Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចិនចំនួន ៣៥ គ្រោងបណ្ដាក់ទុនវិនិយោគជិត​១ពាន់លានដុល្លារ បង្កើតរោងចក្រ និងការងាររាប់ម៉ឺនកន្លែងក្នុងខេត្តតាកែវ

បានផុស

នៅ

ខេត្តតាកែវកំពុងឈានទៅរកការអភិវឌ្ឍដ៏ធំមួយ ខណៈក្រុមហ៊ុនចំនួន ៣៥ មកពីខេត្តចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញផែនការបណ្តាក់ទុនវិនិយោគសរុបប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រ និងសហគ្រាសក្នុងវិស័យសំខាន់ៗនៅខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះត្រូវបានលើកឡើងក្នុងឱកាសដែលលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចមកពីក្រុមហ៊ុនទាំង ៣៥ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្ត។

តាមគម្រោងវិនិយោគទាំងនេះ នឹងផ្តោតលើវិស័យអាទិភាពរួមមាន កសិកម្ម និងកសិឧស្សាហកម្មបច្ចេកវិទ្យា ការផលិតគ្រឿងបង្គំអេឡិចត្រូនិក និងការផលិតគ្រឿងបរិក្ខារអគ្គិសនី ដែលជាវិស័យមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។

ក្នុងជំនួបនេះ លោក វ៉ី សំណាង បានអះអាងថា រដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្រ សម្របសម្រួល និងបង្កភាពងាយស្រួលដល់វិនិយោគិនទាំងអស់ ដើម្បីធានាឱ្យការវិនិយោគប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។

គម្រោងវិនិយោគដ៏ធំនេះ ត្រូវបានរំពឹងថានឹងជួយបង្កើតការងារថ្មីៗរាប់ម៉ឺនកន្លែង បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ លើកកម្ពស់សមត្ថភាពផលិតកម្ម ផ្ទេរបច្ចេកវិទ្យាទំនើប និងអភិវឌ្ឍជំនាញធនធានមនុស្ស ស្របតាមតម្រូវការទីផ្សារការងារនាពេលអនាគត។

ការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនចិនលើខេត្តតាកែវ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីការកើនឡើងនៃទំនុកចិត្តលើស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ ប្រសិនបើគម្រោងនេះអនុវត្តបានជោគជ័យ វានឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ខេត្តតាកែវក្នុងរយៈពេលខាងមុខ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម