សេដ្ឋកិច្ច
កម្ពុជាមានវឌ្ឍនភាពល្អប្រសើរក្នុងការពង្រឹងតម្លាភាពថវិកា យោងតាមរបាយការណ៍របស់ ស្ថាប័នអន្តរជាតិ
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិនានាបានបង្ហាញការពេញចិត្តលើបញ្ហាតម្លាភាពថវិកាថាមានភាពល្អប្រសើរជាងមុនច្រើន តាមរយៈការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកា (Open Budget Survey – OBS)។
បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership – IBP) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤បានផ្តល់ការវាយតម្លៃខ្ពស់លើសន្ទស្សន៍ការអង្កេតលើការបើកចំហថវិការបស់ប្រទេសកម្ពុជា។

លោក មាស សុខសេនសាន ក៏ជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរនោះ បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃសុក្រនេះថា សមិទ្ធផលដ៏វិសេសវិសាលនេះនឹងជួយលើកស្ទួយមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ឱ្យកាន់តែជឿជាក់លើប្រព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កភាពងាយស្រួលដល់ការសម្រេចចិត្តនានា។
លោកបានថ្លែងបន្តទៀតថា៖«វឌ្ឍនភាពដ៏ល្អប្រសើរនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងរួមចំណែកក្នុងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ។ និន្នាការល្អក្នុងការលើកកម្ពស់តម្លាភាពថវិកា បានរួមចំណែកដោយកត្តាជាច្រើន ដែលក្នុងនោះកត្តាចម្បងគឺការផ្សព្វផ្សាយឯកសារថវិកាបានទាន់ពេលវេលា ជាមួយនឹងការពង្រឹងគុណភាពនៃខ្លឹមសារឯកសារថវិកា ឱ្យមានភាពគ្រប់ជ្រុងជ្រោយជាងមុន»។
លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងកម្មវិធីមួយថ្ងៃទី១១ខែមិថុនាកន្លងមកនេះថា កម្ពុជាសម្រេចបានលទ្ធផលសំខាន់ៗ ក្នុងការធានាអធិបតេយ្យភាពជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

លោកបានមានប្រសាសន៍ថា៖« ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់របស់ខ្លួន កសាងមូល ដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិសម្រាប់ការអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃពាណិជ្ជកម្មអន្តរជាតិដោយផ្អែកលើគោលការណ៍ពហុភាគីនិយម»។
លោកបានបន្ថែមថា ព្រះរាជាណាចក្របានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើង ដោយសារការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន ប្រឡាយ និងបណ្តាញអគ្គិសនី ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សជាបន្តបន្ទាប់។
លោក ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា កម្ពុជាកំពុងដើរលើផ្លូវឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
គួរបញ្ចាក់ផងដែរថា ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) កម្ពុជាបានចូលរួមការអង្កេតលើការបើកចំហថវិកា ដែលរៀបចំដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ និងប្រព្រឹត្តទៅជារៀងរាល់ ២ ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ មក ដែលកម្ពុជាទទួលបានលទ្ធផលជាច្រើន។
បើតាមក្រសួងសេដ្ឋកិច្ច ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាមានវឌ្ឍនភាពល្អ ក្នុងការរៀបចំ និងផ្សព្វផ្សាយឯកសារថវិកាសំខាន់ៗ ដោយបានផ្លាស់ប្តូរពីការរៀបចំយឺតយ៉ាវ មករៀបចំបានទាន់ពេលវេលា, ពីមិនបានផ្សព្វផ្សាយសម្រាប់ឯកសារមួយចំនួន មកផ្សព្វផ្សាយជាសាធារណៈ។

ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅលើគេហទំព័ររបស់ក្រសួងជាលើកដំបូង ដែលកន្លងមកក្រសួងធ្លាប់បានផ្សព្វផ្សាយត្រឹមតែខ្លឹមសារសង្ខេបប្រតិបត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


