សេដ្ឋកិច្ច
សមាគមផលិតស្ករត្នោត ព្រួយបារម្ភបាត់បង់ដើមត្នោតក្រោមរូបភាពអភិវឌ្ឍ
ដើមត្នោតដុះរាយប៉ាយពាសពេញដីនៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែខេត្តដែលសម្បូរដើមត្នោតជាងគេ គឺខេត្តកំពង់ស្ពឺ។ មន្រ្តីសមាគមផលិតស្ករត្នោតកំពង់ស្ពឺ កំពុងព្រួយបារម្ភអំពីការបាត់បងដើមត្នោត ដែលដុះនៅតំបន់មួយចំនួនក្នុងខេត្ត ត្រូវបានកាប់ចេញ ដើម្បីពុះដីឡូតិ៍ ឬអភិវឌ្ឍផ្សេងៗ។

លោក វី វាសនា អ្នកចាត់ការទូទៅនៃសមាគមផលិតស្ករត្នោតកំពង់ស្ពឺ បានឱ្យកម្ពុជាថ្មីដឹងថា នៅខេត្តកំពង់ស្ពឺមានតំបន់កំពុងអភិវឌ្ឍច្រើន ដែលទីតាំងទាំងនោះ សម្បូរទៅដោយដើមត្នោត។ លោកថា នៅពេលដែលក្រុមហ៊ុន ចាប់ផ្តើមអភិវឌ្ឍ ពួកគេបានកាប់ដើមត្នោតចេញពីកន្លែងនោះ ដើម្បីយកដីពុះឡូតិ៍លក់ ជាពិសេសនៅក្បែរៗសមាគមផលិតស្ករត្នោតតែម្តង។ លោកបន្ថែមដូច្នេះថា« ពេលខ្លះយើងលក់ដីអស់មួយឡូតិ៍ មានដើមត្នោត១០ដើម គឺយើងខាតច្រើន ព្រោះដើមត្នោត មានអាយុកាលវែង និងមានប្រយោជន៍ច្រើន បើយើងទុកឱ្យកូនចៅជំនាន់ក្រោយប្រើប្រាស់ ទទួលផលយូរអង្វែងតកូនតចៅ»។
បច្ចុប្បន្ននេះ សមាគមស្ករត្នោតកំពង់ស្ពឺ កំពុងទាញយកផលប្រយោជន៍ពីដើមត្នោតតាមរយៈការផលិតជាស្ករបែបស្តង់គុណភាព ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ តាមរយៈសមាគម បានរួមចំណែកជួយដល់កសិករ រាប់រយគ្រួសារ ឱ្យទទួលបានចំណូលពីដើមត្នោត។ លោក វាសនា គាំទ្រចំពោះការអភិវឌ្ឍ ប៉ុន្តែលោក ក៏សោកស្តាយនៅពេលដែលឃើញមានការកាប់ដើមត្នោតដែលជាអត្តសញ្ញាណរបស់ខ្មែរដ៏មានសារៈសំខាន់នេះ។

លោក វី វាសនា ក៏បានជំរុញឱ្យមានការដាំដើមត្នោតឡើងវិញផងដែរ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយទាញយកប្រយោជន៍បន្តពីដើមត្នោតនេះ។
ជាមួយគ្នានេះ លោក ហេង មករា ម្ចាស់សិប្បកម្មធ្យូងអនាម័យ បាននិងកំពុងដាំដើមត្នោតចំនួនជាង១ម៉ឺនដើម លើផ្ទៃដី ២០ហិកតា នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោកថា ដើមត្នោត មានគុណសម្បត្តិច្រើនជាងដើមឈើផ្សេងៗទៀត។ លោក ហេង មករា ចាប់ផ្តើមដាំដើមត្នោតនាពេលនេះ មិនត្រឹមតែដើម្បីអភិរក្សនោះទេ ដោយលោកមើលឃើញពីសារៈប្រយោជន៍វែងឆ្ងាយ ចំពោះរុក្ខជាតិប្រភេទដើមត្នោតនេះ។ លោកយល់ថា អនាគតទៅ ក្នុងមួយឆ្នាំដើមត្នោតមួយដើម អាចហុចផលត្រឹម ២០ដុល្លារ ក៏ចំណូលពីដើមត្នោតដែលលោកដាំជាង១ម៉ឺនដើមនេះ អាចចិញ្ចឹមបីបាច់កូនចៅជំនាន់ក្រោយរបស់លោករស់បានស្រួលដែរ។ លោកបន្តថា« បើទោះជាដើមត្នោតប្រើរយៈពេលវែងទើបទទួលបានផល តែបើយើងមិនដាំ គេមិនដាំ តើនរណាជាអ្នកដាំ បើសព្វថ្ងៃមានតែអ្នកកាប់បំផ្លាញ តែអ្នកដាំមានតិចដូច្នេះ…ខ្ញុំដាំនេះ សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយខ្ញុំ បើសិនពួកគេរៀនមិនពូកែ មិនមានការងារ ឬមុខរបរល្អសម្រាប់ចិញ្ចឹមជីវិត អាចទទួលផលពីដើមត្នោតនេះបាន នៅ ២០ឆ្នាំ ទៅ ៣០ឆ្នាំខាងមុខ»។

សូមបញ្ជាក់ថា ដើមត្នោត មានសារៈប្រយោជន៍ជាច្រើន សម្រាប់ឱ្យមនុស្ស យកទៅកែច្នៃធ្វើជាសម្ភារៈ ប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ចំពោះសារៈប្រយោជន៍ជាច្រើនពីដើមត្នោត មានដូចជា៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសា និងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផង។ ផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខ។ ចំណែកឯផ្លែទុំ អាចយកទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់។ ទឹកត្នោតផ្អែម អាចធ្វើជាស្ករ ដែលបច្ចុប្បន្នបាននាំចេញទៅទីផ្សារអន្តរជាតិ។ ចំពោះស្លឹកត្នោត គេអាចយកទៅត្បាញធ្វើជាសម្ភារៈមួយចំនួនដូចជា មួក កន្ដ្រក កន្ទេល និងយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត។ រីឯដើមអាចយកទៅធ្វើជាទូក សាងសង់ផ្ទះ មានភាពរឹងមាំផងដែរ៕ ទួន សុផល

-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


