ព័ត៌មានជាតិ
ជប៉ុន ប្រកាសបន្តអនុវត្តគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប ដំណាក់កាលទី២
ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជាក់ពីការបន្តអនុវត្តលើគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ នៅខេត្តសៀមរាប បន្ទាប់ពីគម្រោងដំណាក់កាលទី១ បានបញ្ចប់កាលពីឧសភា ថ្មីៗនេះ។

ការបញ្ជាក់នេះ គឺបានធ្វើឡើងដោយប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លោក SANUI Kazumasa នៅពេលលោក បានចូលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ហើយភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានតំណាង JICA បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ជាពិសេសគម្រោងដែលផ្ដល់ការគាំទ្រដោយ JICA។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអរគុណចំពោះកិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមកក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ រួមមាន វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាលមន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
លើកឡើងពាក់ព័ន្ធនឹងគម្រោងទីក្រុងឆ្លាតវៃ លោកប្រធានតំណាង JICA បានបញ្ជាក់អំពីសមិទ្ធផលនានារបស់គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ដំណាក់កាលទី១ ដែលត្រូវបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ។ បើតាមប្រធានតំណាងរូបនេះ JICA នឹងបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ជាបន្តទៀត។

រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដំណាក់កាលទី១ រយៈពេលជាង៤ឆ្នាំមកហើយ លើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប នៃខេត្តសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ។ ក្នុងដំណាក់កាលទី១ នេះ JICA បានជួយរៀបចំនូវផែនទីបង្ហាញផ្លូវក្នុងការជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃសម្រាប់ចក្ខុវិស័យឆ្នាំ២០២៣-២០៣៥ ភ្ជាប់នឹងការអនុវត្តនូវគម្រោងចំនួន៨ រួមមាន ១.ការកែលម្អការប្រមូលសំរាម ២.ការត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ៣.ឌីជីថលនីយកម្មនៃស្ថិតិទេសចរណ៍ ៤.ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាលខេត្ត ៥.គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា ៦.កិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ៧.ការប្រមូល និងដឹកជញ្ជូនសំរាមឆ្លាតវៃ និង៨.ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃសៀមរាប។

ជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្តល់ការគាំទ្ររបស់ JICA ដើម្បីចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស ដូចជាការផ្តល់យោបល់លើ សេចក្តីណែនាំស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងការផ្តល់ការគាំទ្រលើជំនួញបច្ចេកទេស 3Es របស់ JICA ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ៥ ផងដែរ។

ប្រមុខក្រសួងមហាផ្ទៃ បានអរគុណចំពោះការផ្តល់ការគាំទ្ររបស់ JICA ទៅលើគម្រោងទាំង៣ ខាងលើ និងបានស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃ បន្តចូលរួមសហការក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស បន្តផ្តល់ការបណ្តុះបណ្តាលពលរដ្ឋតាមមូលដ្ឋាន និងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយលោកបានបញ្ជាក់ពីការស្វាគមន៍របស់ក្រសួងមហាផ្ទៃ ចំពោះកិច្ចសហការនានារវាងក្រសួងមហាផ្ទៃ និងJICA៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


