ព័ត៌មានជាតិ
លោកស្រី ឆាយ ស៊ីវលីន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងក្លាយជាទ្រព្យដ៏សំខាន់សម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា
ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា វិសាលភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ មានទំហំធំជាងអាកាសយានដ្ឋានចាស់ ដែលអាចទទួលយន្តហោះធុនធ្ងន់-ធំ បានច្រើន ជាពិសេសអាចទទួលបានការហោះហើរដោយត្រង់ពីប្រទេសឆ្ងាយៗ ចូលកមកម្ពុជា កាន់តែកើនឡើង និងអាចមានកំណើនភ្ញៀវទេសចរកាន់តែច្រើនផងដែរ។ លោកស្រី បានគូសបញ្ជាក់ថា អាកាសយានដ្ឋាននេះ នឹងក្លាយជាទ្រព្យដ៏សំខាន់សម្រាប់អនាគតវិស័យទេសកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងដូច្នេះថា« ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ និងការអភិវឌ្ឍព្រលានយន្តហោះថ្មីៗជាបន្តបន្ទាប់នេះ នឹងជួយដល់វិស័យទេសចរណ៍ ព្រោះអាចទទួលបានការហោះហើរចូលបានច្រើន ដូច្នេះយើងនឹងមានកំណើនទេសចរ កាលណាមានកំណើនទេសចរ នឹងជួយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកបានច្រើន ពិសេសជួយជំរុញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានជាដើម»។
បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) ការអភិវឌ្ឍព្រលានយន្តហោះនេះ នឹងជួយដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ បង្កើតឱកាសការងារក្នុងស្រុក បង្កើនការផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការ ជាពិសេសបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧ លាននាក់ កើនឡើង ៤០៩% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣ លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ ម៉ឺននាក់ កើនឡើង ៥៨៦%។ អ្នកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា ទេសចរអន្តរជាតិចូលមកកម្សាន្តនឹងស្នាក់នៅកម្ពុជា ចន្លោះពី ៥ថ្ងៃ ទៅ ១០ថ្ងៃ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត ១ពាន់លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិនេះ បានសាងសង់លើផ្ទៃដីជាង ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ គ្រោងប្រកាសដាក់ឱ្យដំណើរការនៅពាក់កណ្តាលខែ តុលា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


