ព័ត៌មានជាតិ
អ្នកជំនាញ៖ ការចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នឹងជួយឱ្យប្រទេសចំណូលមធ្យមសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់
ក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា សម្រាប់បណ្តាប្រទេស ចំណូលមធ្យមទាំងឡាយណាដែលចង់គេចផុតពីអន្ទាក់ប្រទេសចំណូលមធ្យមក្នុងការសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់ គឺតម្រូវឱ្យមានការលើកកម្ពស់នវានុវត្តន៍ តាមរយៈការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាដែលជាជន្ទុលនៃកំណើនសេដ្ឋកិច្ចថ្មី។

ថ្លែងក្នុងវេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាប្រចាំឆ្នាំ លើកទី៤៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យាទៅនឹងឱកាសទីផ្សារនៅកម្ពុជាកាលពីថ្ងៃទី២៤ ធ្នូ ដែលត្រូវបានរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.) នៃ MISTI បានលើកឡើងពីអំពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកបានលើកឡើងថា៖ “ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាមិនត្រឹមតែសំខាន់ទេ តែជាមូលដ្ឋានមួយគ្រឹះសម្រាប់ចក្ខុវិស័យអភិវឌ្ឍជាតិរបស់យើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានប្រទេសចំណូលមធ្យមជាង១០០ បានព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសចំណូលខ្ពស់ ដែលជាទូទៅត្រូវបានវាស់វែងដោយចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗប្រមាណ ១៤.០០០ ដុល្លារអាមេរិក។ ប៉ុន្តែ ប្រទេសមិនដល់ពាក់កណ្តាលទេដែលបានទទួលជោគជ័យ។ ប្រទេសភាគច្រើននៅជាប់ក្នុង ‘អន្ទាក់ប្រទេសចំណូលមធ្យម’។”
លោកបានបន្ថែមផងថា៖ “ភស្តុតាងនៃការស្រាវជ្រាវបានបង្ហាញថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការជម្នះ បញ្ហានេះ និងសម្រេចគោលដៅជាប្រទេសចំណូលខ្ពស់ គឺការលើកកម្ពស់នវានុវត្តន៍ តាមរយៈការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានេះតែម្តង។ ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើធនធានប្រេង ដូចអេមីរ៉ាតអារ៉ាប់រួម ក៏បានទទួលជោគជ័យក្នុងការប្រែក្លាយជាប្រទេសចំណូលខ្ពស់ តាមរយៈសមាហរណកម្មឧស្សាហកម្មដែលជំរុញដោយបច្ចេកវិទ្យា ទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ដែលបង្ហាញសកត្តានុពលដ៏ធំសម្បើមនៃការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា។”

សម្រាប់ការរៀបចំវេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យា ប្រចាំឆ្នាំលើកទី៤ ដែលផ្តោតលើ «ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យា ទៅនឹងឱកាសទីផ្សារនៅកម្ពុជា»ដែល វេទិកានេះគាំទ្រផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថាវេទិកាប្រចាំឆ្នាំនេះគឺជាការស្វែងយល់ដ៏សំខាន់អំពីយន្តការសម្រាប់ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានៅក្នុងបរិបទកម្ពុជា ដែលផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយ រួមមានប្រព័ន្ធនវានុវត្តន៍ជាតិ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។
លោកថា៖«ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកានេះ ដើម្បីចែករំលែកចំណេះដឹង, ផ្តល់ការណែនាំផ្នែកគោលនយោបាយ, ស្នើដំណោះស្រាយសម្រាប់បញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ យើងមានគោលបំណងលើកទឹកចិត្តកិច្ចសហការរវាងអ្នកចូលរួមទាំងអស់ និងជំរុញពួកគេឱ្យក្លាយជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនេះ»។

លោកបណ្ឌិតបានបន្ថែមថា ការយល់ដឹងអំពីការផ្ទេរបច្ចេកវិទ្យាពិតជាសំខាន់ណាស់ ព្រោះវាអាចផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍលទ្ធផលស្រាវជ្រាវរបស់ខ្លួន ទៅជាអាជីវកម្មដែលអាចធ្វើពាណិជ្ជកម្មនៅលើទីផ្សារ។
លោកបានគូសបញ្ជាក់ថា៖«តាមរយៈការលើកទឹកចិត្តនិស្សិតឱ្យស្វែងយល់ពីតម្រូវការឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា យើងអាចលើកស្ទួយនវានុវត្តន៍ការជំនាន់ថ្មី ដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច និងចូលរួមដោះស្រាយបញ្ហាទាំងក្នុងស្រុក និងអន្តរជាតិ។ ការរួមចំណែករបស់ពួកគេគឺជាកាតាលីករក្នុងការកសាងប្រព័ន្ធនវានុវត្តន៍ជាតិមួយដ៏រឹងមាំ និងអាចសម្រេចគោលដៅដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ វ.ប.ន. ឆ្នាំ២០២៣ របស់កម្ពុជា»។
វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាលើកដំបូងក្នុងឆ្នាំ២០២១ បានត្រួសត្រាយផ្លូវ ដោយស្វែងយល់អំពីសារៈសំខាន់នៃការផ្ទេរបច្ចេកវិទ្យា និងការកសាងក្របខណ្ឌគោលនយោបាយ។ វេទិកាលើកទី២បានផ្តោតលើការរៀបចំខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចាប់យកបច្ចេកវិទ្យា តាមរយៈការលើកទឹកចិត្តលើការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពសម្រាប់ឧស្សាហកម្ម ៤.០។ វេទិកាឆ្នាំ២០២៣បានកំណត់បញ្ហា និងឱកាសក្នុងប្រព័ន្ធធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យារបស់កម្ពុជា និងបង្ហាញគំរូជោគជ័យនៃការផ្ទេរបច្ចេកវិទ្យា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


