វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាគម្រោងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នឹងបញ្ចប់ចុងឆ្នាំនេះ
អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ក្រុមការងារជំនាញបានប្រើប្រាស់ពេលជិត៦ខែ ក្នុងការខិតខំប្រឹងប្រែងថែទាំ ជួសជុល និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០%ហើយ ដោយគម្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែវិច្ឆិកា។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះអនុវត្តបានប្រមាណជាង៧០% គ្រោងបញ្ចប់គម្រោងនាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោកបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរការជួសជុល អ្នកជំនាញអាចយកថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញនៅផ្នែកខឿន បានប្រមាណ៣០% ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដីមកចាក់បំពេញបន្ថែម។ ចំណែកបច្ចេកទេសជួសជុល អ្នកជំនាញអះអាងថា អនុវត្តទៅតាមបច្ចេកទេសពីបុរាណមក ដោយគ្រាន់តែបន្ថែមជញ្ជាំងទប់ពីខាងក្រោយ បន្ថែមកម្លាំងឱ្យរឹងមាំ ទប់ស្កាត់កម្លាំងរុញរបស់ដីដែលហូរបុកមក។
គួរបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ការជួសជុលថែទាំ ពង្រឹងកំពែងក្រុងអង្គរធំ ក្រៅពីផ្តល់ឱ្យពលរដ្ឋរស់នៅជុំវិញនោះមានការងារ ក៏ជួយឱ្យកំពែងមានសោភណភាពឡើងវិញ ចៀសផុតពីការដួលរលំ និងអាចរក្សាទីក្រុងបុរាណមួយនេះ ឱ្យមានរូបរាងដើម ស្រស់ស្អាត បន្តដល់កូនចៅជំនាន់ក្រោយ និងអាចទាក់ទាញទេសចរឱ្យមកកម្សាន្តបានទៀតផង៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


