ព័ត៌មានអន្ដរជាតិ
BYD ព្រមព្រៀងដាក់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១ ប៊ីលាន នៅតួកគី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD កាលពីថ្ងៃចន្ទ បានចុះកិច្ចព្រមព្រៀងជាមួយតួកគី ដើម្បីដាក់រោងចក្រផលិតតម្លៃ ១ ប៊ីលានដុល្លាររបស់ខ្លួននៅក្នុងប្រទេសនេះ ខណៈរថយន្តអគ្គិសនីចិនរងសម្ពាធពន្ធកាន់តែខ្លាំងឡើងៗពីគោលនយោបាយការពារនិយមរបស់លោកខាងលិច រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ។

ជាផ្នែកមួយនៃការពង្រីកផលិតកម្មក្រៅស្រុកចិន រោងចក្រ BYD នៅតួកគី រំពឹងថានឹងមានសមត្ថភាពផលិតរថយន្តប្រមាណ ១៥០ ០០០ គ្រឿង/ឆ្នាំ ដោយចាប់ផ្ដើមប្រតិបត្តិការនៅចុងបញ្ចប់ឆ្នាំ ២០២៦ និងផ្ដល់ការងារចំនួន ៥ ០០០ កន្លែង។
កិច្ចព្រមព្រៀងរវាងភាគីទាំង២ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន BYD លោក Wang Chuanfu និងប្រធានាធិបតីតួកគី លោក រ៉េហ្ស៊ីប តាយយីប អ៊ែរដូហ្គាន់ (Recep Tayyip Erdogan)។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោយលោកខាងលិចបង្កើនការកំណត់គោលដៅពន្ធ លើរថយន្តអគ្គិសនីនាំចូលពីចិន ដោយសំអាងថា រថយន្តចិនលក់ក្នុងប្រទេសរបស់ពួកគេក្នុងតម្លៃថោក ដោយសារមានជំនួយឧបត្ថម្ភធនពីរដ្ឋាភិបាល។
ក្រោមវិធានការបណ្ដោះអាសន្នរបស់សហភាពអឺរ៉ុប ដែលចូលជាធរមានកាលពីសប្ដាហ៍មុន រថយន្តអគ្គិសនីរបស់ BYD ដែលនាំចូលប្លុកពីចិន ត្រូវជាប់ការបង្កើនពន្ធប្រមាណ ១៧,៤ ភាគរយ។

យ៉ាងណាមិញ តួកគី គឺជាសមាជិកនៃសហភាពគយរបស់សហភាពអឺរ៉ុប ដែលមានន័យថា យានយន្តដែលផលិតនៅក្នុងប្រទេសនេះ និងនាំចេញទៅកាន់ប្លុក អាចរួចផុតពីការដាក់ពន្ធបន្ថែម។
ប៉ុន្តែគួរកត់សម្គាល់ថា ការដាក់រោងចក្រនៅតួកគីធ្វើឡើង ក្រោយរដ្ឋាភិបាលក្រុងអង់ការ៉ា បានចាត់វិធានការគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ខ្លួន ដោយដាក់ពន្ធបន្ថែម ៤០ ភាគរយ លើការនាំចូលរថយន្តពីចិន។
គេមើលឃើញផងដែរថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក កំពុងបង្កើនផលិតកម្មរបស់ខ្លួនក្រៅស្រុកចិនយ៉ាងរហ័ស ខណៈកាលពីខែឧសភា សហរដ្ឋអាមេរិកដាក់ពន្ធនាំចូល ១០០ ភាគរយ លើរថយន្តអគ្គិសនីចិន។
កាលពីថ្ងៃព្រហស្បតិ៍ BYD បានបើករោងចក្រផលិតក្នុងប្រទេសថៃ ដែលជារោងចក្រដំបូងនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុននេះ ក៏កំពុងរៀបចំផែនការសាងសង់រោងចក្រផលិតនៅម៉ិកស៊ិកផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


