សេដ្ឋកិច្ច
វិនិយោគិនកូរ៉េ ចាប់អារម្មណ៍លើទីផ្សារកម្ពុជា
វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។
ជំនួបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ «កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ» ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួលរាល់ការវិនិយោគពីបរទេសផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។
កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។

ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន៖ ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោយនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថានឹងមានការចូលរួមយ៉ាងសកម្មពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមពីកូរ៉េមកកាន់កម្ពុជា។
លោក Sungsoo Kim បានជម្រាបជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។
លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ជំនួបនេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានថ្មីមួយក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


