Connect with us

សេដ្ឋកិច្ច

ទីផ្សារមូលបត្រជាជម្រើសវិនិយោគិន តែគួរប្រុងប្រយ័ត្នប្រភេទវិនិយោគសន្យាផ្តល់ផលចំណេញខ្ពស់​

បានផុស

នៅ

លោក សៀង ធីរិទ្ធ អគ្គនាយករងនៃ​និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើក​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្តី​ពី ​«កំណប់ក្នុងផ្សារមូលបត្រ» នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ​​ថា ទីផ្សារ​មូលបត្រ គឺ​មាន​ផលិត​ផល​ជា​ច្រើន ដែល​ជា​ជម្រើស​ទៅ​ដល់​វិនិយោគិន​ តែក៏គួរតែប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងប្រភេទវិនិយោគដែលសន្យាផ្តល់ផលចំណេញខ្ពស់ហួសហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក សៀង ធីរិទ្ធ បាន​មាន​ប្រសាសន៍​ថា ​ទីផ្សារមូលបត្រ មាន​ផលិតផល​ជាច្រើន​ដែល​ជា​ជម្រើស​ដល់​វិនិយោគិន ដូចជា មូលបត្រកម្មសិទ្ធិ និង​មូលបត្រ​បំណុល​ជាដើម ដែលជា​ផលិតផល​បោះផ្សាយ​លក់​ដោយ​ក្រុមហ៊ុន​ដែល​ឆ្លងកាត់​ការវាយ​តម្លៃ​លក្ខខណ្ឌ​គុណវុឌ្ឍិ​​ដោយ ន.ម.ក. ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

លោក​បាន​ពន្យល់​ថា វិនិយោគិន​ដែល​បាន​ទិញ មូលបត្រ​កម្មសិទ្ធិ នឹងក្លាយ​ទៅជា​ម្ចាស់​ភាគហ៊ុនរបស់​ក្រុមហ៊ុន​បោះផ្សាយ​​លក់​មូលបត្រ​កម្មសិទ្ធិ​តាម​សមាមាត្រ​ភាគហ៊ុន ដែល​វិនិយោគិន​បាន​កាន់កាប់​ដោយ​ទទួល​បាន​មក​វិញនូវភាគលាភ និង​ប្រាក់​ចំណេញ​មូលធន (ការជួញដូរក្នុងទីផ្សារដំបូង អាចទទួលបានប្រាក់ចំណេញមូលធនរហូតដល់ ១៥០% នៃថ្លៃ IPO និងនៅទីផ្សារបន្ទាប់ បម្រែបម្រួលថ្លៃគឺ ១០%)។ ដោយឡែក វិនិយោគិនដែលបានទិញមូលបត្របំណុល នឹងក្លាយទៅ​ជាម្ចាស់បំណុល​របស់ក្រុមហ៊ុន​បោះផ្សាយ​​លក់​មូលបត្រ បំណុល ដោយទទួលបានមកវិញជាគូប៉ុង (ការប្រាក់)។

ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​បន្ត​ថា វិនិយោគិនមិនគួរ​ខ្ចី​បំណុលធនាគារដើម្បីវិនិយោគក្នុងវិស័យមូលបត្រឡើយ ព្រោះ​ថា​ការវិនិយោគក្នុងវិស័យមូលបត្រគ្រាន់​​តែ​ជា​​ជម្រើស​បន្ថែម ពីការវិនិយោគលើ​​វិស័យ​ដ៏ទៃទៀតដូចជា ការដាក់​ប្រាក់​បញ្ញើ​​នៅ​ធនាគារ ឬ​វិនិយោគ​លើវិស័យ​អចលនទ្រព្យជាដើម។

​លោក សៀង ធីរិទ្ធ បានលើកឡើងថា អ្នកវិនិយោគក៏គួរ​ប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការអូសទាញប្រភេទវិនិយោគ ដែលសន្យាផ្តល់ផល​ចំណេញ​ខ្ពស់ហួសហេតុដូចជាការទាញចូលក្រុមតេឡេក្រាម និងសូមធ្វើការវិនិយោគជាមួយក្រុមហ៊ុន ដែលទទួល​បានអាជ្ញាបណ្ណពី ន.ម.ក. និងអាជ្ញាធរពាក់ព័ន្ធ។ ជា​ពិសេស​ត្រូវ​ពិចារណា​ទៅ​លើ​ប្រភេទវិនិយោគ ដែលដាក់សាច់ប្រាក់ ៥.០០០ ដុល្លារអាមេរិក និងទទួលបានមកវិញ ២៥០.០០០ ដុល្លារអាមេរិក ក្នុងរយៈពេល បីម៉ោង។

សូម​ជម្រាប​ថា ទីផ្សារមូលបត្រគឺជាប្រភពហិរញ្ញវត្ថុមួយ អាចហៅថា “ប្រភពនៃកំណប់” ប៉ុន្តែទាមទារឱ្យ​វិនិយោគិន​មាន ពេលវេលាគ្រប់គ្រាន់ ចំណេះដឹងច្បាស់លាស់ និងការអត់ធ្មត់ខ្ពស់ តាមរយៈការស្រាវជ្រាវ និងតាមដានព័ត៌មានផ្លូវការ ជាពិសេស ការវិនិយោគក្នុង​វិស័យ​មូលបត្រ​ជា​ការវិនិយោគ​ដែលស្របច្បាប់ក្នុងទីផ្សារមូលបត្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម