សេដ្ឋកិច្ច
កម្ពុជាខាតបង់រំហូរហិរញ្ញប្បទានប្រមាណ ៣.៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២០
ភ្នំពេញ៖ កម្ពុជាបានខាតបង់រំហូរហិរញ្ញប្បទានប្រមាណ ៣.៦ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១៩.៨% នៃរំហូរហិរញ្ញប្បទានសរុប នៅឆ្នាំ២០២០ កន្លងទៅដោយសារតែការរាលដាលជាសកលនៃជំងឺកូវីដ-១៩។ បើតាមរបាយការណ៍សិក្សាថ្មីមួយរបស់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ យូអិនឌីភី (UNDP) ប្រភពហិរញ្ញប្បទានរបស់កម្ពុជាដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានចំណូលនៅក្នុងស្រុកការវិនិយោគដោយផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។

នៅក្នុងរបាយការណ៍សិក្សាថ្មីមួយចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដាក្រោមចំណងជើងថា “ការវាយតម្លៃលើធនធានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នៅកម្ពុជា (DFA)” យូអិនឌីភីប្រចាំនៅកម្ពុជាបានរកឃើញថា ចំណូលក្នុងស្រុកកាន់តែក្លាយទៅជាប្រភពហិរញ្ញប្បទានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនៅ កម្ពុជា។ ដោយប្រភពហិរញ្ញប្បទាននោះស្មើនឹង ១៩% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២០ និងបន្តកើនឡើងរហូតដល់ ២២.៥% ត្រឹមឆ្នាំ២០២៥ ខាងមុខ។
របាយការណ៍កម្រាស់ ៥២ទំព័របានឱ្យដឹងទៀតថា រំហូរជំនួយអភិវឌ្ឍន៍ផ្លូវការដែលកម្ពុជាទទួលបាន គឺនៅមានកម្រិតនៅឡើយដោយស្មើនឹងប្រមាណ ៧.៩% នៃផលិតផលក្នុងស្រុកសរុប ខណៈផ្នែកខ្លះនៃហិរញ្ញប្បទានត្រូវបានបង្វែរទៅជាកម្ចីវិញ។
នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ កម្ពុជាបានខាតបង់នូវហិរញ្ញប្បទានគួរឱ្យកត់សម្គាល់។ ក្នុងរង្វង់ហិរញ្ញប្បទានប្រមាណ ៣.៦ពាន់លានដុល្លារ កម្ពុជាបានខាតបង់ទៅលើមានជាអាទិ៍ ចំណូលក្នុងស្រុកដែលប៉ានប្រមាណថាធ្លាក់ចុះ ២៣.៦% ដោយសារការកាត់បន្ថយប្រាក់ចំណូលពន្ធលើសេដ្ឋកិច្ចធុនតូច ការធ្លាក់ចុះនៃការវិនិយោគដោយផ្ទាល់ពីបរទេសដែលត្រូវបានប៉ានប្រមាណថាអាចទាបជាង ៣១% ដោយសារផលប៉ះពាល់នៃខ្សែច្រវាក់ផលិតផលកម្មជាសកល និង ការខាតបង់ពីការវិនិយោគក្នុងស្រុកទៅលើវិស័យធំៗដូចជាសណង់ និងទេសចរណ៍ដែលសន្និដ្ឋានថាធ្លាក់ចុះ ៤១០លានដុល្លារ។
របាយការណ៍នេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើនវានុវត្តន៍គោលនយោបាយហិរញ្ញប្បទានដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងធានាឱ្យមានការបន្តរំហូរមូលធនឯកជនក្នុងកម្រិតខ្ពស់។ ដូច្នេះគួរមានការសិក្សាបន្ថែមពីជម្រើសផ្សេងទៀតនៃយន្តការហិរញ្ញប្បទានបៃតងដែលអាចយកមកប្រើប្រាស់ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាបានឱ្យដឹងថា នេះជាលើកទីមួយហើយដែលមានការបង្កើតជាម៉ូដែល ដើម្បីបង្ហាញឱ្យឃើញពីរូបភាពពេញលេញនៃរំហូរចូលហិរញ្ញវត្ថុដែលគេរំពឹងថានឹងទទួលបានពីគ្រប់ប្រភពទាំងអស់សម្រាប់កម្ពុជាជាមួយនឹងភាពជាក់លាក់បែបនេះ។ នៅពេលដែលយើងអាចសម្រួលការរឹតត្បិតដោយសារជំងឺកូវីដ-១៩ គេរំពឹងថារំហូរធនធានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនឹងមានកំណើនខ្ពស់។ ក្នុងចំណោមរំហូរទាំងនេះ ប្រភពហិរញ្ញប្បទានពីក្នុងស្រុកកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ។ កម្ពុជាអាចងើបចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងទសវត្សរ៍ ២០២០។ ពេលនេះហើយជាពេលវេលាដែលត្រូវត្រៀមប្រភពហិរញ្ញប្បទានថ្មីៗដូចដែលបង្ហាញយ៉ាងច្បាស់នៅក្នុងរបាយការណ៍នេះ។ ការមានលទ្ធភាពចេញសញ្ញាប័ណ្ណជាប្រាក់រៀលគឺជាជម្រើសមួយដែលកំពុងត្រូវបានយកមកធ្វើការពិចារណា ហើយក៏ជាជម្រើសដែលទទួលបានការគាំទ្រខ្លាំងក្លាពី UNDP ផងដែរ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងផ្សព្វផ្សាយផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលនឹងប្រើប្រាស់ហិរញ្ញប្បទានពីថវិការជាតិ និងពិចារណាកៀរគរប្រភពហិរញ្ញប្បទានផ្សេងទៀតផងដែរ។ របាយការណ៍នេះផ្តល់ឱ្យនូវគំនិតបន្ថែមពីជម្រើសប្រភពហិរញ្ញប្បទានដទៃទៀត។

គួររំលឹកថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល កាលពីខែឧសភា ២០២០ បាន បងើ្កនហិរញ្ញប្បទានបន្ថែមដើម្បីស្ដារ និងជំរុញកំណើនក្រោយវិបត្តិនៃជំងឺកូវីដ-១៩ មានដូចជា វិធានការបងើ្កន និងសម្រួលរំហូរសាច់ប្រាក់ ចំណុចនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយ និងកែសម្រួលនូវលក្ខខណ្ឌមួយចំនួនដើម្បីបង្កើន និងសម្រួលរំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធធនា គារថែមទៀត៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


