Connect with us

សេដ្ឋកិច្ច

ក្រសួងកសិកម្មបង្ហាញតម្លៃសេវាកម្មគ្រឿងយន្ត និងដាំដំណាំគម្របដីច្បាស់ៗជូនប្រជាកសិករ

បានផុស

នៅ

ក្នុងទិសដៅពង្រឹងសមត្ថភាពប្រើប្រាស់គ្រឿងយន្ត និងបច្ចេកទេសកសិកម្មដល់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីតម្លៃសេវាកម្មយ៉ាងជាក់លាក់ ដើម្បីងាយស្រួលដល់កសិករ សហការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃសេវាកម្ម ដែលក្រសួងកសិកម្ម បានផ្ដល់ជូន និងសហការជាមួយកសិករនាពេលកន្លងមក រួមមាន៖

១- ការកៀរពង្រាបដីចម្ការ ១៤០ ០០០៛/ហត ដីស្រែ ៦០០ ០០០៛/ហត

២- ការដាំដំណាំគម្របដីមុនដាំពោតនិងស្រូវ ១២០ ០០០៛/ហត

៣- ការដាំស្រូវ ពោត សណ្តែកដោយម៉ាស៊ីនដាំគ្រាប់ស្ងួតលើដីមិនភ្ជួររាស់១៤០ ០០០៛/ហត

៤- ការដាំដំឡូងមីដោយម៉ាស៊ីនលើដីមិនភ្ជួររាស់ ៣៥០ ០០០៛/ហត

៥- ការដាំពោត និងស្រូវលើគម្របដីស្រស់ ១៤០ ០០០៛/ហត

៦- ការដាំដំណាំចំណីសត្វ ១៤០ ០០០៛/ហត

៧- ការដាំដំណាំគម្របដីក្នុងចន្លោះឈើហូបផ្លែ ១៤០ ០០០៛/ហត

គិតមកទល់ពេលនេះ សរុបផ្ទៃដីអនុវត្ត សម្រេចបានចំនួន ១,៦៨៦ ហត និងមាន ៦៦០ គ្រួសារទទួលបានសេវាកម្មនេះ។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ ក្នុងឆមាសទី២ ក្រុមការងារគម្រោងរបស់ក្រសួង ដាក់គោលដៅនឹងបន្តសម្របសម្រួលលើការផ្តល់សេវាកម្មគ្រឿងយន្ត និងគ្រាប់ពូជដំណាំគម្របដីឱ្យបានទាន់ពេលវេលា ជាពិសេសផ្តល់ការប្រឹក្សាយោបល់បច្ចេកទេសលើការថែទាំដំណាំ ចែករំលែកចំណេះដឹងតាមរយៈបណ្តាញសង្គម ទៅដល់តួអង្គនៃបណ្តាញកសិកម្មអភរិក្ស រៀបចំវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីបច្ចេកទេសតាមប្រព័ន្ធអនឡាញ និងវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធដាំដុះរបស់បណ្តាញកសិករក្នុងឆ្នាំ២០២១។

បាត់ដំបងគឺជាខេត្តគោលដៅ ដោយផ្តោតលើផលិតកម្មដំណាំចម្ការប្រចាំរដូវ (ពោត ដំឡូងមី សណ្តែក) ឈើហូបផ្លែ និងការចិញ្ចឹមសត្វនៅតំបន់ខ្ពង់រាបក្នុងស្រុករតនៈមណ្ឌល និងផលិតកម្មស្រូវទំនាបរំពឹងទឹកភ្លៀងក្នុងស្រុកបាណន់។ គម្រោងត្រូវបានអនុវត្តនៅទីតាំងគោលសរុបចំនួន ១៨ភូមិ ក្នុងស្រុករតនៈមណ្ឌល សំឡូត និងស្រុកបាណន់ ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តន៍លើគម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្មអភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF)”។ គម្រោងនេះ ត្រូវបានផ្តួចផ្តើមអនុវត្តក្នុងគោលដៅឱ្យផ្នែកឯកជនបំពេញតួនាទីរបស់ខ្លួនក្នុងដំណើរវិវឌ្ឍនាការកសិកម្មអភិរក្សតាមគោលការណ៍កសិអេកូឡូស៊ី។

គម្រោងនេះ ចាប់ផ្ដើមក្នុងឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) ជាមួយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្ម មជ្ឈមណ្ឌលស៊ីសេន (CE SAIN) សាកលវិទ្យាល័យ Kansas State University និងអង្គការស្វីសខនថាក់ (Swisscontact)។ គម្រោងមានរយ:ពេល ៣ឆ្នាំ (២០១៨-២០២១) ត្រូវប្រើ ប្រាស់ថវិកាសរុបចំនួន ១៩៥ ០០០ដុល្លារ ដែលបានមកពីជំនួយឥតសំណងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម