សេចក្ដីជូនដំណឹង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហា រូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល-ចែកចាយ និងផ្ដល់សេវាថែទាំរថយន្ដឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសផ្ដល់នូវអាហារូបករណ៍ចំនួន ១០០ នាក់ ជូនដល់ពលករ និងជនភៀសសឹក ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។
កម្មវិធីទទួលបានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា, លោក វ៉ាន់ វិចិត្រ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ACEC និងការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គណៈគ្រប់គ្រងក្រុមហ៊ុន លោកគ្រូ អ្នកគ្រូ ពីមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា និងបណ្តាសមាជិកសារព័ត៌មាន។

កម្មវិធីនេះត្រូវបានរៀបចំដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា និង ទទួលបានការគាំទ្រពី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។ សមិទ្ធផលនេះកើតចេញពីការប្តេជ្ញារួមគ្នារវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងភាពដៃគូយុទ្ធសាស្ត្រដើម្បីកសាងកម្លាំងពលកម្មជំនាញ និងលើកកម្ពស់ធនធានមនុស្ស ដែលផ្តល់ឱកាសអាទិភាពដល់ជនភៀសសឹក និងពលករដែលបានវិលត្រឡប់មកស្រុកវិញ។
បេក្ខជនដែលទទួលបានអាហារូបករណ៍មិនត្រឹមតែបានរៀនដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានការរៀនជាមួយគ្រូជំនាញដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីប្រទេសអូស្ត្រាលី និងការចុះអនុវត្តផ្ទាល់លើរថយន្តទំនើបៗ សម្រាប់វគ្គសិក្សារយៈពេល ៣ ខែ នៅមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។
ជំនាញទាំងនោះរួមមាន៖ ជួសជុលតួយានយន្ត តោន បាញ់ថ្នាំពណ៌ និងជួសជុលផ្នែកមេកានិចយានយន្ត។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ បេក្ខជននឹងទទួលបាននូវជំនាញបច្ចេកទេសមួយយ៉ាងច្បាស់លាស់ ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។

លើសពីនេះទៀត បេក្ខជនក៏អាចទទួលបានឱកាសការងារនៅក្រុមហ៊ុន អ អិម អេ ខេមបូឌា ឬតាមបណ្តាក្រុមហ៊ុន ស្ថាប័នយានយន្តធំៗនៅកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់ចំពោះកម្លាំងពលកម្មមានជំនាញបច្ចេកទេសផងដែរ។
លោកអគ្គនាយក ងន សាំង បានមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្ដល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា។ ជានិច្ចកាល ក្រុមហ៊ុន អ អិម អេ ខេមបូឌា តែងតែផ្តល់ត្រលប់ទៅឱ្យសង្គមជាតិវិញតាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមសាជីវកម្ម ដូចជា ការសាងសង់ និងជួសជុលសាលារៀន បណ្ណាល័យ បន្ទប់ទឹកស្អាត ការឧបត្ថម្ភរថយន្តដឹកវ៉ាក់សាំង រថយន្តសង្គ្រោះបន្ទាន់ ការដាំដើមឈើ ការបរិច្ចាគឈាម ការផ្តល់ជំនួយសប្បុរសធម៌ និងជំនួយវេជ្ជសាស្ត្រដល់ជនភៀសសឹក។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្កើតនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដចំនួន ១១ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលសិស្សនិស្សិតជំនាន់ក្រោយ ឱ្យមានជំនាញ ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេសយានយន្ត ដោយមានការអនុវត្តផ្ទាល់ និងស្របតាមស្តង់ដាអន្តរជាតិ។»

លោកជឿជាក់ថា ការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស សង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
អាហារូបករណ៍ ១០០% ចំនួន ១០០ កន្លែង បានបើកទទួលពាក្យហើយ និងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមធ្វើការទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ៖ ០៧៨ ៨៨ ៥៨ ៥៨។

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៤ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត Hako ឧបករណ៍ SATA និងផលិតផលជាច្រើនទៀតផងដែរ។

អំពីមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា)
មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ឬហៅកាត់ថា អេស ខេមបូឌា គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសរថយន្តកម្រិតខ្ពស់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីសិក្សា និងបច្ចេកទេសបង្រៀនពីវិទ្យាស្ថាន Bendigo Kangan ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ល្បីល្បាញបំផុតមួយរបស់អូស្ត្រាលី។ ដូចនេះ រាល់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលនៅ អេស ខេមបូឌា នឹងទទួលបានចំណេះដឹងដូចទៅនឹងការសិក្សានៅប្រទេសអូស្ត្រាលីដែរ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


