ព័ត៌មានអន្ដរជាតិ
តើកំណើនភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ា ប៉ះពាល់ដល់សេដ្ឋកិច្ចសកលបែបណា?
ថ្ងៃទី ៧ តុលា ម្សិលមិញ ជាគំរប់ខួប១ឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនទៅលើរដ្ឋអ៊ីស្រាអែល ដែលបំផ្ទុះសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ន ដោយអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួននៅតំបន់ហ្គាហ្សា ក្នុងអ្វីដែលអ្នករិះគន់ហៅថាជាឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ខណៈជនជាតិប៉ាឡេស្ទីនប្រមាណជិត ៤២ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់គិតមកទល់ពេលនេះ។

១ឆ្នាំនៃភ្លើងសង្រ្គាមឥតស្រាកស្រាន្ត បានបង្កឱ្យមានការខាតបង់យ៉ាងមហាសាលទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងតំបន់ និងទូទាំងពិភពលោក។ ភាពសំខាន់នៃមជ្ឈិមបូព៌ា ដែលត្រូវបានចាត់ទុកថាជាច្រកយុទ្ធសាស្រ្តមួយសម្រាប់ចរន្តសេដ្ឋកិច្ចសកល ធ្វើឱ្យជម្លោះនៅតំបន់នេះក្លាយជាហានិភ័យសម្រាប់សេដ្ឋកិច្ច ហើយជាថ្មីម្ដងទៀត កំណើននៃភាពតានតឹងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ កំពុងតែបន្ថែមការព្រួយបារម្ភលើសេដ្ឋកិច្ចសកលដែលរងនូវភាពស្រពិចស្រពិលរួចស្រាប់ហើយ។
បច្ចុប្បន្ន ជម្លោះមានលើសពីអ៊ីស្រាអែល និងហាម៉ាស់នៅហ្គាហ្សា ដោយមានការវាយប្រហារឆ្លើយឆ្លងគ្នារវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាហ៍របស់ប្រទេសលីបង់កាន់តែកំរោល ខណៈការផ្លោងមីស៊ីលរាប់រយរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ដែលទាញការប្ដេជ្ញាសងសឹកឱ្យចាស់ដៃពីក្រុងតែវអាវីវ កាលពីសប្ដាហ៍មុន កំពុងបង្កើនក្ដីបារម្ភពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំទូទាំងតំបន់។
នោះហើយជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកល។ មជ្ឍិមបូព៌ា ត្រូវបានគេស្គាល់ថាជាតំបន់ផ្គត់ផ្គង់ប្រេងឆៅដ៏សំខាន់បំផុតមួយរបស់ពិភពលោក និងក៏ជាច្រកដឹកទំនិញតាមផ្លូវទឹកដ៏សំខាន់ និងជាយុទ្ធសាស្រ្តសម្រាប់ពាណិជ្ជកម្មសកល រួមមានច្រកសមុទ្រក្រហមដែលជាផ្លូវទំនិញអឺរ៉ុប-អាស៊ី និងច្រកសមុទ្រហ័រមូហ្ស (Hormuz) ដែលជាផ្លូវចេញចូលសម្រាប់ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសឈូងសមុទ្រពែក្ស។

