ពីបិទព្រំដែនគោក ក្រៅ​ពី​ទំនិញដែលកម្ពុជា​ហាមឃាត់ ដែលមានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្ម​រវាង​កម្ពុជា និងថៃ នៅដំណើរការធម្មតា ពោល​គឺភាគីថៃបាន​បង្វែរទិស​នាំទំនិញ​ចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ) និងឆ្លងតាមច្រកព្រំដែនប្រទេសឡាវ។

​កាលពីពេលកន្លងទៅថ្មីៗនេះ សភាពាណិជ្ជកម្ម​ថៃ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ ចរចាជាមួយ​កម្ពុជា ដើម្បីបើកព្រំដែនឡើងវិញ ​ដោយ​ព្រមានថា ​ការបិទច្រកចេញ-ចូល​ដែលបង្កឡើងមុខ​ជាឯកតោ​ភាគី​របស់យោធាថៃ ​កំពុង​ធ្វើឱ្យ​ប៉ះពាល់ដល់​ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញ​របស់​ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា​។

​សភាពាណិជ្ជកម្មថៃបាន​និយាយថា ការបិទ​ព្រំដែន​កំពុងបង្កបញ្ហាយ៉ាង​ធ្ងន់ធ្ងរ​សម្រាប់រោង​ចក្រដំឡើង​រថយន្តពហុជាតិ​នៅថៃ។ ដំណើរការផលិត​ក្រុមហ៊ុនទាំងនោះ ត្រូវបាន​អាក់ខាន ដោយសារ​ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​ពីកម្ពុជា​។

​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លាន​ដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់​លាន​ដុល្លារ កើន ១៨,៩ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម