Connect with us

សេដ្ឋកិច្ច

​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ​ពិនិត្យគម្រោង​វិនិយោគចំនួន ​១០ ​ក្រោមទុនជាង ៧២ លានដុល្លារ ​

បានផុស

នៅ

លោក ហ៊ាន សាហ៊ីប ​ប្រធានក្រុមការងារជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ​នៅថ្ងៃទី ២២ ​កក្កដា ២០២៦​ បានដឹកនាំកិច្ចប្រជុំ ​ដើម្បីពិនិត្យគម្រោង​វិនិយោគ និង​ធុរកិច្ចចំនួន ១០ ដោយមានការអញ្ជើញចូលរួមពីតំណាង​ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងទាំងនេះ រួមមាន គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម (SME Cluster), គម្រោងរោងចក្រកែច្នៃលោហធាតុ, គម្រោងរោងចក្រកែច្នៃក្តារបន្ទះ, គម្រោងរមណីយដ្ឋាន និងរីសត, គម្រោងសណ្ឋាគារ និងរីសត និងគម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារ ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ៨០០ កន្លែង។

​គិតចាប់ពីឆ្នាំ ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៦​ ក្រុមការងារបានសម្រេចផ្តល់ការលើក​ទឹកចិត្ត និងការសម្រួលនីតិវិធីដល់គម្រោងសរុប ៤៩១ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៨,៤ ប៊ីលានដុល្លារ និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង។ ​

​គម្រោងទាំង ៤៩១ នេះ រួមមាន៖ ​គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦ គម្រោងពុំពាក់ព័ន្ធ​អគារជាប់គាំង ឬគម្រោងថ្មីចំនួន ២៣៥, គម្រោងពង្រីកចំនួន ២៥ និងគម្រោងមានស្រាប់ចំនួន ១៥។

លោក ​ហាន ​សាហ៊ីប​ បានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ ក្រុមការងារជំរុញ​ការវិនិយោគ​ក្នុងខេត្តព្រះសីហនុ បានសិក្សាអំពីបរិយាកាសវិនិយោគបច្ចុប្បន្ននៅខេត្តព្រះសីហនុ ពាក់ព័ន្ធស្ថានភាពពិភព​លោក តំបន់ និងក្នុងស្រុក ដោយបានសម្ភាសជាមួយម្ចាស់គម្រោង និងសង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្ត។ ​

អ្នកឆ្លើយសម្ភាស យល់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើត និងស្តារទំនុកចិត្តវិនិយោគ ដែលតាមនេះ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍ នៅបន្តមានសកម្មភាព ហើយសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅមានសញ្ញាណ​ល្អ​ប្រសើរ ​ស្របពេលដែលក្រសួងស្ថាប័ន ក្រុមការងារ និងរដ្ឋបាលខេត្តព្រះសីហនុបាននិង កំពុង​បន្តខិត​ខំទាក់ទាញវិនិយោគ។ ​

វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុ មាននិន្នាការប្រើប្រាស់វត្ថុធាតុដើម ពីរោងចក្រ​សហ​គ្រាសក្នុងស្រុក ដូចជា ​ឈើដាំក្នុងស្រុក កម្ទេចឈើ ម្សៅដំឡូងមី កៅស៊ូ និងអំបិល ជាដើម។ និន្នាការនេះ ជាកាលានុវត្តភាពបន្ថែមសម្រាប់ការវិនិយោគ ដែលទាមទារឱ្យមានការបន្តជំរុញ គាំទ្រ និងសម្របសម្រួល ពីក្រសួងស្ថាប័ន​ពាក់ព័ន្ធ ចូលរួមធ្វើកិច្ចការជាមួយគ្នា ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា ឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយតម្លាភា​ព ស្របតាមអភិក្រម «ជវភាពនៃ​ប្រព័ន្ធតួអង្គតែមួយ»។​

លោកបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់​ក្រុមការ​ងារ និងបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានជោគជ័យ​ ហើយត្រូវធ្វើការរួម​គ្នា​ដោយ​ភាពស៊ីសង្វាក់ ដើម្បីដោះស្រាយបញ្ហារបស់វិនិយោគិន «ជាកញ្ចប់» និងមានសង្គតិភាព។

រាល់ការសម្របសម្រួលនីតិវិធី ការផ្តល់ការលើកទឹកចិត្ត និង​ការឆ្លើយតបទៅនឹងតម្រូវ​ការជាក់​ស្តែង​របស់ធុរជន​ ត្រូវតែធ្វើឡើងដោយបុរេសកម្ម ឆាប់រហ័ស និងមានតម្លាភាព ដោយតម្កល់ផល​ប្រយោជន៍ជាតិ​ជាចម្បង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់​តែល្អ​ប្រសើរ។​

​ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លើកទឹកចិត្តដល់ធុរជន និងវិនិយោគិន មកដាក់ពាក្យ ឬស្នើ​មកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹក​ចិត្តពិសេស ការសម្របសម្រួល និងការសម្រួលនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម