Connect with us

កីឡា

រដ្ឋបាល​រាជធានីភ្នំពេញ​ សម្រេច​បិទ​ក្លឹប​កីឡារាំ​ឯកជន​មួយ​ជា​បណ្ដោះអាសន្នក្រោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​

បានផុស

នៅ

នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ កាលពី​ថ្ងៃ​ទី១០​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បិទ​ក្លឹប​កីឡា​រាំ​ឯកជន​មួយ​ The Wow Show Art Club រយៈពេល​ ២សប្ដាហ៍​សិន​ដើម្បី​ភាគី​ឲ្យខាង​ក្លឹប​ផ្ទាល់​ស្នើសុំ​ច្បាប់​បង្កើតឲ្យ​បាន​ត្រឹមត្រូវ​មុន​បង្ហាត់​បង្រៀន​ដូច​សព្វ​ថ្ងៃ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពប្រជុំ

លោក​ស្រី ហង់ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ម្សិលមិញ​នេះ​ប្រធាន​សហព័ន្ធ​ លោក​ស្រី​ ញ៉ែម​ មរកត​ រួម​ទាំង​មន្ត្រី​បច្ចេកទេស​មួយ​ចំនួនបាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​ ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ​ និង​តំណាងក្រសួងអប់រំ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមន្ទីរពាក់ព័ន្ធ តំណាងខណ្ឌ សង្កាត់ ដើម្បីដោះស្រាយលើបញ្ហា ក្លឹបរាំឯកជនឈ្មោះ The Wow Show Art Club ដែលបានបើកដោយគ្មានការអនុញ្ញាតិ។

លោក​ស្រី​ ញ៉ែម​ មរកត​ ប្រធានសហព័ន្ធកីឡារាំ

យោងស្មារតីអង្គប្រជុំខាង​លើ​រដ្ឋបាល​រាជធានីភ្នំពេញ​ សម្រេចបិទក្លឹប The Wow Show Art Club ជាបណ្តោះអាសន្ន និងទុករយៈពេលពីរសប្តាហ៌ដើម្បីឲ្យក្លឹបនេះស្នើសុំច្បាប់អនុញ្ញាតតាមនីតិវិធីពីសហព័ន្ធកីឡារាំកម្ពុជា។​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​ខាងលើ​បន្ថែម​ទៀត​ថា​ រយៈពេល​យូរ​ដែរ​ហើយ​ដែល​ក្លឹប​រាំ​ឯកជន​ខាង​លើ​នេះ​បាន​បើក​បំពាន​ និង​បាន​បង្ហាត់​បង្រៀន​ រួម​ទាំង​ចេញ​ទៅ​ប្រកួត​​តំណាង​សហព័ន្ធ​ តំណាង​ប្រទេស​កម្ពុជា​ដោយ​ខ្លួន​ឯង។​ សហព័ន្ធ​ក៏​បាន​អញ្ជើញ​ខាង​ម្ចាស់​ក្លឹប​ខាង​លើ​មក​ដោះស្រាយ​ជា​ច្រើន​ដង​មក​ហើយ​​ ប៉ុន្តែ​ភាគី​ខាង​ក្លឹប​នោះ​មិន​បាន​ចូល​ខ្លួន​មក​ ឬ​ដោះស្រាយ​លើ​ការ​សុំ​បង្កើត​ក្លឹប​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នោះ​ឡើយ។​

ទិដ្ឋភាពប្រជុំ

យ៉ាងណា​សហព័ន្ធនៅ​​តែ​រង់ចាំ​ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​ភាគី​ខាងក្លឹប​ខាង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​សុំ​ច្បាប់​បង្កើត​ក្លឹប​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ចាំ​ជួយ​សហការ​ជា​និច្ច​លើ​ការ​​ផ្ដល់​បច្ចេកទេស​រួម​ទាំង​សម្របសម្រួល​ដល់​ការចេញទៅ​ប្រកួតនៅ​អន្តរជាតិ​ផ្សេងៗ​ជា​ដើម៕​

ទិដ្ឋភាពការ​ប្រកួត​កន្លងទៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម