Connect with us

ព័ត៌មានអន្ដរជាតិ

យុវជន Gen Z ក្នុងប្រទេសប៉េរូ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែ កញ្ញា ប្រទេសប៉េរូកំពុងជួបប្រទះរលកថ្មីនៃបាតុកម្មភាគច្រើនដឹកនាំដោយយុវជន Gen Z ដែលមានអារម្មណ៍ខកចិត្តចំពោះរដ្ឋាភិបាល និងសភារបស់ប្រធានាធិបតី Dina Boluarte ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Reuters)

កាលពីចុងសប្តាហ៍នេះ ក្រុមបាតុកររាប់រយនាក់បានដើរដង្ហែរក្នុងរដ្ឋធានី Lima និងបានប៉ះទង្គិចជាមួយប៉ូលិសប្រដាប់អាវុធយ៉ាងខ្លាំងក្លា។ បាតុកម្មបានប្រែក្លាយទៅជាហិង្សាភ្លាមៗ នៅពេលក្រុមបាតុករវ័យក្មេងគប់ដុំថ្ម ដបស្រា និងកាំជ្រួចដាក់កងកម្លាំងប៉ូលិស។ ប៉ូលិស​បាន​ឆ្លើយ​តប​ដោយ​ប្រើឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​កៅស៊ូ បណ្ដាលឲ្យយ៉ាងហោចណាស់មនុស្ស១៩ នាក់រងរបួស រួមទាំងមន្ត្រីប៉ូលិសម្នាក់និងអ្នកកាសែតម្នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងពេលប៉ះទង្គិចគ្នា។

ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ប៉ូលិសប៉េរូថាបានប្រើកម្លាំងហួសហេតុ ដោយនិយាយថា ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើជនស៊ីវិលបានរំលោភសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី។

ប្រធានាធិបតីបេរ៉ូ Dina Boluarte (រូបភាព៖ Reuters)

សូមបញ្ជាក់ថាការ​តវ៉ា​មិន​មែន​​ដោយសារប៉ូលិស​ប្រើ​កម្លាំង​ហួសហេតុពេក​ទេ តែដោយសារយុវជន​នៅ​ប៉េរូ​មិន​សប្បាយចិត្ត​លើហេតុផល​ធំជាងនេះជាពិសេសច្បាប់ថ្មីដែលទើបចេញកាលពីថ្ងៃទី៥ខែកញ្ញា ចែងថាពួកគេត្រូវតែបង់លុយចូលទៅក្នុងមូលនិធិសោធនឯកជន ទោះបីជាពួកគេភាគច្រើនមិនមានការងារមានស្ថេរភាព ហើយកម្មករប្រហែល ៧០% កំពុងធ្វើការក្រៅផ្លូវការដោយគ្មានកិច្ចសន្យា។

លើសពីនោះ ប្រជាជនមានការខឹងសម្បារចំពោះអំពើពុករលួយក្នុងនយោបាយ ការកើនឡើងនៃអំណាចរបស់ក្រុមឧក្រិដ្ឋជន និងការកើនឡើងនៃឧក្រិដ្ឋកម្មហិង្សា ដូចជាការជំរិតទារប្រាក់ និងឃាតកម្មជាដើម។ ជាលទ្ធផល ប្រជាប្រិយភាពរបស់ Boluarte បានធ្លាក់ចុះយ៉ាងខ្លាំង ហើយសភារបស់ប្រទេសប៉េរូ ដែលគ្រប់គ្រងដោយក្រុមអភិរក្សនិយមត្រូវបានគេមើលឃើញថាពុករលួយ និងមិនមានទំនុកចិត្តពីសាធារណជន។

(រូបភាព៖ Reuters)

ការតវ៉ាទាំងនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃកំហឹងរបស់យុវជន និងវិបត្តិទំនុកចិត្តកាន់តែទូលំទូលាយនៅក្នុងស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប៉េរូ។ អាណត្តិរបស់ប្រធានាធិបតី Boluarte ត្រូវបន្តរហូតដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ ប៉ុន្តែភាពចលាចលបង្កឱ្យមានសំណួរអំពីសមត្ថភាពគ្រប់គ្រងរបស់លោកស្រីអាចបន្តរហូតដល់ពេលនោះឬអត់៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម