Connect with us

សេដ្ឋកិច្ច

ម៉ាស៊ីនផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ បានបើកដំណើរការសាកល្បង

បានផុស

នៅ

ម៉ាស៊ីនផលិតអគ្គិសនីដើរដោយធ្យូងថ្ម មានកម្លាំង ៣៥០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន ហ័រទាន ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានបើកដំណើរការសាកល្បងហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដំណើរការសាកល្បងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី​០៦​ ខែតុលា​ ឆ្នាំ២០២២​ ក្រោមអធិបតីភាពលោក ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​​ រ៉ែ​ និង​ថាមពល លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីជំនាញជាច្រើនទៀត ។

បើតាមមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលកម្ពុជា នឹងទទួលបានថាមពលអគ្គិសនីពីរោងចក្រដុតធ្យូងថ្មជាង​២ពាន់មេហ្គាវ៉ាត់នៅឆ្នាំ២០២៤ខាងមុខនេះ សម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច។

បច្ចុប្បន្ន​កម្ពុជា ​មាន​រោងចក្រ​ដុត​ធ្យូង​ថ្ម​របស់​ក្រុមហ៊ុន​ពីរ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ថាមពល​សរុប​ប្រមាណ ​៦៣៥​មេហ្គាវ៉ាត់ និង​រោងចក្រ​ចំនួន​បី​ទៀត ​កំពុង​មាន​ការ​សាងសង់​និង​រៀប​សាងសង់​ ដែល​មាន​ថាមពល​សរុប​ចំនួន​ ១៦៦៥​មេហ្គាវ៉ាត់ ដែលរោងចក្រ​ទាំង​នោះ មានទីតាំងនៅ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​កោះកុង ​និង​ឧត្តរមានជ័យ ហើយគ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២២​ ឆ្នាំ​២០២៣ ​និង​ឆ្នាំ​២០២៤ខាងមុខនេះ។ ​

តាម​របាយ​ការណ៍​របស់​ក្រសួង​រ៉ែ ​និង​ថាមពលបានឲ្យដឹងថា​ ប្រភព​ថាមពល​អគ្គិសនី​របស់​កម្ពុជារួម​មាន​វារី​អគ្គិសនី​ប្រមាណ ​៣៣​ភាគ​រយ​ស្ថានីយ​ដុត​ធ្យូង​ថ្ម​ប្រមាណ ​៣៣​ភាគរយថាមពល​នាំ​ចូល​ប្រមាណ ​២៥​ភាគរយ ​ប្រេង​ខ្មៅ​ និង​ម៉ាស៊ូត​ប្រមាណ ​៧​ភាគរយ និង​ថាមពល​កកើត​ឡើង​វិញ​ប្រមាណ​១,៣​ភាគរយ។

យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជានឹងលែងឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយ ធ្យូងថ្មបន្ថែមទៀតហើយ ចាប់ពីឆ្នាំ២០២២នេះតទៅ ដើម្បីរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។

លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ធ្លាប់បានមានប្រសាសន៍ថា ជាគោលនយោបាយ​របស់រាជរដ្ឋាភិបានកម្ពុជា គឺបញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀតហើយ ចាប់ពីឆ្នាំ២០២២នេះតទៅ ដោយផ្តោតទៅលើការប្រើប្រាស់ការឥន្ធនៈផូស៊ីលដែលជួយរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលកំពុងដំណើរការសាងសង់ គឺនៅតែបន្តដំណើរការដដែល៕ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម