Connect with us

ព័ត៌មានអន្ដរជាតិ

តើថៃ​ត្រូវ​ខាតបង់បែបណា ប្រសិន​បើអនុវត្តការបិទឈូងសមុទ្រថៃ ក្នុងបរិបទឈ្លានពាន​កម្ពុជា?

បានផុស

នៅ

កងទ័ពជើងថៃកំពុងពិចារណាបិទ​ឈូងសមុទ្រថៃ ដើម្បីផ្ដាច់ការផ្គត់ផ្គង់ប្រេង និង​ទំនិញយុទ្ធសាស្រ្តចូលមកកម្ពុជា និង​កំណត់តំបន់សមុទ្រនៅជិតកំពង់ផែកម្ពុជាជា «តំបន់​មានហានិភ័យខ្ពស់»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រសិន​បើថៃសម្រេចចិត្តបិទដែនទឹកមែននោះ ​វាអាច​រារាំងដល់​ការដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ ឬទំនិញស៊ីវិលសំខាន់ៗ​ ដែលប្រើប្រាស់ក្នុងគោលបំណងស៊ីវិល ​ដែលអាចរាប់ថាខុសច្បាប់​មនុស្សធម៌អន្តរជាតិ​។ ហើយបើមែនទែនទៅ វាក៏អាច​រំលោភផងដែរលើ​អនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលផ្តល់សិទ្ធិ​ឱ្យ​គ្រប់រដ្ឋទាំងអស់មានសេរីភាពក្នុងការធ្វើនាវាចរណ៍ឆ្លងកាត់ ដែនទឹកអន្តរជាតិ និង តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់រដ្ឋដទៃ។

ប៉ុន្តែថៃអាចនឹង​ប្រឈមមុខនឹង​ការខាតបង់បែបណា ជាពិសេសផ្នែកសេដ្ឋកិច្ចចំពោះការបិទ?

​គិតត្រឹមព្រឹកថ្ងៃចន្ទ ថៃមិនទាន់​ប្រកាស​បទបញ្ជានៃការបិទ​នៅឡើយទេ ខណៈភាគីពាក់ព័ន្ធគ្រោង​នឹង​បើកកិច្ចប្រជុំសន្តិសុខថ្ងៃចន្ទនេះ ដើម្បីពិភាក្សាលើបញ្ហាដដែល។

កងទ័ពជើងទឹក​ថៃបាន​អះអាងថា ចំណាត់់ការរបស់ខ្លួននឹង​បិទការផ្គត់ផ្គង់ប្រេង និងទំនិញយុទ្ធសាស្រ្តមកកម្ពុជា ក៏ដូចជាត្រួតពិនិត្យ និងឃ្លាំមើលលើនាវាដែលសង្ស័យថាដឹក​ជញ្ជូនមុខ​ទំនិញដដែល​​មកកម្ពុជា។ ​យ៉ាងណាមិញ ថៃមិនបាន​បញ្ជាក់អំពីការរឹតត្បឹតណាមួយ​ចំពោះមុខ «ទំនិញ​ស៊ីវិលធម្មតា» ឬថាតើខ្លួននឹង​​កំណត់គោលដៅ​​លើ​នាវាបរទេសដែលដឹកជញ្ញូនទំនិញយុទ្ធសាស្រ្ត​មកកម្ពុជាតាមរយៈដែលទឹកអន្តរជាតិ​ ឬយ៉ាងណានោះទេ ខណៈឈូងសមុទ្រថៃជាដែនទឹកអន្តរជាតិដែលព័ទ្ធជុំវិញដោយប្រទេសចំនួន៤ ដែលរួមមានថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី​ ​ដែលមានន័យថា វាមិនមែនជាដែនទឹកផ្ដាច់មុខរបស់ថៃ។​

ដោយឡែក កម្ពុជាបាន​បិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃ តាំងតែពីចុងខែមិថុនាមកម្ល៉េះ ក្រោយអ្នកនយោបាយថៃជំរុញឱ្យមាន​ការកាត់ផ្ដាច់ថាមពលយុទ្ធសាស្រ្តមួយនេះមកកម្ពុជា ជុំវិញភាពតានតឹងព្រំដែន។ កម្ពុជា​មានជម្រើស ក្នុងការបង្កើនការ​នាំចូលប្រេង​ពីប្រទេសផ្គត់ផ្គង់សំខាន់ៗទៀត រួមមាន​កម្ពុជា សិង្ហបុរី ចិន និងម៉ាឡេស៊ីជាដើម ដែលធ្វើឱ្យថៃ និងក្រុមហ៊ុនថៃ បាត់បង់ទីផ្សារលក់ឥន្ធនៈរបស់ខ្លួននៅលើទីផ្សារទាំងស្រុង។

មួយវិញទៀត ក្រោយប្រទេសថៃប្រកាសបិទច្រកព្រំដែនគោកជាមួយកម្ពុជាទាំងស្រុងជាឯកតោភាគី ទំនិញថៃដែលនាំចូលមកកម្ពុជា ត្រូវបង្វែរផ្លូវ​ដឹកជញ្ជូនតាមរយៈព្រំដែនឡាវ និងសំខាន់បំផុតផ្លូវសមុទ្រចូលមកកំពង់ផែរបស់កម្ពុជា។

ការបិទឈូងសមុទ្រថៃ មាន​ន័យថា ថៃនឹង​​បន្ថែម​ការរំខានផ្លូវពាណិជ្ជកម្ម​របស់ខ្លួនកាន់តែធ្ងន់ធ្ងរ ខណៈអាជីវកម្ម​ថៃរងការខាតបង់រួចស្រាប់ហើយក្នុងបរិបទជម្លោះព្រំដែន ដោយសារតែពិបាកនាំចូលមកកម្ពុជា កំណើននៃការចំណាយ ​រលកពហិការទំនិញថៃក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា និងការប្រកួតប្រជែងពីប្រទេសដទៃជាដើម។

ដែនសមុទ្រភាគខាងកើតរបស់ថៃ ដែលនៅជាប់កម្ពុជា ក៏ជួយបម្រើសកម្មភាពទេសចរណ៍ផងដែរ។ ការបិទនឹង​រំខានដល់វិស័យទេសចរណ៍ និងសេវាកម្ម​ថៃ ​ដោយ​បន្ថែមវិបត្តិមួយទៀត​សម្រាប់ប្រជាជនក្នុងតំបន់ ជាពិសេសក្នុងពេលដែលបញ្ហាព្រំដែនបាន​បង្កជាបញ្ហាសេដ្ឋកិច្ចខ្លាំងរួចទៅហើយសម្រាប់ពួកគេ រាប់តាំងពីការបង្ខំចិត្តជម្លៀសខ្លួន​ចេញពីព្រំដែន ការ​បាត់បង់លំហូរ​មនុស្សឆ្លងដែនពីកម្ពុជា និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរជាដើម។ នេះនឹងប៉ះពាល់ដល់អាជីវកម្មខ្នាតតូច​ ដែលជាដង្ហើមសេដ្ឋកិច្ចសំខាន់ក្នុងតំបន់របស់ប្រជាជនថៃ ខ្លាំងជាងគេ។

កាសែត The Nation ឯណោះវិញ បាន​ចុះផ្សាយកាលពីថ្ងៃអាទិត្យ​ថា កងទ័ពជើងទឹកថៃបាន​ស្នើឱ្យប្រជានេសាទថៃផ្អាកការនេសាទក្នុងដែនទឹកចំនួន ៤ តំបន់នៃខេត្ត ត្រាត ដែលខ្លួនកំណត់ថាជាតំបន់​ហានិភ័យ រួមមាន ភាគខាងត្បូងនៃកោះឆាង តំបន់ជុំវិញកោះកុត ដែនទឹកទល់មុខកោះយ៉ និងក្បែរស្រុក ខ្លងយ៉ៃ។ ​នេះ បង្ហាញពីវិសាលភាពនៃផលប៉ះពាល់កាន់តែធំសម្រាប់ពលរដ្ឋថៃ ដែលពឹងអាស្រ័យលើការនេសាទសម្រាប់ចិញ្ចឹមជីវិត។

អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺថា ការបិទឈូងសមុទ្រថៃ ប្រសិនបើកើតឡើង​មែន នោះវាបង្ហាញពី​ការបង្កើនភាពតានតឹងនៃជម្លោះព្រំដែន ដែលបញ្ហានេះបាន​ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគក្នុងស្រុកថៃរួចស្រាប់ទៅហើយ។ ភាពកាន់តែតានតឹងមាន​ន័យថាផលប៉ះពាល់លើទំនុកចិត្តវិនិយោគិនកាន់តែធ្ងន់ធ្ងរ ដែលបង្កឱ្យ​មាន​ការផ្អាក ឬលុបចោលគម្រោងអភិវឌ្ឍឯកជនណាមួយ ជាពិសេសក្នុង​តំបន់សេដ្ឋកិច្ចភាគខាងកើតថៃ ឬជាប់ព្រំដែនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម