Connect with us

ព័ត៌មានជាតិ

លែង​ពិបាក​ដូច​មុន ផ្លូវ​ទៅ​​ជីផាត​ចាក់​ក្រាល​កៅស៊ូ​ស្ទើរ​រួចរាល់ ១០០% ទេសចរ​អាច​ទៅ​កម្សាន្ត​ទាំង​រដូវ​ប្រាំង​និង​រដូវ​វស្សា​

បានផុស

នៅ

ផ្លូវ​ទៅ​តំបន់​អេកូ​ទេសចរណ៍​ជីផាត​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង បាន​វិវឌ្ឍន៍​ពី​ផ្លូវ​ដី​ក្រួស​ក្រហម​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​សម្រួល​បាន​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ លែង​ពិបាក​ដូច​មុន​បាន​គ្រប់​រដូវ​មិន​ថា​រដូវ​ប្រាំង​ឬ​រដូវ​វស្សា។

ផ្តល់​បទ​សម្ភាសន៍​តាម​ទូរសព្ទ​ដល់​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ លោក អៀង ដារ៉ាវុធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ផ្លូវទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍​ជីផាត ដែល​លោក​បាន​បញ្ជាក់​ថា​គឺ​ជិត​រួចរាល់​ជាស្ថាពរ​ហើយ ពោល​គឺ​សម្រេច​បាន​ជាង ៩០% ដោយ​នៅសល់​ការងារ​បន្តិចបន្តួច​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា តាម​រយៈ​សមិទ្ធផល​ផ្លូវ​នេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការអបអរសាទរ និង​គាំទ្រយ៉ាងខ្លាំង​ ខណៈ​ដែល​ផ្លូវ​​ទៅ​តំបន់អេកូទេសចរណ៍​ជីផាត​គឺជា​ខ្សែផ្លូវទេសចរណ៍​ដ៏​សំខាន់​មួយ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ចាប់​អារម្មណ៍​ទៅ​កម្សាន្ត​​យ៉ាង​ច្រើន។

«ផលប្រយោជន៍ផ្លូវនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបម្រើដល់វិស័យទេសចរណ៍ ព្រោះតំបន់ជីផាតជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរចូលចិត្ត​ទៅលេងកម្សាន្តច្រើន»។

ដើម្បី​ធានា​ឱ្យ​ផ្លូវទើបស្ថាបនា​​ថ្មី​អាច​ប្រើប្រាស់​បានយូរអង្វែង មន្រ្តីជំនាញ​ស្នើ​ឲ្យ​មានការ​​សហការចូលរួម​​ថែរក្សា​ពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរ​​ពាក់ព័ន្ធ។ លោក អៀង ដារ៉ាវុធ បាន​បញ្ជាក់​ថា ហានិភ័យ​ចម្បង​និង​ធំបំផុត​ដែល​ធ្វើឱ្យផ្លូវ​ឆាប់ខូច គឺ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ ពី​រថយន្ត​ធុនធ្ងន់​ប្រកប​អាជីវកម្ម​នានា​ដូចជា រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ និង​ដឹក​ថ្ម ត្រូវដឹកឲ្យត្រូវតាមទម្ងន់កំណត់ កុំឲ្យលើសទម្ងន់ ព្រោះបើគ្មានការចូលរួមថែរក្សាទេ ផ្លូវកៅស៊ូនេះនឹងត្រូវខូចខាតទៅវិញក្នុងរយៈពេលតែ ១ ទៅ ២ ឆ្នាំប៉ុណ្ណោះ

ស្របពេលដែល​​ផ្លូវ​ទៅ​តំបន់ទេសចរណ៍​​ជីផាត​សាងសង់​ស្ទើរ​រួចរាល់ ១០០% ពលរដ្ឋ​​ស្នើ​ឱ្យ​មាន​ការ​សាងសង់​ស្ពាន​ឆ្លងកាត់ដៃព្រែក​​ជីផាត​បន្ថែម ខណៈ​អាជ្ញាធរ​បញ្ជាក់​ថា​កំពុង​ធ្វើការ​ដោះស្រាយ​តាម​ដំណាក់កាល។

លោក អៀង ដារ៉ាវុធ បាន​ឆ្លើយតប​ថា «អាជ្ញាធរនឹងធ្វើទៅតាមដំណាក់កាល ដោយត្រូវស្វែងរកដៃគូសហការ ឬកញ្ចប់ថវិកាពីថ្នាក់លើមកជួយ តែ​មិនទាន់សន្យាថានឹងធ្វើជូន ១០០% ភ្លាមៗនោះទេ ដោយ​នឹងខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីបន្តការសាងសង់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម