ព័ត៌មានអន្ដរជាតិ
រដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Samsung រងការកាត់ទោសជាប់គុក ៥ ឆ្នាំ
សារព័ត៌មាន Azernews បានរាយការណ៍ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានជំរុញទាមទារឱ្យមានការផ្តន្ទាទោសនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ជុំវិញការចោទប្រកាន់ពីបទក្រឡុកភាគហ៊ុន និងការក្លែងបន្លំផ្សេងៗពាក់ព័ន្ធនឹងការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើសុំការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ លើលោក Lee Jae-yong នៅក្នុងបណ្តឹងឧទ្ធរណ៍របស់ខ្លួន លើសំណុំរឿងដ៏ចម្រូងចម្រាសជុំវិញការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung ។ យោងតាមអយ្យការ ករណីច្របាច់បញ្ចូលគ្នានេះ បានជួយពង្រឹងការគ្រប់គ្រងរបស់លោក Lee លើសាជីវកម្មរបស់ក្រុមហ៊ុន ដោយប្រើប្រាស់មធ្យោបាយខុសច្បាប់ផ្សេងៗ រួមទាំងការក្រឡុកតម្លៃទីផ្សារភាគហ៊ុន។
កាលពីខែកុម្ភៈ តុលាការសង្កាត់ក្រុងសេអ៊ូល បានសម្រេចថាលោក Lee Jae-yong គ្មានពិរុទ្ធជុំវិញការចោទប្រកាន់ពីបទក្លែងបន្លំគណនេយ្យ និងក្រឡុកភាគហ៊ុននោះទេ។ ប៉ុន្តែក្រោយមក ការិយាល័យរដ្ឋអាជ្ញាបានប្តឹងឧទ្ធរណ៍ ដោយអះអាងថា សេចក្តីសម្រេចដំបូងរបស់តុលាការមានកំហុស ដោយបន្តថា សកម្មភាពរបស់លោក Lee បានធ្វើឱ្យប៉ះពាល់ដល់ម្ចាស់ភាគហ៊ុន ធ្វើឱ្យប៉ះពាល់ដល់តម្លាភាពសាជីវកម្ម និងបំពានច្បាប់គ្រប់គ្រងសាជីវកម្មរបស់កូរ៉េខាងត្បូង។

គួរគូសបញ្ជាក់ផងដែរថា លោក Lee Jae-yong បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើនឆ្នាំមកហើយ។ លោកធ្លាប់បានរងការកាត់ទោសក្នុងរឿងអាស្រូវពុករលួយដ៏ធំ ដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ឱ្យជាប់ពន្ធនាគារក្នុងឆ្នាំ ២០១៧។ ប៉ុន្តែនៅឆ្នាំ ២០២២ លោក Lee បានទទួលការលើកលែងទោសពីប្រធានាធិបតី ដែលអនុញ្ញាតឱ្យលោកត្រឡប់ទៅកាន់តួនាទីដឹកនាំក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនសាជីវកម្មដ៏ធំបំផុតមួយរបស់ពិភពលោក។
គេមើលឃើញថា លទ្ធផលនៃបណ្តឹងឧទ្ធរណ៍របស់ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់លោក Lee និងពិភពសាជីវកម្មរបស់កូរ៉េខាងត្បូង។ ករណីនេះ បានទាក់ទាញការចាប់អារម្មណ៍ជាសកល ដោយសារតែក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនដ៏សំខាន់នៅក្នុងឧស្សាហកម្មផ្សេងៗដូចជាបន្ទះឈីប អេឡិចត្រូនិក និងទូរគមនាគមន៍ជាដើម៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


