Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ សម្រេចបានជាង $៣ ពាន់លាន ​ធ្លាក់​ចុះ​ជាង ៩% ​ត្រឹមរយៈ​ពេល ​១០ ខែ​

បានផុស

នៅ

ការដោះដូរទំនិញ​កម្ពុជា-ថៃ ​សម្រេច​បាន​នូវ​​ទំហំ​ទឹក​ប្រាក់​ជាង​ ៣,២ ​ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ​ធ្លាក់ចុះ ៩,៣% ធៀប​នឹង​រយៈពេលដូចគ្នា​នៅឆ្នាំ ២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ទិន្នន័យ​របស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញ​ផ្សាយ​នៅថ្ងៃទី ​១០ ខែ​វិច្ឆិកា ​បង្ហាញថា ​គិតចាប់​ពីខែ​មក​រា ​ដល់​ខែ តុលា ឆ្នាំ ២០២៥ ​ការនាំចេញ-នាំចូល​ទំនិញ​របស់​កម្ពុជា-ថៃ មាន​ទំហំ​ទឹក​ប្រាក់ ​៣,២ ​ពាន់​លាន​ដុល្លារ ក្នុងនោះកម្ពុជា​នាំ​ចេញ​ទៅ​ថៃ​មានតម្លៃប្រ​មាណ ៦៣៥ លានដុល្លារ ធ្លាក់ចុះ ១១,៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៥ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៨%។​

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់កម្ពុជាថ្មីថា​ បន្ទាប់​ពីបិទព្រំដែនគោក ក្រៅ​ពី​ទំនិញដែលកម្ពុជា​ហាមឃាត់ ដែលមានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្ម​រវាង​កម្ពុជា និងថៃ នៅដំណើរការធម្មតា ពោល​គឺភាគីថៃបាន​បង្វែរទិស​នាំទំនិញ​ចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ) និងឆ្លងតាមច្រកព្រំដែនប្រទេសឡាវ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ ដោយឆ្លុះបញ្ចាំង​ពីបញ្ហា​ប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិន​ច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើន​ឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លាន​ដុល្លារ ចំណែក​ថៃនាំចូល​មក​វិញ ៣,៤៤ ពាន់​លាន​ដុល្លារ កើន ១៨,៩ ភាគរយ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម