ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូថៃព្រមានពីភាពស្រពេចស្រពិលនៃទស្សនវិស័យសេដ្ឋកិច្ច ជុំវិញអស្ថិរភាពនយោបាយ
សេដ្ឋវិទូថៃបានព្រមានពីភាពស្រពេចស្រពិលនៃទស្សនវិស័យសេដ្ឋកិច្ចថៃ ដោយសារតែអស្ថិរភាពនយោបាយដែលបន្តអូសបន្លាយ ចំពេលប្រទេសនេះរៀបចំការបោះឆ្នោតនៅដើមខែកុម្ភៈឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការរៀបចំបោះឆ្នោតនោះ ធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ បានប្រកាសរំលាយសភា កាលពីថ្ងៃទី ១២ ខែធ្នូ ពោលគឺតិចជាងមួយសប្ដាហ៍ ក្រោយយោធាថៃបើកការឈ្លានពានជាថ្មីប្រឆាំងកម្ពុជា។
ការរំលាយសភា ឆ្លុះបញ្ចាំងពីការបន្តព្យុះនយោបាយថៃ និងធ្វើឡើងត្រឹម ៣ ខែក្រោយលោក អានុទីន ឡើងកាន់អំណាច បន្តពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវតុលាការធម្មនុញ្ញថៃទម្លាក់ចេញពីអំណាចនៅចុងខែសីហា ជុំវិញករណីបែបធ្លាយសម្លេងសន្ទនាទូរស័ព្ទជាមួយប្រធានសភាកម្ពុជា សម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនថៃ-កម្ពុជា។
សេដ្ឋវិទូនៅសាកលវិទ្យាល័យ Thammasat លោក Kiatanantha Lounkaew បាននិយាយថា ការបោះឆ្នោតមុនកាលកំណត់នៅឆ្នាំក្រោយ អាចជាប្រភពនៃក្តីសង្ឃឹមសម្រាប់សេដ្ឋកិច្ចថៃ ឬក៏អាចជាប្រភពនៃភាពកាន់តែសៅហ្មងសម្រាប់ប្រជាជនថៃ ប្រសិនបើការលំបាកផ្នែកសេដ្ឋកិច្ចនៅតែបន្ត។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ថៃត្រូវការគណបក្សនយោបាយក្នុងការបោះឆ្នោត ដើម្បីបង្ហាញរចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីសម្រាប់ប្រទេសជាតិ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»។ លោកបន្តថា៖ «ប្រសិនបើថៃបរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្នុងរយៈពេល២ឆ្នាំ ប្រទេសនេះនឹងធ្លាក់ចុះក្នុងការប្រកួតប្រជែង ហើយមិនអាចដើរតាមទាន់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់វៀតណាមបានឡើយ»។
បើតាមសេដ្ឋវិទូដដែល កិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចថៃឡើងវិញបានផ្តោតលើផ្នែកផ្គត់ផ្គង់ ឬការកែលម្អសមត្ថភាពរបស់សហគ្រិន ដែលបានបង្ហាញថាមានភាពលំបាកខ្លាំងណាស់។
លោកបានបន្ថែមថា ការបោះឆ្នោតនាពេលខាងមុខគួរតែមានការប្រកួតប្រជែងគ្នាខ្លាំង ហើយគណបក្សណាដែលអាចរក្សាកំណើនសេដ្ឋកិច្ចថៃបានដោយជោគជ័យ នោះទំនងជានឹងកាន់អំណាចបានយូរ។
គួរគូសបញ្ជាក់ថា ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច បានក្លាយជាបញ្ហាដ៏ធំសម្រាប់រដ្ឋាភិបាលថៃ ដែលរងនូវអស្ថិរភាពនយោបាយយ៉ាងចាក់ស្រែះ។ អ្នកវិភាគបានលើកឡើងពីឧបសគ្គរចនាសម្ព័ន្ធ ថាជាបញ្ហាសេដ្ឋកិច្ចធំដែលត្រូវការដោះស្រាយ រួមទាំងការពឹងផ្អែកលើវិស័យប្រពៃណីដើម្បីកំណើន ផលិតកម្មទាប និងកម្សោយនវានុវត្តន៍ បំណុលគ្រួសារ និងកង្វះកម្លាំងពលកម្មជំនាញជាដើម។
អស្ថិរភាពនយោបាយថៃមានន័យថា រដ្ឋាភិបាលថៃពិបាកនឹងសម្រេចគ្នាលើយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហារចនាសម្ព័ន្ធទាំងអស់នេះ ខណៈបង្កើតជាភាពស្រពិចស្រពិលផ្សេងៗ ដែលប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងបង្កភាពយឺតយ៉ាវដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផ្សេងៗ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) សេដ្ឋកិច្ចថៃបានកើនឡើងត្រឹម ១,២% នៅត្រីមាសទី ៣ ហើយរំពឹងថានឹងកើនឡើងខ្ពស់បំផុតត្រឹម ២% នៅឆ្នាំនេះ ដែលវាបង្ហាញពីនិន្នាការដើរអូសជើង និងខ្សោយខ្លាំងធៀបនឹងគូប្រជែងសំខាន់ៗក្នុងតំបន់ ជាពិសេសវៀតណាម និងឥណ្ឌូណេស៊ី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


