Connect with us

សេដ្ឋកិច្ច

កម្ពុជា-ឥណ្ឌា ចុះ MoU លើកិច្ចសហប្រតិបត្តិការ​ទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន

បានផុស

នៅ

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NPCI International Payments Limited (NIPL) ឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់​ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ធនាគារជាតិកាលពីថ្ងៃទី ១៧ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមធនាគារជាតិនៃកម្ពុជា ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតជាក្រប​ខណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ប្រទេសទាំងពីរសិក្សា និងពិភាក្សាបន្ថែមលើផ្នែកបច្ចេកទេសពាណិជ្ជកម្មប្រតិបត្តិការ និងផ្នែកផ្សេងៗទៀត ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរ​ប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។

តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងសា្ថប័ន NIPL នឹងធ្វើការរួមគ្នាដើម្បីសិក្សាពីលទ្ធភាព ក្នុងការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ហើយលទ្ធផលនៃកិច្ច​សហប្រតិបត្តិការ​នេះ​ត្រូវបានជឿថា នឹងផ្តល់ជាធាតុចូលដ៏សំខាន់ សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។

ធនាគារជាតិ បានបញ្ជាក់ទៀតថា ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បណ្តាញផ្លូវការ សម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់​ឆ្លងដែនប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។

លើសពីនេះការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការ​ដ៏មានសក្តានុពលមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងរួមចំណែក​ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម