Connect with us

ព័ត៌មានអន្ដរជាតិ

កសិករវៀតណាមខាតធ្ងន់ធ្ងរ ​ដោយទុកទុរេនឱ្យទុំធ្លាក់ចោលនៅចម្ការ ខណៈឈ្មួញផ្អាកការទិញ

បានផុស

នៅ

បណ្ដាម្ចាស់ចម្ការទុរេននៅខេត្ត ដាក់ឡាក់ នៃប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ​ចំពេលការនាំចេញរងការរំខានជាថ្មី ហើយ​​ពាណិជ្ជករ​ផ្អាកការទិញ ​​ដោយសារតែការពន្យារពេល​តេស្តរកសំណល់គីមី​ពីមន្ទីរពិសោធន៍។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករម្នាក់ឈ្មោះ Doan Thi Thuy ដែល​មានចម្ការទុរេនជាង ១០០ ដើម​នៅស្រុក​ Krong Pak នៃខេត្ត ដាក់់ឡាក់ បាន​និយាយថា ផ្លែទុរេនរបស់ខ្លួនចាប់ផ្ដើមរលួយធ្លាក់ពីលើដើមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ កសិករម្នាក់ទៀតឈ្មោះ Doan Kiem ដែល​ជាម្ចាស់ទុរេនជាង ៣ ហិចតា បាន​និយាយថា លោកទុកទុរេនឱ្យ​ទុំរលួយធ្លាក់លើដីចោល ដោយមិនប្រមូលផលនោះទេ ព្រោះនៅតែខាតដដែល។ លោកអះអាងថា លោកត្រូវចំណាយប្រាក់ប្រហែល ៦០០ លាន​ដុង (២៤ ០០០ ដុល្លារ) ក្នុង១ឆ្នាំៗ ដើម្បីថែទាំចម្ការទុរេន ៥០០ ដើមរបស់លោក ប៉ុន្តែស្ថានភាពបច្ចុប្បន្ន បង្កការខាតបង់ជាច្រើនរយលានដុងរួចទៅហើយ។​

បើតាមការរាយការណ៍របស់ VnExpress ពាណិជ្ជករធំំៗបាន​ផ្អាកការទិញ និងបាន​លុបកុងត្រាទិញ​ពីកសិករព្រោះមិនអាចនាំចេញបាន​។

តម្លៃ​ផ្លែ​ទុរេនគុណភាព​ល្អបំផុត ​បាន​ធ្លាក់​ចុះ​ពី​ជាង ១០០ ០០០ ដុង (៣,៨ ដុល្លារ​​) មក​ត្រឹម​ប្រហែល ៨០ ០០០ ដុង​/គីឡូក្រាម។ ចំពោះបញ្ហាតម្លៃនេះ កសិករឈ្មោះ Doan Thi Thuy បាន​និយាយថា ក្រោយឈ្មួញលុបចោលកុងត្រាទុរេន ៨២ ០០០ (៣,១២ ដុល្លារ​)/គីឡូក្រាម​ ហើយ​លោកស្រីត្រូវបង្ខំចិត្តលក់ទុរេនឱ្យឈ្មួញតូចៗ ត្រឹម ២០ ០០០-២៥​ ០០០ ដុង/គីឡូក្រាម។ ​

កាលពីសប្តាហ៍មុន សមាគមទុរេនខេត្តដាក់ឡាក់ បាននិយាយថា ផ្លែទុរេន​ជិត ២ ០០០ កុងតឺន័រ ត្រូវជាប់គាំងក្នុងឃ្លាំង កន្លែងវេចខ្ចប់ និងចំណុចត្រួតពិនិត្យព្រំដែន រាប់តាំងពីថ្ងៃទី ១១ ខែតុលា មក​ ខណៈ​មន្ទីរពិសោធន៍វៀតណាម​បានផ្អាកការធ្វើតេស្តសំណល់គីមី ដែលរារាំងអាជីវកម្មពីការទទួលបានវិញ្ញាបនបត្រ​សម្រាប់ការនាំចេញ។ យោងតាមសមាគម ការជាប់គាំង​ បង្កហានិភ័យនៃការខូចគុណភាព និង​ប្រេះសំបកទុរេន​ ដែលអាចកាត់បន្ថយគុណភាពរបស់​ផ្លែ។

សមាគមបាននិយាយថា ការប្រមូលផលទុរេនកំពុងឈានដល់រដូវកាល​ធំនៅខេត្ត ដាក់ឡាក់ ដែលជាខេត្ត​ដាំទុរេន​ដ៏សំខាន់មួយ នៅតំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម​។

សមាគមទុរេនបាននិយាយថា កសិកររាប់រយនាក់​ក្នុងខេត្តកំពុងរងទុក្ខ។ ផ្លែ​ទុរេន​ទុំរាប់ពាន់តោននៅតែលក់មិនចេញ ខណៈ​កសិករ​ត្រូវចំណាយលើការថែទាំដើម ការដឹកជញ្ជូន និងការ​ស្ដុកទុរេនជាដើម​។ ​ឈ្មួញនាំចេញឯណោះវិញ ក៏ស្ថិតក្នុងស្ថានភាពលំបាកផងដែរ ព្រោះពួកគេមិនអាចធ្វើអ្វីបាន ក្រៅពីរង់ចាំលទ្ធផលតេស្ត។

គួរគូសបញ្ជាក់ថា វៀតណាមបាននាំចេញទុរេនស្រស់ប្រហែល ៤៥១ ០០០ តោន ក្នុងតម្លៃ ១,៥២ ប៊ីលាន​ដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ដោយ​ធ្លាក់ចុះ ២៤ ភាគរយ គិតជាបរិមាណ និង ២៥ ភាគរយ គិតជាតម្លៃ។ ​នេះបើយោងតាមទិន្នន័យគយវៀតណាម​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម