ព័ត៌មានជាតិ
អាជ្ញាធរខេត្តប៉ៃលិន សំណេះសំណាលជាមួយពលករខ្មែរវិលត្រឡប់ពីថៃ ១៦០ នាក់ នៅសង្កាត់ប៉ៃលិន
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១៦០ នាក់ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីសំណាក់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។


លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ក្នុងគ្រាមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជា ហើយ សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋគ្រប់កាលៈទេសៈ មិនទុកនរណាម្នាក់ចោលដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកស្រីអភិបាលខេត្ត បានអំពាវនាវដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ សូមបន្តស្នាក់នៅ និងធ្វើការក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះ កម្ពុជា ក៏មានតម្រូវការបុគ្គលិកធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ មិនទាន់ដោះស្រាយរួចរាល់។ ការដែលពលករខ្មែរចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច ដូច្នេះហើយត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេស ប្រើប្រាស់ផលិតផលរបស់ខ្មែរ រួមគ្នាពង្រឹងខឿនការពារជាតិ និងខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីអភិបាលខេត្ត បានរំលឹកថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនពលករត្រលប់មកវិញ ដោយបច្ចុប្បន្នក្នុងប្រទេសកម្ពុជានៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួនផងដែរ។ ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករត្រលប់មកពីថៃវិញ ចំពោះអ្នកមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

បើតាមរបាយការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន បានឱ្យដឹងថា គិតមកដល់ដើមខែកញ្ញា ឆ្នាំ ២០២៥ នេះ នៅខេត្តប៉ៃលិន មានពលករត្រឡប់មកពីប្រទេសថៃ ចំនួន ១ ៥០២ នាក់ និងជួយរកការងារធ្វើបាន ៧៥៩ នាក់ ផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


