Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងជន់លិចខេត្តចំនួន ១១ ប៉ះពាល់ពលរដ្ឋជាង ៣ ម៉ឺន ២ ពាន់គ្រួសារ និងដំណាំស្រូវជាង ១ ម៉ឺន ៥ ពាន់ហិតា

បានផុស

នៅ

ជំនន់​ទឹកភ្លៀង​បាន​បណ្តាល​ឱ្យ​ជន់​លិច​ខេត្ត​ចំនួន ១១ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៣ ម៉ឺន ២ ពាន់​គ្រួសារ ផ្ទះ​ជាង ២ ម៉ឺន ៤ ពាន់​ខ្នង ជម្លៀស​ពលរដ្ឋ​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ជាង ១ ពាន់​គ្រួសារ និង​ដំណាំ​ស្រូវ​ជាង ១ ម៉ឺន ៥ ពាន់​ហិតា ក្នុង​នោះ ខូចខាត​ជាង ៦០០ ហិតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១ ​តុលា​ នេះ​ថា​ គិត​ចាប់ពី​ថ្ងៃទី​ ២៦​ ដល់​ល្ងាច​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ ២០២៥ មាន​ក្រុង​/​ស្រុក​ចំនួន​ ៤៦ ​នៃ​ខេត្ត​ ១១​ បាន​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ ក្នុងនោះ​រួម​មាន ខេត្ត​រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និង​ព្រះវិហារ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៣២,២៩៥ គ្រួសារ កើន ៤,១០២ គ្រួសារ ផ្ទះ​ប៉ះពាល់​ចំនួន ​២៤,៧៩៥ ខ្នង កើន ១,០២៧ ខ្នង ជម្លៀស​ពលរដ្ឋ​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ចំនួន ១,១៦១ គ្រួសារ ស្រូវ​ប៉ះពាល់​ចំនួន​ ១៥,៨៦៤ ហិតា​ កើន ១,៦៩៦ ហិតា ក្នុងនោះ​ ស្រូវ​ខូចខាត​ចំនួន​ ៦៣៨ ហិតា កើន ៣៦១ ហិតា។

ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​កម្ពស់​ទឹក​វិញ លោក សុទ្ធ គឹមកុលមុនី បាន​បញ្ជាក់​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង​មាន​ ១០.៣៩​ ម៉ែត្រ (​កម្រិត​ប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ​) ទន្លេ​មេគង្គ​ក្រចេះ​មាន​កម្ពស់ ២១.៦១​ ម៉ែត្រ (​កម្រិត​ប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ​) ទន្លេបាសាក់​ចតុមុខ​មាន ៩.១៥ ម៉ែត្រ (កម្រិត​ប្រុងប្រយ័ត្ន ១០.៥០ ម៉ែត្រ​)។ លោក​បាន​បន្ថែម​ថា ចំណែក​ស្ថានភាព​ទឹកស្ទឹង​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ពុំ​ទាន់​មាន​បញ្ហា​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ។

យោង​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា ដោយសារ​សម្ពាធ​ទាប​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែន ឈូង​សមុទ្រ​ថៃ អាំង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើឱ្យ​កម្ពុជា​ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី ៣ ខែតុលា ឆ្នាំ​ ២០២៥ នៅតែ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ៤០% នៅ​តំបន់​វាលទំនាប​គ្របដណ្តប់​លើ​ផ្ទៃដី​ ៥០%​ នៅ​តំបន់​ខ្ពង់រាប​ និង​ ៤៥% ​នៅ​តំបន់​មាត់​សមុទ្រ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម