Connect with us

ព័ត៌មានជាតិ

ខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត៖ កម្ពុជា-សិង្ហបុរី ប្ដេជ្ញារួមគ្នាលើកកម្ពស់ស្ថិរភាព សន្តិភាពនៅអាស៊ាន

បានផុស

នៅ

នៅថ្ងៃទី១០​ ខែសីហា ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់សិង្ហបុរី។ បន្ទាប់មក  កម្ពុជា សិង្ហបុរី  បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺគ្រប់វ័យ៦០ឆ្នាំ​ នៅថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ តាមរយៈនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានផ្ញើសារលិខិតអបអរសាទរខួបនៃការបង្កើតទំនាក់ទំនងទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងព្រះរាជសារផ្ញើជូនប្រធានាធិ​បតីសិង្ហបុរី, ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី មានព្រះរាជចំណាថា រយៈពេលប្រាំមួយទស្សវត្សរ៍ ចំណងមិត្តភាពរវាងកម្ពុជា និងសិង្ហបុរីបានរីកចម្រើនឥតឈប់ឈរ តាមរយៈកិច្ចសហប្រតិបត្តិការជាច្រើន ការផ្លាស់ប្តូរនៅគ្រប់កម្រិត និងកិច្ចសហការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ភាពជាដៃគូដ៏យូរអង្វែងនេះ  ជាសក្ខីភាពមួយចំពោះតម្លៃរួម និងសេចក្តីប្រាថ្នាដែលបង្រួបបង្រួមប្រជាជនកម្ពុជា សិង្ហបុរី។

ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកប្រាប់លោក ឡរ៉េនវ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរីថា ព្រះរាជបូណីយកិច្ចរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងការទទួលស្គាល់ឯករាជ្យភាព និងបង្កើតទំនាក់ទំនការទូតជាមួយសិង្ហបុរី គឺជាមូលដ្ឋានគ្រឹះដ៏យូរអង្វែងសម្រាប់ការជឿទុកចិត្តគ្នាទៅវិញទៅមក ការគាំទ្រផ្នែកនយោបាយ និងចក្ខុវិស័យរួមគ្នានៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ស្របពេលដែលក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា និងសិង្ហបុរីបានកសាងភាពជាដៃគូដ៏រឹងមាំ និងពហុភាគី ដែលពង្រឹងដោយការផ្លាស់ប្តូរកម្រិតខ្ពស់ជាទៀងទាត់ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា  កិច្ចសហប្រតិបត្តិការររវាងកម្ពុជា-សិង្ហបុរី បានគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ការវិនិយោគ វិស័យការពារជាតិ ការអប់រំ ទេសចរណ៍ និងនវានុវត្តន៍ឌីជីថល។

សម្ដេ​ចធិបតី ហ៊ុន ម៉ាណែត ក៏បានយកឱកាសខួបនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់កម្ពុជា ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ និងដែលកំពុងរីកចម្រើន។ សម្ដេចធិបតី បញ្ជាក់ប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី ថា ៖« យើងនឹងបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងរួមចំណែកយ៉ាងមានអត្ថន័យដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពក្នុងសហគមន៍អាស៊ាន និងលើសពីនេះទៀត។»។

​​ចំណែកឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់រដ្ឋមន្ត្រីការបរទេស សិង្ហបុរីថា កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការស្វែងរកគោលដៅរួមនៃវិបុលភាព និងការអភិវឌ្ឍប្រទេស រ ទន្ទឹមនឹងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូដ៏រឹងមាំ ហើយភាពជាដៃគូនេះអាចរួមចំណែកដ៏មានអត្ថន័យដល់ការកសាងសហគមន៍អាស៊ានតាមរយៈការពង្រឹងឯកភាព និងសមាហរណកម្មក្នុងតំបន់ និងតាមរយៈការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅទូទាំងតំបន់ និងលើសពីនេះ។

រីឯភាគីសិង្ហបុរីវិញ ទាំងប្រធានាធិបតី ទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស សុទ្ធតែបានកត់សម្គាល់ជាវិជ្ជមានចំពោះការវិវត្តនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលជាចំណងមិត្តភាពដ៏យូរអង្វែងមួយ ចាក់ឫសចេញពីទំនាក់ទំនងជិតស្និទ្ធរវាង ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក  លី ក្វាន់យូ។

ភាគីសិង្ហបុរី កត់សម្គាល់ថា ទំនាក់ទំនងជាមួយកម្ពុជា កំពុងតែរីកចម្រើនជានិច្ច ហើយនឹងបន្តរីកចម្រើននៅឆ្នាំខាងមុខ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់យើងទាំងពីរ។

នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានបញ្ជាក់មកកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត លោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត  ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី សម្រាប់ជាប្រយោជន៍រួម និងនៅក្នុងអាស៊ាន។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី  ដាក់ក្ដីរំពឹងថា ទំនាក់​ទំនង​សិង្ហបុរី-កម្ពុជា​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​ជាង​នេះ​ទៀត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម