ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មសកលប្រឈមនឹងភាពមិនប្រាកដប្រជាជាថ្មី ជុំវិញបញ្ហា «ពន្ធ ត្រាំ»
អ្នកជំនាញឧស្សាហកម្ម និងសេដ្ឋវិទូបានព្រមានថា ពាណិជ្ជកម្មសកលកំពុងធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជាជាថ្មី ពាក់ព័ន្ថនឹងគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក ដែលកំពុងទាក់ទាញការឃ្លាំមើលពីជុំវិញពិភពលោក និងប៉ះពាល់ដល់ទំនុកចិត្តទីផ្សារអន្តរជាតិ ជាពិសេសលើទ្រព្យសម្បត្តិពាក់ព័ន្ធអាមេរិក។

ការព្រមានបែបនេះ ធ្វើឡើងក្រោយតុលាការកំពូលអាមេរិកប្រកាសការសម្រេចកាលពីសប្ដាហ៍មុនថា ពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) និងត្រូវដកចេញភ្លាមៗ។ លោក ត្រាំ ដែលប្រឆាំងយ៉ាងដាច់អហង្ការចំពោះការសម្រេចរបស់តុលាការកំពូល បានប្រើប្រាស់ច្បាប់មួយទៀត ដើម្បីដាក់ពន្ធ ១៥% ថ្មី លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់។
ខណៈភ្នាក់ងារគយអាមេរិកប្រកាសពីការឈប់យកពន្ធ ត្រាំ ដែលដាក់ក្រោមច្បាប់ IEEPA ចាប់ពីថ្ងៃអង្គារ ភាពស្រពេចស្រពិលសម្រាប់ពាណិជ្ជកម្មសកលបានលេចឡើងជាថ្មី ពោលគឺចំពេលដែលពិភពលោកច្បាប់ផ្ដើមសម្របខ្លួនទៅនឹង «ពន្ធបដិការ» របស់លោក ត្រាំ ជាបណ្ដើរៗរួចទៅហើយ។
ការសម្រេចរបស់តុលាការកំពូលបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក រួមទាំងវិនិយោគិនផ្សារហ៊ុន និងទំនិញ ក៏ដូចជាប្រទេសផ្សេងៗ រួមទាំងសហភាពអឺរ៉ុប(EU) និងចិន ដែលសុទ្ធសឹងតែជាគូវិវាទពាណិជ្ជកម្មរបស់អាមេរិកជុំវិញគោលនយោបាយពន្ធ ខណៈប្រទេសជាច្រើនរួចទៅហើយ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ក្រោមសម្ពាធពន្ធ ត្រាំ ដោយផ្លាស់ប្ដូរនូវរចនាសម្ព័ន្ធពាណិជ្ជកម្មទ្រង់ទ្រាយធំ។
លោក William Bain ប្រធានគោលនយោបាយពាណិជ្ជកម្មនៅសភាពាណិជ្ជកម្មអង់គ្លេស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន BBC ថា មានសំណួរជាច្រើនអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ដែលនេះបង្ហាញពីភាពមិនប្រាកដប្រជាសកល។
លោកបានបន្តថា អាជីវកម្មនានាធុញទ្រាន់នឹងការផ្លាស់ប្តូរឥតឈប់ឈរ និងកង្វះច្បាប់ពន្ធគយច្បាស់លាស់ និងមានស្ថេរភាព។ ដោយសារតែភាពមិនប្រាកដប្រជានេះ ក្រុមហ៊ុននានាមិនដឹងថាពួកគេអាចគិតថ្លៃអតិថិជននៅអាមេរិកប៉ុន្មាននោះទេ ដែលធ្វើឱ្យពួកគេ «ខកចិត្ត និងអស់កម្លាំង» ដោយសារតែការផ្លាស់ប្តូរគោលនយោបាយជាញឹកញាប់ពេក។
ដោយឡែកលោក Paul Ashworth ប្រធានសេដ្ឋវិទូសម្រាប់អាមេរិកខាងជើងនៅក្រុមហ៊ុន Capital Economics បាននិយាយថា អត្រាពន្ធថ្មី ១៥% ដែលលោក ត្រាំ ប្រកាសឡើងនៅថ្ងៃសៅរ៍ ត្រូវអនុវត្តក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ ច្បាប់នេះចែងថា ពន្ធត្រូវតែអនុវត្តស្មើៗគ្នាចំពោះប្រទេសទាំងអស់ ដោយគ្មានការលំអៀននោះទេ ដូច្នេះហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោក ត្រាំ បានចុះហត្ថលេខាជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក អាចនឹងរងផលប៉ះពាល់ក្រោមអត្រាពន្ធថ្មី។
លើសពីនោះ មាត្រា ១២២ អនុញ្ញាតឱ្យលោក ត្រាំ ដាក់ពន្ធខ្ពស់បំផុតត្រឹម ១៥% ត្រឹមតែ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយលើសពីនោះ រដ្ឋបាលរបស់លោក ត្រូវទទួលបានការអនុម័តពីសភា។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន សេតវិមានបាននិយាយថា ទំនិញមួយចំនួននឹងមិនត្រូវទទួលរងនូវពន្ធថ្មីនោះទេ ដោយសារវាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចអាមេរិក រួមទាំងរ៉ែសំខាន់ៗ ផលិតផលថាមពល ធនធានដែលមិនអាចផលិតនៅអាមេរិក និងផលិតផលកសិកម្មមួយចំនួន រួមទាំងសាច់គោ និងប៉េងប៉ោះ និងយានយន្ត។
ប៉ុន្តែអាជីវកម្មអន្តរជាតិនៅតែមានការភ័យខ្លាចថា លោក ត្រាំ អាចប្រើប្រាស់មាត្រាផ្សេងទៀតនៃច្បាប់ពាណិជ្ជកម្ម ដើម្បីអនុវត្តពន្ធបន្ថែមលើទំនិញ។ តួយ៉ាង សេដ្ឋវិទូអាមេរិក លោក Bernard Yaros បានចង្អុលបង្ហាញថា លោក ត្រាំ កាលពីឆ្នាំមុន បានប្រើប្រាស់មាត្រា ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ដើម្បីដាក់ពន្ធលើមុខទំនិញជាក់លាក់ ដូចជាយានយន្ត ដែកថែប និងអាលុយមីញ៉ូម ជាដើម។
គួរគូសបញ្ជាក់ថា ការសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃសុក្រ មិនប៉ះពាល់ដល់ពន្ធដែលលោក ត្រាំ បានដាក់ក្រោមច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ដូចជាដែកថែប និងអាលុយមីញ៉ូម នោះទេ។
សេដ្ឋវិទូ និងក្រុមអាជីវកម្មអន្តរជាតិក៏បានព្រមានថា ការដំឡើងពន្ធគយជាបន្តបន្ទាប់ និងភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធ អាចបន្តប៉ះពាល់ដល់អ្នកប្រាស់ប្រាស់អាមេរិក ដោយអាចកាត់បន្ថយជម្រើសផលិតផលនៅលើទីផ្សារអាមេរិក ខណៈក្រុមហ៊ុននាំចេញផ្លាស់ប្តូរទិសដៅនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារផ្សេងទៀតដូចជាអឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិកជាដើម។
ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់តុលាការកំពូល ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធឯកតោភាគី ដែលរំលោភលើច្បាប់ពាណិជ្ជកម្ម ខណៈសន្យាថានឹងការពារផលប្រយោជន៍របស់ចិន។
ដោយឡែកគណៈកម្មការអឺរ៉ុបវិញ បានទទូចឱ្យអាមេរិកគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលភាគីទាំង២សម្រេចបានកាលពីឆ្នាំមុន ដោយព្រមានថា ភាពមិនប្រាកដប្រជាជាថ្មីនៃពន្ធគយ អាចប៉ះពាល់ដល់ «ពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក» ដែលស្មើភាពគ្នា និងមានតុល្យភាព។ ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានព្រមានផងដែរថា បញ្ហាពន្ធអាមេរិកនាពេលនេះ អាចរំខានដល់អាជីវកម្មជាថ្មីម្តងទៀត និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់គោលនយោបាយដែលច្បាស់លាស់ពីអាមេរិក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


