Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋមន្ត្រី​ស្ត្រី​​ដំបូង ​នេប៉ាល់ សន្យា​ប្រគល់​អំណាច​ក្នុងពេល​៦​ខែ​ បើរកមេដឹកនាំថ្មីបានភ្លាម

បានផុស

នៅ

នាយករដ្ឋមន្ត្រីថ្មីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងកាលពីថ្ងៃទី១៤​ ខែកញ្ញា ដោយជំរុញឲ្យមានភាពស្ងប់ស្ងាត់ និងកិច្ចសហប្រតិបត្តិការដើម្បីកសាងប្រទេសឡើងវិញ។ នៅក្នុងនោះដែរ លោកស្រីបានបញ្ចាក់ជំហររបស់ខ្លួនថា នឹងមិនកាន់អំណាចលើសពី៦ខែនោះទេ ដោយសន្យាប្រគល់ឲ្យសភា និងរដ្ឋមន្ត្រីវិញ។

នាយករដ្ឋមន្ត្រីថ្មីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki (រូបភាព៖abplive)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង ការកំណត់ពេលបោះឆ្នោតថ្មីនឹងធ្វើឡើង នៅថ្ងៃទី​៥​ ខែមីនា ​ឆ្នាំ​២០២៦ តាមអនុសាសន៍របស់លោកស្រី Karki បន្ទាប់ពី លោកប្រធានាធិបតី Ram Chandra Poudel បានរំលាយសភាភ្លាមៗ។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា បន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនថ្ងៃកាលពីសប្តាហ៍មុន នោះបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៧២ នាក់ស្លាប់ និងបំផ្លាញអគាររដ្ឋាភិបាល ព្រមទាំងផ្ទះរបស់អ្នកនយោបាយ។ លោកស្រីបានប្រាប់មន្ត្រីកំពូលដែលប្រមូលផ្តុំនៅការិយាល័យបណ្តោះអាសន្នថា សម្រាប់គ្រួសារអ្នកតវ៉ាដែលស្លាប់នឹងទទួលបានសំណងជាប្រាក់ចំនួន ១ លានរូពី (ប្រហែល ១១,៣៣០ ដុល្លារ) ហើយធានាថាអ្នករងរបួសនឹងត្រូវបានយកចិត្តទុកដាក់។

លោកស្រី Karki ក៏បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់ខ្លួនថា «ពួកយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីកសាងប្រទេសឡើងវិញ យើងត្រូវធ្វើការតាមការគិតរបស់មនុស្សជំនាន់ Gen Z» ដោយសន្យាថានឹងធ្វើការដើម្បីធ្វើឲ្យប្រទេសអាស៊ីខាងត្បូងត្រឡប់មកវិញនាពេលខាងមុខ។

បាតុកម្មដ៏ធំ ដែលហៅថាការតវ៉ារបស់ក្រុម Gen Z បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែកញ្ញា ជុំវិញការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលខ្លី។ បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវ ជាពិសេសយុវជន ដោយសារតែខឹងសម្បារចំពោះអំពើពុករលួយ និងភាពក្រីក្រដែលរីករាលដាល ខណៈដែលកូនៗរបស់មេដឹកនាំនយោបាយ បែជាបង្ហាញពីការរស់នៅដ៏ប្រណិត និងបង្ហាញពីភាពហៃសូហួសព្រំដែន ដោយមិនខ្វល់ពីប្រទេសជាតិ។

ភ្លាមៗនោះ ការតវ៉ាបានប្រែក្លាយទៅជាហិង្សា ដោយក្រុមអ្នកតវ៉ាបានវាយប្រហារអគារសភា ហើយប៉ូលិសបានបើកការបាញ់ប្រហារ ហើយនាំទៅដល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Khadga Prasad Oli ដែលបានភៀសខ្លួនចេញពីលំនៅដ្ឋានផ្លូវការរបស់គាត់។

មិនតែប៉ុណ្ណោះ ការិយាល័យជាក់ស្តែងរបស់នាយករដ្ឋមន្ត្រី ត្រូវបានដុតបំផ្លាញ រួមជាមួយនឹងការិយាល័យរបស់ប្រធានាធិបតី តុលាការកំពូល ក្រសួងសំខាន់ៗរបស់រដ្ឋាភិបាល និងប៉ុស្តិ៍ប៉ូលិសជាច្រើននៅថ្ងៃទី ៩ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីប៉ូលិសបានបាញ់ទៅលើអ្នកតវ៉ា។ អាជីវកម្ម និងផ្ទះរបស់គ្រួសារសំខាន់ៗក៏ត្រូវបានវាយប្រហារ រួមទាំងហាងមួយចំនួននៃផ្សារទំនើបដ៏ពេញនិយមមួយក្នុងប្រទេសនេប៉ាល់ផងដែរ។

សូមបញ្ចាក់ដែរថា លោកស្រី Karki អាយុ ៧៣ ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី ១២ ខែកញ្ញា។ គាត់គឺជាឥស្សរជនដ៏មានប្រជាប្រិយមួយរូប នៅពេលបម្រើការជាប្រធានយុត្តិធម៌ស្ត្រីតែមួយគត់របស់តុលាការក្នុងឆ្នាំ ២០១៦ និង ២០១៧ ហើយត្រូវបានគេស្គាល់ថា ជាជំហរប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល៕

បាតុកម្ម​នៅ​នេប៉ាល់ (រូបថត៖ Reuters)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នេប៉ាល់​តែងតាំង​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ជា​លើក​ដំបូង ​ខណៈ​សភា​ត្រូវ​រំលាយ ​ចំពេល​មាន​ការ​តវ៉ា​ដ៏​​សាហាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម