Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញមាន់សាច់​របស់ថៃ កំពុងប្រឈមនឹង​វិបត្តិ ក្រោយចិន​ហាមឃាត់

បានផុស

នៅ

ការនាំចេញមាន់សាច់របស់ប្រទេសថៃកំពុងប្រឈមមុខនឹង​វិបត្តិនៃការធ្លាក់ចុះទាំងបរិមាណនាំចេញ និងតម្លៃ ​ដោយសារតែការហាមឃាត់នាំចូលរបស់ចិន និងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Kukrit Areepakorn អ្នកគ្រប់គ្រងសមាគមអ្នកនាំចេញកែច្នៃសាច់មាន់ថៃ បាន​ឱ្យដឹងថា ចិនបាន​បិទ​ការនាំចូលសាច់​មាន់ និងបក្សី​ពីរោងចក្រកែច្នៃភាគច្រើនរបស់​ថៃ ក្រោយប្រទេសនេះ​បាន​រឹតបន្តឹង​​ស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យអនាម័យ​។ ការណ៍នេះ អាច​កាត់បន្ថយការនាំចេញទៅកាន់ទីផ្សារ​ចិន​ជាង ៥០​% ខណៈ​ពីមុនមក រោងចក្រកែច្នៃថៃចំនួន ២២ អាចនាំចេញទៅចិន ប៉ុន្តែពេលនេះ មាន​តែ ៥ ប៉ុណ្ណោះ ដែលអាច។

បច្ចុប្បន្ន មន្ទីរ​បង្កាត់សត្វថៃ កំពុងចរចាលើបញ្ហានាំចេញជាមួយរដ្ឋាភិបាលចិន។ ​

​ដោយឡែក​ ជម្លោះនៅមជ្ឈិមបូព៌ាបានរារាំងការនាំចេញទៅកាន់តំបន់នោះ និងបានបង្កើនថ្លៃដឹកជញ្ជូនទៅកាន់អឺរ៉ុបយ៉ាងខ្លាំង ដោយបង្ខំឱ្យមានការបង្វែរទិសដៅ​ដឹកកាត់តាម​ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង​។

វិបត្តិផ្នែកនាំចេញមាន់របស់ថៃ កាន់តែធ្ងន់ធ្ងរឡើងដោយផលវិបាកទាក់ទងនឹងជម្លោះ រួមទាំងតម្លៃប្រេងខ្ពស់ ​កំណើន​ថ្លៃចំណីសត្វ និងកង្វះខាតផ្លាស្ទិកសម្រាប់វេចខ្ចប់ជាដើម​។

កត្តារួមបញ្ចូលគ្នាទាំងនេះ បានបណ្តាលឱ្យការនាំចេញសាច់មាន់របស់ប្រទេសថៃធ្លាក់ចុះ ២% នៅក្នុងខែមករា និងខែកុម្ភៈ ​ហើយអាចធ្លាក់ចុះគំហុកពេញមួយឆ្នាំនេះ ​ខណៈឆ្នាំមុន ថៃកើបចំណូលប្រមាណ ១៥៦ ប៊ីលាន​បាត ពីការនាំចេញសាច់មាន់ ១,៣ លានតោន។

ការនាំចេញទៅកាន់ទីផ្សារចិន នឹងថយចុះមកត្រឹមប្រហែល ៤-៥ ម៉ឺនតោន នៅឆ្នាំនេះ ពី ១ សែន តោនឆ្នាំមុន។​ ការនាំចេញទៅមជ្ឈិមបូព៌ាវិញ រំពឹងថានឹង​គ្មាននោះទេ ខណៈទីផ្សារសហភាពអឺរ៉ុបអាចស្រូបយក ១,៧-១,៨ សែនតោន ហើយអង់គ្លេស ២ សែនតោន ប៉ុន្តែតម្លៃដឹកជញ្ជូនទៅទីផ្សារទាំងនេះកំពុងកើនឡើង។

​ទីផ្សារជប៉ុន ​ដែលថៃនាំចេញសាច់មាន់ទៅច្រើនជាងគេ (៥ សែនតោន ឬប្រហែល ៥០% នៃការនាំចេញរបស់ថៃ) ​បច្ចុប្បន្ន កំពុង​មានបញ្ហាជាមួយនឹងការខ្វះខាតវេចខ្ចប់ប្លាស្ទិក ដោយសារតែជម្លោះមជ្ឈិមបូព៌ា​។

ខណៈការនាំចេញសាច់មាន់​ថៃកំពុងប្រឈមវិបត្តិ ការប្រើប្រាស់ក្នុងស្រុកឯណោះវិញក៏នៅតែខ្សោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម