Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន ទទួលបានការបណ្តុះបណ្តាលស្តីពី សុវត្ថិភាពរបស់ខ្លួន អំឡុងពេលអនុវត្តការងារ

បានផុស

នៅ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពអ្នកសារព័ត៌មាន​» រយៈពេលមួយថ្ងៃពេញ ដល់អ្នកសារព័ត៌មានជាង ៥០នាក់ ដើម្បីពង្រឹងការអនុវត្តសុវត្ថិភាព សម្រាប់បុគ្គលិកទាំងអស់ និងអ្នកសារព័ត៌មានស្ត្រីដែលពាក់ព័ន្ធ ជាពិសេស ស្ត្រីដែលធ្វើការក្នុងបរិយាកាសរាយការណ៍ដែលមានហានិភ័យខ្ពស់។ សិក្ខាសាលានេះ​ មានការគាំទ្រដោយ International Media Support (IMS) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម WMC ការវិវត្តនៃការគំរាមកំហែងដែលប្រឈមមុខដោយអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ននេះ រួមទាំងហានិភ័យខាងរាងកាយ ឌីជីថល ផ្លូវច្បាប់ និងផ្លូវចិត្ត។ ជាពិសេស អ្នកសារព័ត៌មានស្រី ជួបប្រទះបញ្ហាប្រឈមចំពោះយេនឌ័រ ដូចជាការយាយី ការឃ្លាំមើល និងការបំពានលើអ៊ីនធឺណិត ដែលទាមទារយុទ្ធសាស្ត្រសុវត្ថិភាពគោលដៅ និងការគាំទ្រពីអង្គការ។

លោកស្រី សាវតា ចាន់គ្រឹស្នា នាយិកានៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បាននិយាយថា៖ “តាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយអង្គការយូណេស្កូជាសកល ដែលរួមបញ្ចូលអ្នកសារព័ត៌មានកម្ពុជា បានសន្និដ្ឋានថា ៧៣% នៃបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយស្ត្រីបានជួបប្រទះអំពើហិង្សាតាមប្រព័ន្ធអនឡាញ។ អំពើហឹង្សាផ្អែកលើយេនឌ័រដែលពួកគេត្រូវបានលាតត្រដាងដោយបង្កប់ន័យដូចជា ការមាក់ងាយ ការលេបខាយផ្លូវភេទ ការចំអក ការបំពានរាងកាយ ការរំលោភ និងឃាតកម្មជាដើម។ ទាំងនេះបានតម្រូវឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហានេះជាបន្ទាន់”។

លោកស្រី នាយិកា បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះបំពេញបន្ថែមលើការអភិវឌ្ឍផែនការសុវត្ថិភាពដែលអង្គការមណ្ឌលព័ត៌មានស្ត្រីបានធ្វើបច្ចុប្បន្នភាព ហើយនឹងជួយធានាថាបុគ្គលិក និងបណ្តាញអ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មានស្ត្រី មិនត្រឹមតែបានយល់អំពីផែនការនេះប៉ុណ្ណោះទេ ក៏អាចអនុវត្តឧបករណ៍ និងពិធីការរបស់ខ្លួននៅក្នុងការងារប្រចាំថ្ងៃផងដែរ។ លោកស្រី សាវតា គ្រឹស្នា សង្ឃឹមថា វគ្គបណ្តុះបណ្តាលថ្ងៃនេះនឹងអាចឆ្លើយតបនឹងការ​គំរាមកំហែង​ដែល​កំពុង​វិវត្ត​ដែល​អ្នក​សារព័ត៌មាន​​កំពុងប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ រួម​មាន​ហានិភ័យ​ខាង​រូបវន្ត ឌីជីថល ច្បាប់ និង​ផ្លូវចិត្តជាដើម។

កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានចែកចេញជា៤វគ្គ។ វគ្គទី១ ទាក់ទងជាមួយការធ្វើផែនការ និងការយល់ដឹងពីហានិភ័យ។ វគ្គទី២ បទពិសោធន៍ក្នុងការងារ និងដំណើរការស្តារឡើងវិញ, វគ្គទី៣ សុវត្ថិភាពឌីជីថលក្នុងការអនុវត្ត និងវគ្គទី៤ សីលធម៌ និងស្ថានការណ៍វឹកវរ។

កញ្ញា ហង់ សុគន្ធា ជាគ្រូបណ្តុះបណ្តាលសិក្ខានេះ បានលើកឡើងថា ចុងបញ្ចប់នៃសិក្ខាសាលានេះ អ្នកចូលរួមនឹងអាចអនុវត្តការវាយតម្លៃហានិភ័យមុនចេញសកម្មភាព, បង្កើនការអនុវត្តសុវត្ថិភាពឌីជីថលក្នុងការទំនាក់ទំនង, ឆ្លើយតបប្រសើរជាងមុនចំពោះការរំលោភបំពាន ការគំរាមកំហែង និងសម្ពាធផ្លូវចិត្ត ផ្លូវផ្នត់គំនិត, អនុវត្តសីលធម៌ និងការគាំទ្ររវាងក្រុម នៅពេលប្រឈមមុខនឹងហានិភ័យ និងផ្តល់ជាមតិយោបល់ចំពោះផែនការសុវត្ថិភាព និងសន្តិសុខ សម្រាប់អ្នកសារព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម