ទីក្រុង ៣ នៅកម្ពុជា ប្រែខ្លួន​ជា​ទីក្រុង​ឆ្លាតវៃ មាន​ចំណុច​ខុស​ប្លែក​យ៉ាងម៉េច​ខ្លះ?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទីក្រុង ៣ នៅកម្ពុជា ប្រែខ្លួន​ជា​ទីក្រុង​ឆ្លាតវៃ មាន​ចំណុច​ខុស​ប្លែក​យ៉ាងម៉េច​ខ្លះ?

បានផុស

នៅ

រាជធានី​ភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ត្រូវបាន​ជ្រើសរើស​ជាសមាជិក​នៃបណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន។ ទីក្រុង​ឆ្លាតវៃ​មិន​ត្រឹម​តែ​ជា​ទីក្រុង​ដែល​មានការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​នោះ​ទេ តែ​ជា​ទីក្រុង​ដែល​ប្រជាជន​ទាំងអស់​អាច​រស់នៅ​បាន (livable city)។ នេះ​បើ​តាម​ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង​ឆ្លាតវៃ គឺ​ជា​ទីក្រុង​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​សេវា​ផ្សេងៗ​ដែល​រួម​ទាំង​ការងារ ចំណី​អាហារ មធ្យោបាយ​ដឹកជញ្ជូន ទំនាក់ទំនង អប់រំ សន្តិសុខ ទឹក ភ្លើង បរិស្ថាន​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មនុស្ស​គ្រប់រូប។

តំបន់ Pub street នៅទីក្រុងសៀមរាប

តើ​ទីក្រុង​ឆ្លាត​វៃ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ? យោង​តាម​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​ធ្វើការ​ពន្យល់​បកស្រាយ​ពី​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើត​ទីក្រុង​ឆ្លាត​វៃ។

ទីក្រុងស្អាតអាចជួយឱ្យការសម្រេចចិត្តកាន់តែប្រសើរដោយផ្អែកលើទិន្នន័យ៖

ភាព​ជឿនលឿន​របស់ទិន្នន័យធំ (Big Data) អនុញ្ញាត​ឱ្យ​ទីក្រុងនានា ទទួល​បាន​ព័ត៌មាន​ដែល​មិនធ្លាប់​ទទួល​បានពីមុនមក។ ការវិភាគទិន្នន័យ​អាចឱ្យរដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី​ធ្វើការ​ស្វែងយល់​ពី​តម្រូវការ​របស់ប្រជាពលរដ្ឋ។ ដោយឡែក ក្រុមហ៊ុន​តូចធំ​ក៏អាច​សិក្សាស្វែងយល់ ពី​តម្រូវការ​របស់អតិថិជន​កាន់តែច្បាស់ ដើម្បីឱ្យផលិតផល និងសេវាកម្ម មាន​ភាព​ប្រកួតប្រជែង​ខ្ពស់។

ទីក្រុងឆ្លាតអាចជួយបង្កើនទំនាក់ទំនងរវាងរដ្ឋ និងប្រជាជន៖

ប្រជាជន​នៅ​ក្នុងទីក្រុង​ឆ្លាតវៃ អាចចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍទីក្រុង​របស់ខ្លួន តាម​រយៈ​ការ​ចូលរួម​គំនិត​យោបល់ ព្រម​ទាំង​ចូលរួម​ផ្តល់ទិន្នន័យ បង្ហាញ ការ​គាំទ្រ និង​ចូលរួមផ្តល់​មូលនិធិ​សម្រាប់​គម្រោង​នានា​ដែល​ពួកគាត់ ពេញចិត្តនៅក្នុងកសាងទីក្រុងស្អាត ។

