សេដ្ឋកិច្ច
ADB អនុម័តកម្ចីជាង ៧០០ លានដុល្លារ ពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។

កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ ធន់ និងមានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។
កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។
លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងដែលធន់នឹងអាកាសធាតុនិងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថា សូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ»។

ខណៈកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត ៨៣% ក្នុងឆ្នាំ ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី ៧៣% និងអនាម័យកើនឡើងពី ៥៤% កាលពីឆ្នាំ ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។
សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ និងដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងអាកាសធាតុដែលប្រែប្រួលខ្លាំង។
ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ ១០,៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០%។

តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៤៧,៨% ពី ៤,៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ៦,៨ លាននាក់ (៣៥% នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ ២០៤០។
កម្មវិធីវិនិយោគនេះ ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វានឹងគាំទ្រការវិនិយោគជាអាទិភាព រយៈពេលខ្លី និងវែង ដើម្បីពង្រីក និងធ្វើឱ្យមាននិរន្តរភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងដែលធន់ លើកកម្ពស់សន្តិសុខទឹក និងពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវា។
បែងចែកជា ៤ កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦ លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និងភ្នាក់ងារអនុវត្ត។ ការនេះធានានូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន និងបទពិសោធន៍ពីមុន ដើម្បីពង្រឹងការអនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ។ កញ្ចប់នីមួយៗ នឹងអនុវត្តបន្តពីមួយទៅមួយដើម្បីធានាគុណភាពផលជះ និងនិរន្តរភាពរបស់កម្មវិធីទាំងមូល។
ជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥.000 នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥00,000៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


