ព័ត៌មានជាតិ
WMC និងអង្គការជនពិការកម្ពុជា ធ្វើសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) សហការជាមួយអង្គការជនពិការកម្ពុជា រៀបចំសិក្ខាសាលាថ្នាក់ជាតិជាលើកទីមួយ ស្តីពី ការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយតាមរយៈការយល់ដឹង និងសាធារណៈ និងការរាយការណ៍អំពីប្រព័ន្ធផ្សព្វផ្សាយដែលរួមបញ្ចូលលើបញ្ហាពិការភាព។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងយុទ្ធសាស្ត្រ និងដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយបញ្ហាបន្ទាន់ដែលជនមានពិការភាពប្រឈមមុខក្នុងការទទួលបានព័ត៌មាន។ បន្ថែមពីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តល្អ ដែលមានចែងនៅក្នុងសៀវភៅណែនាំរបស់អង្គការយូណេស្កូ សម្រាប់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ។

លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានលើកឡើងថា៖ “ពិការភាពមិនមែនជាបញ្ហាបុគ្គលទេ ប៉ុន្តែ ជាបញ្ហាសង្គមដែលអាចដោះស្រាយបានដោយមានការចូលរួមរបស់យើងទាំងអស់គ្នា”។ លោកស្រី បន្តថា ការសរសេរព័ត៌មានពីពិការភាព គឺជាបញ្ហាប្រឈមព្រោះថា មិនមែនមនុស្សគ្រប់រូបសុទ្ធតែយល់ស្របចំពោះភាសាដែលសម្របនោះទេ សូម្បីតែនៅក្នុងក្នុងសហគមន៍ជនមានពិការភាព ក៏មានការជជែកគ្នាយ៉ាងក្តៅគគុកពីពាក្យពេចន៍ប្រើប្រាស់សម្រាប់ជនមានពិការភាព។ លោកស្រី នាយិកា សង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ឧបសគ្គដើម្បីឱ្យប្រជាពលរដ្ឋ និងជនមានពិការភាព អាចអនុវត្តសិទ្ធិបានយ៉ាងពេញលេញ ដែលជាការរួមចំណែកដល់សង្គមឱ្យកាន់តែមានបរិយាបន្ន។

ជាមួយគ្នានេះ លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខិធិការក្រសួងព័ត៌មាន ក៏បានលើកឡើងដែរថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ព្រោះបានឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោទស្សន៍ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨។ លោកថា៖ “ព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ លឿនរហ័ស ពិតជាមានសារសំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បងប្អូនមានពិការភាពពិតជាត្រូវការព័ត៌មានពិតទាំងនេះ ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ”។ លោកក៏សង្ឃឹមថា សិក្ខាសាលានេះ នឹងទទួលបានបទពិសោធ ចំណេះដឹងថ្មីៗ ពីវាគ្មិនជំនាញផងដែរ។

សូមជម្រាបថា សិក្ខាសាលាមានអ្នកប្រហែល ៥០នាក់ (មានស្ត្រី ៥០%) មកពីសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អង្គការជនពិការ (OPDs) ជនមានពិការភាព(PwDs) និងតំណាងមកពីក្រសួងព័ត៌មាន និងក្រុមប្រឹក្សាសកម្មភាពជនពិការ (DACs)។ ពិធីនេះ ត្រូវបានរំពឹងថា ការសហការរវាងភាគីពាក់ព័ន្ធនាំឱ្យមានយុទ្ធសាស្ត្រ និងដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានសម្រាប់ជនមានពិការភាព៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