ទីក្រុងឆ្លាតជួយបង្កើនសុវត្ថិភាពទីក្រុង៖

បច្ចេកវិទ្យា AI សម្រាប់សម្គាល់មុខ (Al For Facial Recognition) ដែល​បំពាក់​ជាមួយ​កាមេរ៉ា​សុវត្ថិភាព អាច​ឱ្យអាជ្ញាធរ​មូលដ្ឋាន​ប្រើប្រាស់​ដើម្បី​ឃ្លាំមើល និង​កំណត់​អត្តសញ្ញាណឧក្រិដ្ឋជន ឬ​ជន​សង្ស័យ​នៅក្នុងចំណោម​មនុស្ស​ច្រើន ដែល​អាច​ជួយ​ការពារ​សុវត្ថិភាព​ប្រជា​ពលរដ្ឋពី​ឧក្រិដ្ឋកម្ម​នានា។

ទីក្រុងឆ្លាតវៃ ជួយក្នុងការការពារបរិស្ថាន៖

បច្ចេកវិទ្យា​ក្នុងទីក្រុង​ស្អាតដូចជា បច្ចេកវិទ្យា​ថាមពលកកើតឡើងវិញ (Renewable Energy) ដែល​ជា​ការប្រើប្រាស់​ថាមពលអគ្គិសនី​ប្រកប​ដោយចីរភាព តាម​រយៈ​ការបំប្លែង ថាមពល​ចេញពី​កម្តៅ​ពន្លឺព្រះអាទិត្យ, ខ្យល់ និង​រំហូរ​ទឹក​ជាដើម អាច​ជួយ​ទប់ទល់ការ​កើនឡើង​កំដៅ​នៃ​ភពផែនដី។

ទីក្រុងឆ្លាតវៃ ជួយសម្រួលដល់ការធ្វើដំណើរ៖

ទីក្រុងស្អាត​ប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ភ្លើង​សញ្ញាចរាចរណ៍​ឆ្លាត ដែល​អាច​កំណត់​ភ្លើងស្តុប​ទៅតាម ភាពជាក់ស្តែង​នៃ​លំហូរ​ចរាចរណ៍ និង​គ្រប់គ្រង​ចរន្តនៃការ​បម្លាស់ទីបានយ៉ាង មាន​ប្រសិទ្ធភាព ដែល​ជាហេតុនាំឱ្យការកកស្ទះត្រូវបានកាត់បន្ថយ។

ទីក្រុងឆ្លាតវៃ ជួយដល់ការប្រើប្រាស់ធនធានប្រកបដោយស័ក្តិសិទ្ធិភាព៖

ដោយសារ​ធនធាន​ធម្មជាតិ​មាន​កម្រិតកំណត់ ដូច្នេះយើង​អាចប្រើប្រាស់ បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​ជួយកាត់​បន្ថយការ​ប្រើប្រាស់​ថាមពលខ្លះខ្ចាយ ព្រមទាំង​កាត់បន្ថយការចំណាយ។ សែនស័រឆ្លាត​អាចជួយ​កំណត់កន្លែងដែល បំពង់ទឹកធ្លាយ ដើម្បី​ឱ្យជាងជួសជុល​បានលឿន​ដែលជួយ​សន្សំសំចៃ​ទឹក។


ទីក្រុងឆ្លាតវៃ ជួយឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ៖

ផ្លូវថ្នល់ ស្ពាន និងអគារ ចំណាស់ៗ​ជាធម្មតា ត្រូវការការវិនិយោគច្រើនដើម្បីថែទាំ​និងជួសជុល។ បច្ចេកវិទ្យា​ឆ្លាត អាចផ្តល់ឱ្យទីក្រុង​នូវ​លទ្ធភាព​ក្នុងការ​ព្យាករណ៍ និង​កំណត់ ហេដ្ឋារចនាសម្ព័ន្ធ និង​ទីតាំង​ចាំបាច់ ដែលត្រូវការ​ជួសជុល មុនពេល​ហេដ្ឋារចនាសម្ព័ន្ធនោះ​ខូចខាត​ទាំងស្រុង ដើម្បី​អាច​ជួយ​សន្សំ​សំចៃ​ថវិកា និង ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ព្រមទាំង​ធ្វើឱ្យ​មជ្ឈដ្ឋាន​រស់នៅ​កាន់តែ​ប្រសើរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services