ព័ត៌មានជាតិ
បារាំងប្តេជ្ញាក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា
រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទឹកស្អាត។

ក្នុងដំណើរទស្សនកិច្ចទៅកាន់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាព លោក ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត និង នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ស្តីពីភាពជាដៃគូកម្ពុជា-បារាំង សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកបានលើកឡើងថា AFD គឺជាដៃគូរដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍលើវិស័យមួយចំនួននៅកម្ពុជា ជាពិសេសវិស័យទឹកស្អាត។
លោកបានលើកឡើងថា ៖ «ការគាំទ្ររបស់បារាំងក្នុងវិស័យទឹកស្អាត មិនត្រឹមផ្តោតលើការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ។ គោលបំណងរបស់យើងគឺធានាថា សេវាទឹកស្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនោះ យើងក៏បាននិងកំពុងពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនផងដែរ»។

រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ក្នុងខែមេសា ឆ្នាំ២០២៤ និងគ្រោងចំណាយពេលសាងសង់៣៦ខែ ដោយប្រើថវិកាប្រមាណ២៥២លានដុល្លារអាមេរិក ក្នុងនោះ ២១០លានដុល្លារអាមេរិកជាកម្ចីសម្បទានពីទីភ្នាក់ងារ AFD និង៤២លានដុល្លារអាមេរិកជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សហភាពអឺរ៉ុបក៏បានអនុម័តផ្តល់ជំនួយឥតសំណងចំនួន១២លានអឺរ៉ូសម្រាប់គម្រោងនេះផងដែរ។
ជាមួយគ្នានេះដែរ លោក ហែម វណ្ណឌីបានលើកឡើងថាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងជាកាតាលីករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មជាដើម។
លោកថា៖«ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ»។

បើយោងតាមក្រសួងឧស្សាហកម្ម គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាខែងទាំង៣ដំណាក់កាល គ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៦០លានដុល្លារ ដែលនឹងបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតដែលកំពុងកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដំណាក់កាលទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ៩៨២.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ នឹងបន្ថែមសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមក្រសួង AFD ក៏ទើបបានអនុម័តជំនួយឥតសំណងចំនួន ២០០.០០០ អឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។ ក្រោយការសិក្សាសមិទ្ធិលទ្ធភាពនេះ កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ២៥លានអឺរ៉ូ គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ២០២៥៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