កន្លងមក ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធយេម៉ែន ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ លើនាវាដឹកទំនិញស៊ីវិលនៅសមុទ្រក្រហមបានបង្កជាបញ្ហាសម្រាប់ពាណិជ្ជកម្មសកលរួចស្រាប់ទៅហើយ ដោយធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើនត្រូវផ្លាស់ប្ដូរផ្លូវដឹករបស់ខ្លួនដែលមានរយៈពេលវែង និងយូរជាងមុន ដើម្បីការពារសុវត្ថិភាព។ ការណ៍នេះ បានបណ្ដាលឱ្យថ្លៃដឹកជញ្ជូនឡើងថ្លៃ និងសកម្មភាពពាណិជ្ជកម្មរងនូវភាពយឺតយ៉ាវ ដែលជះឥទ្ធិពលដោយផ្ទាល់លើសេដ្ឋកិច្ចសកល ជាពិសេសកំណើនអតិផរណា។
កំណើនភាពតឹងនៅមជ្ឈិមបូព៌ានាពេលនេះ មានន័យថា ស្ថានការណ៍បែបនេះនឹងបន្តមាន ចំពេលដែលក្រុមហ៊ូធីប្ដេជ្ញាវាយប្រហារអ៊ីស្រាអែលដើម្បីគាំទ្រដល់ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន។ ជាមួយគ្នានោះ ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចនឹងក្លាយទៅជាធ្ងន់ធ្ងរ ចំពេលអ៊ីស្រាអែលប្ដេជ្ញាវាយប្រហារសងសឹកឱ្យ «ធ្ងន់ធ្ងរ និងចាស់ដៃ»។ គេមិនដឹងថា អ៊ីស្រាអែលនឹងកំណត់គោលដៅបែបណាលើអ៊ីរ៉ង់នោះទេ ប៉ុន្តែជម្លោះរវាងសត្រូវទាំង២ នឹងធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលកាន់តែរង្គុះរង្គើ ដោយអ្នកខ្លះព្រមានថា វានឹងបង្កការបិទច្រកសមុទ្រហ័រមូហ្ស និងការរំខានកាន់តែខ្លាំងនៅសមុទ្រក្រហម។
មានវិភាគខ្លះលើកឡើងថា អ៊ីស្រាអែលអាចនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ដែលការណ៍នេះបង្កការព្រមានពីសេដ្ឋវិទូពី «ហានិភ័យដែលអាចកើនមានភ្លាមៗ» លើតម្លៃប្រេងសកល។ បញ្ហានេះ នឹងជះឥទ្ធិពលជាអវិជ្ជមានលើបណ្ដាប្រទេសនាំចូលប្រេងទូទាំងពិភពលោក ដែលនឹងបង្កជាអតិផរណាខ្ពស់ ហើយជំរុញហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។

អ្នកវិភាគមួយចំនួនជឿថា ការបង្កើនផលិតកម្មប្រេងរបស់បណ្ដាប្រទេសក្នុងប្លុក OPEC+ និងរបស់សហរដ្ឋអាមេរិក អាចទប់ស្កាត់នូវការហក់ឡើងភ្លាមៗនៃតម្លៃប្រេង ប៉ុន្តែទោះបែបនេះក្ដី ជម្លោះមជ្ឈិមបូព៌ាទ្រង់ទ្រាយធំ អាចនឹងនាំឱ្យមានការរំខានរយៈពេលវែងនៅក្នុងទីផ្សារប្រេង។ តម្លៃប្រេងឆៅកាលពីសប្ដាហ៍មុន បានកើនឡើងជិត ៩ ភាគរយ ដែលវាជាកំណើនប្រចាំសប្ដាហ៍ដ៏ខ្ពស់បំផុត រាប់តាំងពីខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះមជ្ឈិមបូព៌ា។
ក្រៅតែពីបញ្ហាប្រេង ជម្លោះទ្រង់ទ្រាយធំក្នុងតំបន់ដដែល ក៏នឹងបង្កផលប៉ះពាល់ខ្លាំងផងដែរទាំងដោយផ្ទាល់ និងដោយប្រយោលទៅលើសេដ្ឋកិច្ចនៃបណ្ដាប្រទេសដែលមានពាណិជ្ជកម្មជាមួយមជ្ឃិមបូព៌ា ដោយវាអាចនឹងការកាត់បន្ថយការនាំចេញ ឬនាំចូលរបស់ប្រទេសទាំងអស់នោះ។
ការរំខានការនាំចូលពីមជ្ឃិមបូព៌ា ជាពិសេសវត្ថុធាតុដើម នឹងប៉ះពាល់ដល់ផលិតកម្មរបស់ប្រទេសដៃគូ ដោយបង្កភាពយឺតយ៉ាវ និងថ្លៃដើមផលិតជាដើម។ ជាមួយគ្នានោះ ការរំខាននៃផ្លូវដឹកជញ្ជូន ដែលរាំងស្ទះដល់តម្រូវការរបស់ប្រទេសនៅមជ្ឈិមបូព៌ា ក៏អាចប៉ះពាល់ដល់ប្រទេសនាំចេញសំខាន់ៗ ក្នុងលទ្ធភាពធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះស្ថិតក្នុងល្បឿនយឺតយ៉ាវ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


