ព័ត៌មានជាតិ
ក្រុមហ៊ុន THACO AGRI បង្ហើបផែនការប្រវាស់ពូជគោអឺរ៉ុបឱ្យកសិករចិញ្ចឹម និងទិញចូលក្នុងតម្លៃសមស្រប
លោក ង្វៀន ង៉ុកអាន់ទូ អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួល ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន THACO AGRI បង្ហើបថា នៅចុងឆ្នាំ២០២៥ ខាងមុខនេះ ក្រុមហ៊ុនគ្រោងអនុវត្តគោលការណ៍ យកពូជគោរបស់ក្រុមហ៊ុនដែលនាំចូលមកពីអឺរ៉ុប ទៅប្រវាស់ឱ្យប្រជាកសិករចិញ្ចឹមតាមបែបគ្រួសារ ហើយទិញចូលមកវិញក្នុងតម្លៃមួយសមស្រប។

ក្នុងបទសម្ភាសដាច់ដោយឡែកជាមួយ «កម្ពុជាថ្មី» លោក ង្វៀន ង៉ុកអាន់ទូ បានឲ្យដឹងថា គោលការណ៍យកពូជគោរបស់ក្រុមហ៊ុនដែលនាំចូលមកពីអឺរ៉ុប យកទៅប្រវាស់ជាមួយប្រជាកសិករ គឺដើម្បីឱ្យកសិករយកទៅចិញ្ចឹមតាមបែបគ្រួសារ ហើយក្រុមហ៊ុននឹងទទួលទិញចូលវិញនៅក្នុងរយៈពេលកំណត់ណាមួយ។
លោក ង្វៀន ង៉ុកអាន់ទូ បានលើកឡើងថា៖ «គោដែលយកទៅប្រវាស់ជាមួយកសិករ មានអាយុចាប់ពី ៣ ខែ ៤ ខែ រហូតដល់ ១២ ខែ ព្រោះនៅក្នុងដំណាក់កាលនេះគោងាយស្រួលចិញ្ចឹម។ ក្រុមហ៊ុននឹងប្រមូលទិញពីប្រជាកសិករមកវិញ ដោយយកមកចិញ្ចឹមបំប៉នបន្ថែមរយៈពេល ២ ទៅ ៣ ខែទៀត ដើម្បីឱ្យគោធំធាត់ល្អ អាចចាប់លក់នាំចេញទៅទីផ្សារបាន»។

បើតាមលោក ង្វៀន ង៉ុកអាន់ទូ ផែនការនេះនៅកំពុងសិក្សានៅឡើយ ហើយអាចអនុវត្តជាផ្លូវការនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។
លោក ង្វៀន ង៉ុកអាន់ទូ បានបញ្ជាក់ថា ចង់ឱ្យផែនការនេះសម្រេចបាន ក្រុមហ៊ុនត្រូវឆ្លងកាត់ការចរចាតម្លៃជាមួយប្រជាពលរដ្ឋជាមុនសិន ដោយកំណត់ពីតម្លៃនៅពេលលក់ចេញ និងពេលទិញចូល តើស្ថិតក្នុងតម្លៃប៉ុន្មាន ដោយធ្វើយ៉ាងណាឱ្យសមស្របជាមួយស្ថានភាពជីវភាពរបស់ប្រជាកសិករ។ មួយវិញទៀតត្រូវពិនិត្យលើតំបន់ ថាតើប្រជាកសិករមានតំបន់ ឬក៏ចម្ការស្មៅ ដែលអាចចិញ្ចឹមបានប៉ុន្មានក្បាល ធ្វើយ៉ាងណាឱ្យតម្លៃដែលក្រុមហ៊ុនទិញចូលមកវិញ កសិករក៏ចំណេញ ហើយក្រុមហ៊ុនក៏ទទួលបានផលប្រយោជន៍ដូចគ្នា។

រាល់ពូជគោដែលក្រុមហ៊ុនយកទៅប្រវាស់ឱ្យប្រជាកសិករចិញ្ចឹម សុទ្ធសឹងតែមានទិន្នន័យច្បាស់លាស់ ទាំងប្រវត្តិគោ និងប្រភេទ ដែលបង្កភាពងាយស្រួលពេលប្រមូលទិញមកវិញ។ ខណៈដែលក្រុមហ៊ុនផ្តល់ពូជទៅចិញ្ចឹមអាចដឹងបានថា គោនោះជាប្រភេទពូជគោអ្វី មានឈាមប៉ុន្មាន% លើគោឈ្មោល និងប៉ុន្មាន% ទៅលើគោញី ប្រសិនគ្រប់លក្ខណៈគ្រប់ស្តង់ដារ ក្រុមហ៊ុននឹងធ្វើការទិញគោនោះត្រឡប់ចូលមកវិញ។
លោក ង្វៀន ង៉ុកអាន់ទូ បានបញ្ជាក់ថា ចំពោះគោលការណ៍គោដែលទិញចូលវិញ គឺត្រូវគិតពីគុណភាពសាច់ និងទម្ងន់ដែលជាទូទៅទម្ងន់កំណត់គឺចាប់ពី ៥០០ គីឡូ ឡើងទៅ។

ក្រុមហ៊ុន THACO AGRI ជាក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរយៈពេល ៥០ ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណជាង ១ ម៉ឺនហិតា ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ សម្រាប់វិនិយោគបង្កើតជាតំបន់ពហុកសិកម្មគំរូដែលមានដាំដុះដំណាំយុទ្ធសាស្រ្តចំនួនពីរមានដំណាំចេកលើផ្ទៃដីប្រមាណ ៣ ៧០០ ហិកតា និងដំណាំទុរេនលើផ្ទៃដីរាប់រយហិកតាផ្សេងទៀត រួមទាំងកសិដ្ឋានចិញ្ចឹមគោដែលនាំពូជពីបរទេសរាប់ម៉ឺនក្បាល៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


