ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកហេតុផលមួយចំនួនទៅកាន់រាជរដ្ឋាភិបាល ដើម្បីឱ្យពិចារណាអំពីការពន្យាយកពន្ធលើអាជីវកម្មទេសចរណ៍បន្តទៀត ស្របពេលដែលអាជីវកម្មក្នុងវិស័យនេះ នៅមិនទាន់ដំណើរការល្អ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់កម្ពុជាថ្មីថា កន្លងមករាជរដ្ឋាភិបាល មានយន្តការបន្ធូរបន្ថយការលើកលែងបង់ពន្ធ ប្រចាំខែរបស់អាជីវកម្មទេសចរណ៍។ ប៉ុន្តែថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញប្រកាសថា «ប្រទេសបានបើកហើយ ការរិតត្បិតនានា ក៏បានដកចេញ ការហូរចូលភ្ញៀវទេសចរពីក្រៅប្រទេសជាបណ្តើរៗដែរ និងមានការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដូច្នេះក៏បញ្ឈប់នូវយន្តការលើកលែងពន្ធនេះ»។
ឆ្លើយតបនឹងប្រកាសនេះ លោកស្រី ឆាយ ស៊ីវលីន មើលឃើញថា ការហូរចូលភ្ញៀវទេសចរ ស្ថិតក្នុងកម្រិតមួយ ដែលមិនទាន់អាចចែកចាយដល់ការផ្គត់ផ្គង់នូវសេវាកម្មទាំងអស់នៅឡើយទេ។ សេវាកម្មមួយចំនួន នៅដេកដួល មិនទាន់ទទួលបានអត្ថប្រយោជន៍ពីភ្ញៀវទេសចរ ដែលហូរចូល ដោយបន្តជួបការលំបាកនៅឡើយ។
លោកស្រី បានស្នើដល់រាជរដ្ឋាភិបាល ពិចារណាបន្តយន្តការលើកលែងការបង់ពន្ធប្រចាំខែទៅដល់ប្រតិបត្តិករអាជីវកម្មទាំងអស់ ដើម្បីលើកទឹកចិត្តបន្តនិរន្តភាពអាជីវកម្ម បើមិនដូច្នេះ ពួកគេអាចបាក់ទឹកចិត្តបោះបង់ចោលមុខរបរ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សង្កត់ធ្ងន់ថា ចំពោះការបិទរបស់ប្រតិបត្តិករ ឬអាជីវកម្មទាំងអស់នេះ អាចប៉ះពាល់ដល់សេវាកម្ម ផលិតផលទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។ វិស័យទេសចរណ៍ គឺតម្រូវឱ្យមានសេវាកម្ម និងផលិតផលសម្បូរបែប ទើបអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តច្រើន បើពុំដូច្នេះ ភ្ញៀវទេសចរ នឹងទៅកាន់ប្រទេសដទៃជំនួសវិញ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានប្រាប់កម្ពុជាថ្មី នៅរសៀលនេះថា រាជរដ្ឋាភិបាល បានលើកលែងការយកពន្ធលើអាជីវកម្មគ្រប់ប្រភេទត្រឹមខែ មិថុនានេះ សម្រាប់ដំណាក់កាលទី១ ក្នុងឆ្នាំ ២០២២ ដើម្បីជួយសម្រាលបន្ទុកនៅក្នុងវិបត្តិកូវីដ-១៩។ ចំពោះការសម្រេចថា ដំណាក់កាលបន្ទាប់ ក្រោយខែមិថុនា បន្តពន្យាពេលលើកលែងពន្ធបន្ថែមទៀត ឬយ៉ាងណានោះ រាជរដ្ឋាភិបាល មិនទាន់សម្រេចនៅឡើយ ដោយរង់ចាំឱ្យផុតខែ មិថុនា នេះសិន។ សម្រាប់អាជ្ញាបណ្ណ ចំពោះអ្នកដែលបន្តសុពលភាព រាជរដ្ឋាភិបាល មិនគិតកម្រៃសេវានោះទេ ពោលគឺគិតសម្រាប់តែអ្នកស្នើសុំថ្មីប៉ុណ្ណោះ។ នេះជាការបន្ថែមរបស់លោក តុប សុភ័ក។
សូមបញ្ជាក់ថា កំណើនភ្ញៀវទេសចរ បានកើនឡើងជាលំដាប់ចាប់តាំងពីរាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩ បាន ១០០ភាគរយ។ ជាក់ស្តែងរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរ បានចេញកម្សាន្តនៅទូទាំងប្រទេសប្រមាណជាង ៣៦ម៉ឺននាក់ នៅសប្តាហ៍ទី៣នៃខែ មិថុនា ពោលគឺកើនឡើង ១១.៤៥ភាគរយ បើធៀបនឹងសប្តាហ៍កន្លងទៅ។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ១៩,៤៩៣នាក់៕ ទួន សុផល