វប្បធម៌ ជំនឿ
លោកតាវ័យ៧២ឆ្នាំ ទម្លាយអាថ៌កំបាំង នៅពីក្រោយការដាំដុះ បានផលដូចក្តីប្រាថ្នា តាមរយៈជំនឿអរូបី
រហូតដល់បច្ចុប្បន្ននេះ ជំនឿលើលោកតាខ្វាក់នៅតែមាន សូម្បីអ្នករស់នៅតំបន់លិចទឹកព្រៃរនាម ក្នុងស្រុកឯកភ្នំជាច្រើនអ្នក ក៏នាំគ្នាបន្តប្រកាន់លើជំនឿអរូបីដ៏ស័ក្ដិសិទ្ធិរបស់(លោកតាខ្វាក់)មុនផ្តើមប្រកបមុខរបរធ្វើស្រែឬដាំដំណាំផ្សេងៗ ដើម្បីឲ្យបានផលដូចក្តីរំពឹងទុក តាមការបែរបន់របស់អ្នកភូមិ។
លោកតា សាំង សាន អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិស្តីក្រោម ឃុំព្រែកហ្វួង ស្រុកសង្កែ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបរាប់ឲ្យដឹងថា លោកតាដឹងក្តីនៅអាយុប្រមាណជាង១០ឆ្នាំ ដែលលោកតាបានចងចាំនិងឃើញលទ្ធផលជាក់ស្តែង តាមរយៈជំនឿ១នេះ ខណៈគ្រួសាររបស់លោកតាតែងតែបានទិន្នផលពីផលដំណាំផ្សេងៗ តាមក្តីរំពឹងទុក ដែលបានបន់ស្រន់គោរពនូវដឹងគុណចំពោះបារមីរបស់(លោកតាខ្វាក់)។ លោកតាបានបន្តថា មុននឹងលោកតាបន្តវេនលើជំនឿនេះ ឪពុកម្តាយរបស់លោកតាមុននឹងធ្វើកិច្ចការងារប្រកបមុខរបរដាំដុះដំណាំធ្វើស្រែឬចម្ការផ្សេងៗជានិច្ចកាល តែងតែបន់ស្រន់រំលឹកគុណសុំការអនុញ្ញាតពីលោកតាខ្វាក់ ដើម្បីសុំឲ្យលោកបើកផ្លូវជួយដល់កូនចៅ បានសម្រេចរាល់ភារកិច្ចលើផលដំណាំផ្សេងៗបានភោគផលច្រើន ដើម្បីទ្រទ្រង់ជីវភាពកូនចៅប្រចាំថ្ងៃនោះនឹងបានដូចក្តីបំណងហើយ។
ដោយលោកតា លើកយកដំណាំមួយប្រភេទ បញ្ជាក់ពីការពិតកាលពីអំឡុងឆ្នាំកន្លងទៅថ្មីៗនេះ គឺ ដំណាំឪឡឹក ខណៈលោកតាមុននឹងដាំ លោកតាបានបួងសួងនឹកគុណដល់បារមីរបស់លោកតាខ្វាក់ សុំឲ្យបានភោគផលច្រើននៅឆ្នាំនោះ ហើយផលឪឡឹកបានហុចច្រើនមែនលក់បានក្នុងមួយហិកតាចំនួន១០លានរៀល ដូចការបែរបន់យ៉ាងពិតប្រាកដមែន។ ក្រោយបានផលដូចបំណងលោកតា ក៏បានសែនជូនដល់បារមីលោកតាខ្វាក់ ដែលបានសន្យាមានដូចជា ចេក ស្រា និងជ្រូកខ្វៃដោយថ្វាយលោកតាខ្វាក់តាមការកំណត់ឬសន្យា។
ប្រភពពីអ្នកភូមិមួយផ្សេងទៀត ទាក់ទិននឹងភាពស័ក្ដិសិទ្ធិរបស់លោកតាខ្វាក់បានរៀបរាប់ថា កាលពីអំឡុងជិត៧០ឆ្នាំមុន គាត់បានឮឪពុកម្តាយនិយាយតំណាលថា ពួកគាត់បានដើរចូលទៅក្នុងព្រៃ ដើម្បីកាប់ឈើក៏បានជួបប្រទះជាមួយហ្វូងសត្វដំរី១ហ្វូងហើយដំរីនោះ ក៏បានដេញពួកគាត់រត់ព្រាតជាមួយគ្នា ដោយសារតែភ័យពេក គាត់ក៏បាននាំគ្នាស្រែកខ្លាំងៗបួងសួងដល់លោកតាខ្វាក់ឲ្យជួយដេញដំរីនិងបញ្ចៀសនូវគ្រោះកាចនេះ ស្រាប់តែភ្លាមៗនោះ ហ្វូងដំរីបានឮឈ្មោះលោកតាខ្វាក់ក៏នាំគ្នាដើរចេញពីពួកគាត់អស់តែម្តងទៅ។ ការដំណាលខាងលើនេះ នៅខណៈដែលកាលណោះឈ្មោះលោកតា(ស្តើង)បាននាំគ្រួសារទៅលេងបងប្អូននៅតំបន់ខាងលើនេះ ហើយបានដេកចំកន្លែង ដែលអ្នកភូមិហៅថា ជាកន្លែងផ្លូវរបស់ព្រលឹងហ្វូងដំរី ដែលមានអ្នកតាកាន់ហើយ ពេលអ្នកភូមិប្រាប់ហើយតែតាស្តើង ដែលទៅលេងសាច់ញាតិនៅភូមិខាងលើមិនជឿហើយបែរជានិយាយចំអកថា គាត់កំពុងតែរកជើងដំរីធ្វើប្រអប់ស្លាមិនបានផងលុះព្រឹកឡើង តាស្តើងបានស្លាប់ទាំងមិនសមហេតុផលនៅក្នុងមុងតែម្តងទៅ ធ្វើឲ្យអ្នកភូមិមានការសោកស្ដាយនឹងកាន់តែមានជំនឿថែមទៀតរហូតដល់បច្ចុប្បន្ន។
ប្រភពដដែលបន្តរឿង១ទៀតថា នៅក្នុងអំឡុងឆ្នាំមួយកន្លងទៅមុន លោកចុះភ្ជួររាស់ធ្វើស្រែលោកបានបន់ស្រន់ដល់លោកតាខ្វាក់ថា ឆ្នាំនេះបើធ្វើស្រូវកើតល្អចំណេញប្រាក់ច្រើនលោកនឹងសង់ស្ពានមួយឆ្លងកាត់ប្រឡាយ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានឆ្លងកាត់ទៅមកផង ហើយកាលណោះទិន្នផលស្រូវរបស់គាត់ ក៏បានសម្រេចដូចការចង់បានមែន រួចហើយលោកក៏បាននាំគ្នាសាងសង់ឈើមួយ ដែលបន្សល់ទុករហូតដល់បច្ចុប្បន្ននេះតែម្តង។
លោកតា សាំង សាន្ត បន្តបន្ថែមថា បើទោះបីជំនឿអរូបីខាងលើបានកើតមានលើប្រជាជននៅតំបន់ដែនទឹកព្រៃរនាមពេញបន្ទុកយ៉ាងណាក៏ដោយចុះ ក៏គាត់មិនដែលបានឃើញរូបសំណាករបស់អ្នកតាខ្វាក់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ខណៈបច្ចុប្បន្ននេះ បានដឹងនិងឃើញត្រឹមតែវិញ្ញាណលោកតាខ្វាក់មកស្ថិតចូលរូបមីងឈ្មោះ(រ៉ើន)នៅភូមិបាក់រទេះ ដែលត្រូវជាមីងរបស់លោកតាតែប៉ុណ្ណោះ ហើយសម័យកាលបច្ចុប្បន្ននេះ អ្នកស្រុកបានត្រឹមតែគូររូបលើដុំថ្មនិងដុំឈើ ដែលមានទម្រង់ជាមនុស្ស ហើយយកជាតំណាងលោកតាខ្វាក់នៅតាមទីកន្លែងផ្សេងៗគ្នាដូចជា នៅក្នុងបរិវេណផ្ទះ លើដីទីទួល ក្រោមដើមឈើធំៗឬនៅតាមជ្រុងដីចម្ការរៀងៗខ្លួនជាដើម សម្រាប់បួងសួងមុនពេលផ្តើមប្រកបធ្វើស្រែចម្ការឬបន់ស្រន់នៅពេលកូនចៅឈឺថ្កាត់ម្តងៗ ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ស្អាងភ្នំបង្កប់រឿងអាថ៌កំបាំង អ្នកស្រុកទាំងព្រហ្មញសាសនា និងព្រះពុទ្ធសាសនា គោរពបូជាតៗគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)